Connect with us

ព័ត៌មានជាតិ

​ផ្លូវជាតិលេខ ៧ ពី​ស្គន់ទៅ​ក្រុង​កំពង់ចាម ​​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ជា​ផ្លូវការនៅថ្ងៃ ០៧ ខែ​កក្កដា ​ខាង​មុខ​​នេះ

បានផុស

នៅ

បើតាម​មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវជាតិលេខ៧ ពី​​ប្រជុំជន​ស្គន់ទៅ​ក្រុង​កំពង់ចាម គ្រោងសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ជា​ផ្លូវការនៅថ្ងៃទី ០៧ ខែ​កក្កដា ឆ្នាំ ២០២៦ ដែលគ្រោង​មាន​អ្នក​ចូលរួមប្រមាណ ៧ ពាន់នាក់។ នេះបើតាមលោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ដឹកនាំ​ដោយ​លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងធ្វើ​ពិធីប្រគល់-ទទួលគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបានពេញលេញ ១០០% តាមផែនការកំណត់។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៧ មានប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាផ្នែកមួយនៃបណ្តាញផ្លូវអាស៊ាន AH11​។

កំណាត់ផ្លូវជាតិលេខ ៧ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដោយធ្វើការពង្រីកពីផ្លូវ ២ គន្លង ទៅជា ៤ គន្លង ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការចរាចរណ៍ និងការដឹកជញ្ជូនកាន់តែច្រើន។

ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចក្នុងការត​ភ្ជាប់​តំបន់កណ្តាលទៅភាគឦសាននៃប្រទេស ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កសិ​ផល និងផលិតផលឧស្សាហកម្ម ព្រមទាំងរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច សង្គម និងការវិនិយោគនៅតាមបណ្តោយខ្សែផ្លូវ។

កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គ្រោងនឹងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម