ព័ត៌មានជាតិ
សណ្ឋាគារកំពូលៗលំដាប់ពិភពលោក កំពុងមានវត្តមានពង្រីកអាជីវកម្មនៅកម្ពុជា
ខណៈកម្ពុជាបានក្លាយជាគោលដៅវិនិយោគ និងការធ្វើទេសចរណ៍មកកម្សាន្ត គេឃើញមានសណ្ឋាគារលំដាប់កំពូលៗរបស់ពិភពលោកបានពង្រីកអាជីវកម្មផ្តល់សេវាបដិសណ្ឋារកិច្ច សម្រាប់ទទួលទេសចរមកទស្សនាប្រទេសកម្ពុជា។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាសណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមទុន ១៨០ លានដុល្លារអាមេរិក។ ក្រុមហ៊ុន ជីប ម៉ុង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ ហូថែល ខបភើរេស៊ិន កាលពីឆ្នាំ ២០១៦ ដើម្បីគ្រប់គ្រងដំណើរការសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានបើកដាក់ឲ្យដំណើរការសាកល្បងនៅដើមឆ្នាំ ២០២១ ជាមួយបន្ទប់ស្នាក់នៅសរុបចំនួន ២៤៧ បន្ទប់ ដែលបន្ទប់នីមួយៗត្រូវបានតុបតែងប្រកបដោយផាសុកភាព និងបរិក្ខារដ៏ប្រណិត។

សណ្ឋាគាររ៉ូសវ៉ូដ
សណ្ឋាគារ រ៉ូសវ៉ូដ វិនិយោគសាងសង់និងគ្រប់គ្រងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវឌ្ឍនៈប្រូផើធីកម្ពុជា ដែលមានទីតាំងនៅលើអគារវឌ្ឍនៈកាពីតាល់កម្ពស់ ៣៩ ជាន់ ស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ។
ដោយមានកម្ពស់ផុតពីផ្ទៃដី ១៨៨ ម៉ែត្រ សណ្ឋាគារនេះកាន់កាប់ជាន់កំពូលចំនួន ១៤ ជាន់ នៃអគារកញ្ចក់ Vattanac Capital Tower និងបានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១៧។

សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ
សណ្ឋាគារ Fairfield by Marriott Phnom Penh គឺជាគម្រោងសណ្ឋាគារលំដាប់អន្តជាតិទី ២ របស់ក្រុមហ៊ុនជីបម៉ុង គ្រុប បន្ទាប់ពីសណ្ឋាគារ Hyatt Regency Phnom Penh។
ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Marriott International ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យសណ្ឋាគារធំជាងគេមួយក្នុងពិភពលោក ក្រុមហ៊ុនជីប ម៉ុងបាននាំយកសណ្ឋាគារ Fairfield by Marriott ដំបូងគេនៅកម្ពុជា។
សណ្ឋាគារដ៏ប្រណីតនេះគ្របដណ្ដប់លើ ១៩ ជាន់ខាងលើនៃអគារជីប ម៉ុង ថៅវើ ដែលមានបន្ទប់ស្នាក់នៅស្ដង់ដារហូតដល់ទៅ ៣០០ បន្ទប់ ដែលអាចឲ្យភ្ញៀវគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញពីលើអាកាសរាប់រយម៉ែត្រ។
អ្វីដែលពិសេស សណ្ឋាគារស្ថិតនៅក្នុងអគារពាណិជ្ជកម្មចម្រុះអន្តរជាតិ មានផ្សារទំនើបប្រណីតរបស់ ជីប ម៉ុង រីថែល ការិយាល័យធ្វើការ ដែលជួយពង្រីកសក្ដានុពលរបស់សណ្ឋាគារនេះមួយកម្រិតទៀត។
សណ្ឋាគារ Fairfield by Marriot មានទីតាំងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្បែរស្ពានអាកាសប្រាំមករា និងបានបើកទទួលភ្ញៀវស្នាក់នៅនៅឆ្នាំ ២០២៣។

សណ្ឋាគារ Citadines Flatiron
ក្រុមហ៊ុនសណ្ឋាគារល្បីឈ្មោះ Ascott បានបើកដំណើរការបណ្តាញសណ្ឋាគាររបស់ខ្លួន Citadines Flatiron Phnom Penh កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលមានផ្តល់សេវាកម្មទាំងបន្ទប់អាផាតមិនជួល និងសណ្ឋាគារ។
Citadines Flatiron មាន ៣១៥ យូនីត ហើយមានទីតាំងនៅក្នុងអគារ Flatiron by Meridian ដែលជាគម្រោងអភិវឌ្ឍចម្រុះកម្ពស់ ៤១ ជាន់។
Citadines Flatiron ផ្តល់ជូននូវជម្រើសបន្ទប់ និងអាផាតមិនជាច្រើនពីយូនីតសណ្ឋាគារ ដែលមានបន្ទប់ប្រភេទស្ទូឌីយ៉ូ ១ បន្ទប់គេង ២ បន្ទប់គេង និង ៣ បន្ទប់គេងជាដើម។
វត្តមានរបស់ Citadines Flatiron Phnom Penh គឺជាការបោះជំហានការពង្រីកអាជីវកម្មជំនួញទី ៣ របស់ The Ascott Limited មកកាន់ប្រទេសកម្ពុជា បន្ទាប់ពី CASA Meridian Residences និង Somerset Norodom Phnom Penh។

សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ (Raffles Le Royal)
សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ជាសណ្ឋាគារដែលឥស្សរ:ជនល្បីៗនៅលើពិភពលោកជ្រើសជ្រើសរើសសម្រាប់ការស្នាក់នៅ រាល់ពេលធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា។ ក្នុងនោះមានតារាកំប្លែងជនជាតិអង់គ្លេស Charlie Chaplin ដែលប្រជាជនកម្ពុជានិយមហៅលោក សាកឡូ និងលោកស្រី Paulette Goddard អ្នកនិពន្ធរឿងជនជាតិអង់គ្លេស លោក William Somerset Maugham ប្រធានាធិបតីបារាំង លោកហ្សាល ដឺហ្គូល (Charles de Gaulle) ស្ត្រីទី ១ អាមេរិក លោកស្រី Jacqueline Kennedy ដែលជាភរិយារបស់ប្រធានាធិបតីអាមេរិកលោក John F Kennedy រួមទាំងអ្នកនិពន្ធប្រលោមលោកល្បីឈ្មោះជនជាតិបារាំងលោក Andre Malraux។
សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ មានឈ្មោះដំបូងគឺសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ដែលសាងសង់ឡើងនៅអំឡុងឆ្នាំ ១៩២៣-១៩២៤ នាសម័យអាណានិគមបារាំងដោយស្ថាបត្យករជនជាតិបារាំងលោក Ernest Hebrard ដែលមាន ៥៤ បន្ទប់ និងបានបើកឲ្យដំណើរការនៅក្នុងឆ្នាំ១៩២៩ ក្រោមព្រះរាជាធិបតីព្រះបាទស៊ីសុវត្ថិ មុនីវង្ស។

សណ្ឋាគារ ណូវ៉ូតែល (Novotel)
ណូវ៉ូតែលគឺជាសណ្ឋាគារដ៏ល្បីល្បាញ ស្ថិតនៅក្រោមក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិ Accor។
សណ្ឋាគារ Novotel ដែលពង្រីកជំនួញអាជីវកម្មនៅក្នុងប្រទេសកម្ពុជាមានពីរទីតាំងគឺនៅរាជធានីភ្នំពេញ និងមួយទៀតនៅក្រុងព្រះសីហនុ ។
លោក Garth Simmons ប្រធានផ្នែកប្រតិបត្តិការ (COO) របស់ក្រុមហ៊ុន Accor ទទួលបន្ទុកផ្នែកសណ្ឋាគារកម្រិតស្តង់ដារខ្ពស់ កម្រិតមធ្យម និងកម្រិតសមរម្យប្រចាំនៅតំបន់អាស៊ីថ្លែងនៅក្នុងឱកាសបើកសម្ពោធសណ្ឋាគារ Novotel Phnom Penh BKK 1 គឺជាពេលវេលាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ ដែលក្រុមហ៊ុនបាននាំយកប្រេន Novotel ដ៏ល្បីល្បាញមកបើកដំណើរការនៅក្នុងតំបន់មជ្ឈមណ្ឌលដ៏រស់រវើកនៅកណ្ដាលទីក្រុងភ្នំពេញ។
វត្តមានរបស់ Novotel បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការរួមចំណែកដល់ភាពរីកចម្រើននៃវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍នៅតំបន់អាស៊ី។

សណ្ឋាគារ Courtyard by Marriott
សណ្ឋាគារ Courtyard by Marriott គឺជាម៉ាកយីហោសណ្ឋាគារប្រណីតរបស់ក្រុមហ៊ុន Marriott International ដែលមានបទពិសោធន៍វិនិយោគវិស័យសណ្ឋាគារស្ទើរទូទាំងពិភពលោក។
សណ្ឋាគារនេះមានវត្តមានស្ទើរគ្រប់ប្រទេសនៅអាស៊ីមាននៅ ថៃ វៀតណាម សិង្ហបុរី និងនៅអឺរ៉ុបសរុបជាង ៤០ប្រទេស។ សណ្ឋាគារលំដាប់ថ្នាក់អន្ដរជាតិមួយនេះបានបើកដំណើរការនៅខេត្តសៀមរាប ខណៈនៅរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅផ្លូវកែងរវាងវិថីត្រសក់ផ្អែម និងរុក្ខវិថីសម្ដេចប៉ាន។

សណ្ឋាគារ «Shangri-La Phnom Penh»
សណ្ឋាគារ Shangri-La Phnom Penh គឺជាសណ្ឋាគារទីមួយរបស់ក្រុមហ៊ុន Shangri-La Group ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
សណ្ឋាគារ Shangri-La Phnom Penh ស្ថិតនៅក្នុងចង្កោមសំណង់អគារបីជាប់គ្នាជាមួយនឹងកម្ពស់កប់ពពកដល់ទៅ ២២៨ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅតំបន់កោះពេជ្រដែលជាតំបន់ពាណិជ្ជកម្មដ៏រស់រវើក។
The shangri-la Hotel ជាសណ្ឋាគារយីហោលំដាប់ពិភពលោក ដែលជាការវិនិយោគក្រោមការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Oxley-Gem (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្តរបស់ក្រុមហ៊ុនមេ Oxley Holdings Limited របស់សិង្ហបុរី និងក្រុមហ៊ុន World bridge របស់ឧកញ៉ា សៀ រិទ្ធី និងបានបើកឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤។

សណ្ឋាគារ Oakwood Premier
បន្ទាប់ពីបានបើកដំណើរការដោយជោគជ័យនៅទីក្រុងមែលប៊ន សេអ៊ូល តូក្យូ ក្វាងចូវ បាងហ្គាឡូ អ៊ីនឈុន តុងលូ និងហ្សាកាតា យីហោសណ្ឋាគារ Oakwood Premier បានឈានចូលប្រទេសកម្ពុជាជាមួយការបើកសម្ពោធ Oakwood Premier ភ្នំពេញ។
ស្ថិតនៅចំកណ្តាលនៃសង្កាត់ពាណិជ្ជកម្មនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ អចលនទ្រព្យនេះត្រូវបានសាងសង់ឡើងដើម្បីបង្កើនភាពទាក់ទាញនៃការរស់នៅដែលស័ក្តសមនឹងជីវិតទីក្រុងទំនើប។

សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភោគីត្រា
សូហ្វីតែល ភ្នំពេញ ភោគីត្រា (Sofitel Phnom Penh Phokeethra) មានទីតាំងស្ថិតនៅជាប់របងផ្សារទំនើប Aeon 1 គឺជាសណ្ឋាគារប្រណីតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ម៉ាកយីហោសណ្ឋាគារប្រេនកំពូលនេះ ត្រូវបានក្រុមហ៊ុនបដិសណ្ឋារកិច្ចបារាំង Accor កាន់កាប់ចាប់តាំងពីឆ្នាំ១៩៨០។
ក្រោមការបណ្តាក់ទុនពីវិនិយោគិនជនជាតិថៃ គិតមកដល់ត្រឹមឆ្នាំ ២០២៥ សណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ បានដំណើរការជាង ២៥ ឆ្នាំនៅកម្ពូជា។
ក្រៅពីនៅភ្នំពេញ សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រាមបានដំណើរការនៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោក៕

សណ្ឋាគារ TRIBE
TRIBE បានក្លាយជាសណ្ឋាគារយីហោ TRIBE ដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈវត្តមាននៅក្នុងប្រទេសកម្ពុជា។
បង្កើតឡើងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៧ យីហោសណ្ឋាគារ TRIBE នាំរសជាតិថ្មីមកកាន់ទីផ្សារកម្ពុជាឆ្លើយតបទៅអ្នកធ្វើដំណើរ ដែលចង់បានសណ្ឋាគារដែលមានរចនាប្លែកទំនើប និងឆ្លាតវៃ តែក្នុងតម្លៃសមរម្យ។
យីហោ TRIBE គឺជាផ្នែកមួយនៃក្រុមហ៊ុន Ennismore ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Accor ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២១។
សណ្ឋាគារ TRIBE Phnom Penh Post Office Square បោះទីតាំងនៅជិតប្រៃសណីយ៍ភ្នំពេញ និងម្ដុំវត្តភ្នំដែលមានបន្ទប់សរុបចំនួន ២៦០ បន្ទប់ រួមនឹងអាហារដ្ឋាន Skybar និងកន្លែងធ្វើការរួមគ្នា៕

-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


