Connect with us

ព័ត៌មានជាតិ

កម្ពុជាប្ដឹងទៅUN ឱ្យបញ្ឈប់ទង្វើថៃបំផ្លាញផ្ទះ ទ្រព្យពលរដ្ឋខ្មែរជាបន្ទាន់ ហើយផ្ដល់សំណងជូនជនរងគ្រោះ

បានផុស

នៅ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២៦ បានប្ដឹងទៅកាន់ស្ថាប័នចំណុះឱ្យអង្គការសហប្រជាជាតិទាមទារឱ្យជួយបញ្ឈប់ជាបន្ទាន់ទង្វើយោធាថៃបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌ បញ្ឈប់ទង្វើយោធាថៃហាមពលរដ្ឋខ្មែរចូលទៅរស់នៅក្នុងផ្ទះសម្បែងឡើងវិញ លួចទ្រព្យសម្បត្តិពលរដ្ឋខ្មែរនៅតំបន់មួយចំនួនក្នុងខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃ និងទាមទារឱ្យថៃផ្ដល់សំណងជូនពលរដ្ឋខ្មែររងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពាក្យបណ្ដឹងដែលប្តឹងទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គ.ស.ម.ក. ស្នើឱ្យយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពិនិត្យ និងដោះស្រាយជាបន្ទាន់ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការរំលោភបំពាន និង ការបំផ្លិចបំផ្លាញ ពីសំណាក់ប្រទេសថៃ លើសិទ្ធិមានលំនៅឋានសមរម្យនិងសិទ្ធិជាម្ចាស់ កម្មសិទ្ធិក្នុងប្រទេសកម្ពុជា។

គ.ស.ម.ក. ស្នើឱ្យមានការចូលរួមរវាងយន្តការអង្គការសហប្រជាជាតិ និងរដ្ឋពាក់ព័ន្ធនានា ក្នុងការបញ្ឈប់ ភ្លាមៗនូវការបណ្តេញចេញដោយបង្ខំ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការហាមឃាត់ការវិល ត្រឡប់ចូលលំនៅឋានវិញ ហើយថៃត្រូវតែដកកងកម្លាំងចេញពីទឹកដីកម្ពុជា បញ្ឈប់ជាបន្ទាន់នូវរាល់ការបំផ្លិចបំផ្លាញ លំនៅឋានស៊ីវិល និងធានាការវិលត្រឡប់វិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹកកម្ពុជា។

គ.ស.ម.ក. ទាមទារឱ្យយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវបញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្ដឹង និងរបាយការណ៍នានា ថាជាករណីមួយនៃការរំលោភ យ៉ាងធ្ងន់ធ្ងរលើសិទ្ធិមានលំនៅឋានសមរម្យ ដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ។

គ.ស.ម.ក. ស្នើឱ្យយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ជំរុញឱ្យប្រទេសថៃផ្តល់នូវការជួសជុលការខូចខាតនានាជូនដល់ជនរងគ្រោះកម្ពុជា ដូចជាការ ផ្តល់នូវសំណង និងការធានាមិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។

គ.ស.ម.ក សង្កត់ធ្ងន់ទៅកាន់យន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា៖«ភាពអសកម្ម និងយឺតយ៉ាវ ក្នុងការឆ្លើយតបចំពោះអំពើឈ្លានពានដ៏គឃ្លីនរបស់ប្រទេសថៃមកលើបូរណភាពទឹកដី និងប្រជាជនស៊ីវិលកម្ពុជា បាននិងកំពុងបំផ្លាញជំនឿទុកចិត្តលើប្រព័ន្ធការពារ សិទ្ធិមនុស្ស។ ក្នុងស្ថានភាពនេះ ភាពស្ងៀមស្ងាត់ មិនមែនជាអព្យាក្រឹតភាពទេ ប៉ុន្តែជាការអនុញ្ញាតឱ្យមាន និទណ្ឌភាព ភាពអយុត្តិធម៌ និងស្តង់ដាពីរ ដែលធ្វើឱ្យច្បាប់អន្តរជាតិបាត់បង់សុពលភាព និងគំរាមកំហែង ដល់សន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ពិភពលោក។»។

គ.ស.ម.ក. អំពាវនាវយ៉ាងទទូចឱ្យរាល់យន្តការ និងសហគមន៍អន្តរជាតិចាត់វិធានការយ៉ាង ម៉ឺងម៉ាត់បន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអាយុជីវិត សិទ្ធិសេរីភាពជាមូលដ្ឋាន និងសេចក្តី ថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា និងធានាឱ្យមានការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ ចំពោះអំពើ រំលោភបំពានទាំងឡាយដែលបង្កឡើងដោយកងកម្លាំងយោធាថៃ។

គួរគូសបញ្ជាក់ថា ក្រោយបទឈប់បាញ់ចូលជាធរមាននៅម៉ោង១២៖០០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ  កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពរាយបន្លាលួស ដាក់ទូរកុងតឺន័រ បំផ្លាញផ្ទះ ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌ មិន​ឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះ និងទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិលដូចជា លុយ ម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងផ្សេងទៀត នៅព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម