Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ផ្តល់​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធវីរយុទ្ធជនពលី

បានផុស

នៅ

កំពត ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយមានក្តីទុក្ខព្រួយជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។

ក្នុងដំណេីរនេះ លោក​ជំទាវបណ្ឌិត ថែម​ទាំង​បាន​ចូល​សួរសុខទុក្ខលោកយាយ របស់វីរកងទ័ពកំពុងឈរជេីងនៅព្រំដែន ដោយមានភ្ជាប់ជូននូវអំណោយជាថវិកា សម្ភារៈ​បរិក្ខារ និងគ្រឿងឧបភោគបរិភោគជូនលោកយាយ និងចៅស្រីដែលរស់នៅមេីលថែយាយផងដែរ។

ថ្នាក់​ដឹក​នាំ រួម​ទាំង​ប្រជាជនកម្ពុជាទាំងអស់សូមដឹងគុណ និង​ចងចាំ​នូវ​ពលីកម្ម​ដ៏​អង់​អាច​ក្លាហាន​របស់វីរយុទ្ធជនកម្ពុជាគ្រប់ៗរូបដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ ក៏ដូចជានាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។

គួរ​រំលឹក​ផង​ដែរថា កាលពីពេលថ្មីៗនេះ សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការ​ផ្តល់​អាហារូបករណ៍ដល់កូនៗបាន​សិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទាន​សាជាថ្មី ការ​ដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែម​ទាំង​មាន​ការ​គិតគូរ​បង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម