Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលា កសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាវត្តមានចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង“រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ” នៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ដែលជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និង ថ្នាក់អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ពិធីបញ្ចុះបឋមសិលា ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៦ គឺមានវិធីប្រុងពាលី , នមស្ការថ្វាយបង្គំព្រះ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ,ការថ្វាយដង្គំព្រះសម្មាសម្ពុទ្ធ , ការថ្វាយ-ប្រគេនចង្ហាន់ និង ទេយ្យទានដល់ព្រះសង្ឃ រួមមាន សម្ដេចជាអម្ចាស់ជាសង្ឃធិបតី ។ កម្មវិធីបន្ទាប់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែ និង អញ្ជើញបញ្ចុះបឋមសិលាជានិមិត្តរូប នៃការកសាងសារមន្ទីរឧដុង្គ។ ព្រះសង្ឃជយន្តោ ដឹកនាំដោយ សម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា , ការផ្សាយមេត្តាធម៌ ហើយលោកជំទាវបណ្ឌិត អញ្ជើញប្រគេនជូនចង្ហាន់ដល់ព្រះសង្ឃ សីលវន្ត សីលវតី។

គួរបញ្ជាក់ថា “រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ” ត្រូវបានកសាងឡើងនៅក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីជាសារមន្ទីរសម្រាប់តម្កល់នូវព្រះបដិមា ចម្លាក់ព្រះពុទ្ធប្បដិមាសិល្បៈខ្មែរគ្រប់សម័យកាល រូបព្រះពុទ្ធបាត និង ការពិពណ៌នា ព្រះបរមរូបសម្តេចព្រះមហាសង្ឃរាជ ព្រះបរមរូបសម្តេចព្រះសង្ឃនាយក អ្នកប្រាជ្ញពុទ្ធសាសនាខ្មែរ (មានព្រះសង្ឃ និង គ្រហស្ថ) ការតាំងបង្ហាញវត្ថុសក្ការៈ និង គ្រឿងប្រដាប់ប្រដាក្នុងព្រះពុទ្ធសាសនា គ្រឿងយសសម្រាប់សមណសក្តិគ្រប់ឋានានុក្រម គ្រឿងបរិក្ខារសម្រាប់សមណៈ គម្ពីរសាស្ត្រាក្បួនច្បាប់ខ្មែរ ឯកសារស្តីពីព្រះពុទ្ធសាសនា និង គ្រឿងប្រដាប់ជាច្រើនដូចដែលជាធម្មមរតកក្នុងព្រះពុទ្ធសាសនាខ្មែរ។

លើសពីនេះ សារមន្ទីរនេះ ក៏ជាសំណង់សិល្បៈស្ថាបត្យកម្មតាមរចនាបថខ្មែរ ដែលអនុញ្ញាតឲ្យកូនចៅខ្មែរបានឃើញ និង សិក្សាស្វែងយល់អំពីវិចិត្រកម្មដ៏ល្អឯក ប្រណិតភាព នៃប្រវត្តិសាស្ត្រជាតិ ដួងព្រលឹងជាតិ ជាពិសេសគឺរចនាបថសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្មែរនៅសម័យឧដុង្គ។

ការកសាងសារមន្ទីរនេះ មិនត្រឹមតែអនុញ្ញាតឲ្យកូនចៅខ្មែរបានឃើញ និង សិក្សាស្វែងយល់ពីរចនាបថសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនៅអតីតរាជធានីឧដុង្គប៉ុណ្ណោះទេ ថែមទាំងជាកន្លែងថែរក្សាមរតកវប្បធម៌ព្រះពុទ្ធសាសនា និង ផ្សព្វផ្សាយធម្មកេរមរតកបុរាណខ្មែររាប់ជំនាន់ ព្រះសង្ឃខ្មែរគ្រប់ជំនាន់ បានបន្សល់ទុកមកយ៉ាងច្រើន គួរជាទីមោទនភាព នៃប្រជាជាតិយើងទៅកាន់ពិភពលោក តម្កល់ជាឧត្តមប្រយោជន៍ដល់សាធារណជនជាតិ និង អន្តរជាតិ សិក្សាស្រាវជ្រាវស្វែងយល់ពីគុណតម្លៃព្រះពុទ្ធសាសនានៅកម្ពុជា និង ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌ព្រះពុទ្ធសាសនានៅកម្ពុជា ឲ្យកាន់តែមានភាពសំបូរបែបជាទីមនោរម្យ ប្រកបដោយចិត្តជ្រះថ្លា សោមនស្សរីករាយក្រោមបារមី នៃម្លប់ដ៏ត្រជាក់ត្រជុំ នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាសម័យមហាបវរធិបតី។

ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដោយបានកំណត់ថា សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។ ជាក់ស្តែង សម្តេចធិបតី រួមជាមួយ លោកជំទាវបណ្ឌិត តែងចូលរួមពិធីបុណ្យពុទ្ធសាសនា បរិច្ចាគទាំងទាន និង ថវិកា សម្រាប់គាំទ្រ និង ទ្រទ្រង់ពុទ្ធសាសនានៅគ្រប់ទីកន្លែងទូទាំងប្រទេស។ ជាទិដ្ឋភាពរួមវិញ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ស្ត្រីទីមួយកម្ពុជា ពិតឲ្យតម្លៃយ៉ាងធំធេងដល់សាសនាផ្សេងៗ ដោយធានាយ៉ាងម៉ឺងម៉ាត់ចំពោះសុខុដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម