Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យវឌ្ឍនភាពស្ថាបនាផ្លូវ ត្រៀមស្តារព្រែកអូរវែង មុនរដូវវស្សា

បានផុស

នៅ

កាលពី​ល្ងាច​ទី ២៨ ខែ​មករា ឆ្នាំ ២០២៦ រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ និង​លោក ឡុង ង៉ែត អភិបាល​រង​ខណ្ឌ អម​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​ទទឹង ១០ ម៉ែត្រ ស្រប​បណ្ដោយ​សងខាង​ព្រែក​អូរ​វែង និង​ការ​ត្រៀម​ដាក់​គ្រឿងចក្រ​ស្តារ​ព្រែក ដើម្បី​បង្ការ​បញ្ហា​ជំនន់​ទឹក មុន​រដូវវស្សា​ខាងមុខ​មក​ដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ចុះ​ពិនិត្យ​នោះ លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​លើ​ដំណើរការ​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​ដែល​កំពុង​ដំណើរការ​តាម​ផែនការ និង​បាន​ណែនាំ​ដល់​ក្រុមការងារ និង​អ្នកទទួល​សាងសង់ ឲ្យ​អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ធានា​គុណភាព សុវត្ថិភាព និង​គោរព​ពេលវេលា​កំណត់ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់។

លោក​អភិបាល​បាន​ឲ្យ​ដឹង​ថា​ ការស្ថាបនា​ផ្លូវ​ទទឹង ១០ ម៉ែត្រ​នេះ មាន​សារៈសំខាន់​យ៉ាងខ្លាំង ក្នុង​ការ​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខណ្ឌ​ឫស្សីកែវ សម្រួល​ដល់​ការធ្វើដំណើរ ការដឹកជញ្ជូន និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​មូលដ្ឋាន។ ជាពិសេស ការស្តារ​ព្រែក​អូរ​វែង គឺជា​វិធានការ​ចាំ​បាច់ ដើម្បី​បង្ការ​បញ្ហា​ទឹកជំនន់ និង​ធានា​លំហូរ​ទឹក​ឲ្យ​បាន​ល្អ ក្នុង​រដូវវស្សា​ខាងមុខ។

រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ នឹង​បន្ត​តាមដាន​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ឲ្យ​បាន​ជាប់​លាប់ ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម