ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ កំណត់របៀបបញ្ចេញសំរាមថ្មី ក្រោយបិទទីតាំងចាក់សំរាម ១ កន្លែង នៅតាមបណ្តោយផ្លូវជាតិ ៥
កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយតំណាងក្រុមហ៊ុនប្រមូលសំរាម ៨០០ ស៊ុបពើ និង មន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំង និង សម្រេចបិទទីតាំងបញ្ចេញសំរាម ១ កន្លែង ស្ថិតនៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិក សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីទីតាំងនេះបានបង្កផលប៉ះពាល់ដល់បរិស្ថាន អនាម័យ និង សោភ័ណភាពតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន។


ក្នុងឱកាសចុះពិនិត្យ និង បិទទីតាំងបញ្ចេញសំរាមនេះ លោកអភិបាលខណ្ឌឫស្សីកែវ មានប្រសាសន៍ថា ការសម្រេចលុបបំបាត់ទីតាំងបញ្ចេញសំរាមខាងលើ គឺជាវិធានការចាំបាច់ក្នុងការកែលម្អសោភ័ណភាពទីក្រុង បរិស្ថានស្អាត និង ធានាអនាម័យសាធារណៈ ឲ្យកាន់តែប្រសើរឡើង។ លោកបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់ នៃការបញ្ចេញ និង ប្រមូលសំរាម ឲ្យមានប្រសិទ្ធភាព គឺជាផ្នែកមួយក្នុងការរួមចំណែកធ្វើឲ្យមូលដ្ឋានមានភាពស្អាត និង របៀបរៀបរយ។


ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ សូមបញ្ឈប់ការយកសំរាមមកបោះចោលនៅទីតាំងដែលត្រូវបានបិទនេះបន្តទៀត ដើម្បីចៀសវាងការបង្កភាពកខ្វក់ និង ប៉ះពាល់បរិស្ថានជុំវិញ។


សម្រាប់ការរៀបចំបញ្ចេញសំរាមជំនួសវិញ រដ្ឋបាលខណ្ឌ បានកំណត់ពេលវេលាជាក់លាក់សម្រាប់ប្រជាពលរដ្ឋ។ ក្នុងនោះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រូវបញ្ចេញសំរាមនៅមុខផ្ទះ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៩ យប់ ដោយមានក្រុមហ៊ុន ៨០០ ស៊ុបពើ ទទួលបន្ទុកក្នុងការចេញប្រមូលសំរាមតាមពេលវេលាកំណត់។


ដោយឡែក សម្រាប់ប្រជាពលរដ្ឋរស់នៅតាមផ្លូវខាងក្នុង នៃទីតាំងដែលត្រូវបានបិទនេះ ត្រូវបញ្ចេញសំរាមមកខាងក្រៅ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៨ ព្រឹក ដោយមានរទេះសំរាមរបស់ក្រុមហ៊ុន ៨០០ ស៊ុបពើ ដាក់ប្រចាំការទទួលសំរាម។ ក្នុងករណីដែលមិនមានរទេះសំរាមប្រចាំទីតាំង ប្រជាពលរដ្ឋត្រូវរក្សាទុកសំរាមនៅតាមផ្ទះរៀងៗ ខ្លួន ជាបណ្តោះអាសន្ន រង់ចាំរហូតដល់មានរថយន្ត ឬ រទេះប្រមូលសំរាមមកដល់ ទើបអាចយកសំរាមចេញបាន។


តាមបណ្តោយផ្លូវជាតិលេខ ៥ ចាប់ពីស្តុប ៦៨ ផ្សារតូចទួលសង្កែ រហូតដល់ស្ពានព្រែកព្នៅ មានបរិមាណសំរាមត្រូវបញ្ចេញចន្លោះពី ៣៥ ទៅ ៤០ តោន ក្នុង ១ ថ្ងៃ ដែលទាមទារឲ្យមានការគ្រប់គ្រង និង ប្រមូលសំរាមប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាបាននូវសោភ័ណភាព និង បរិស្ថានល្អសម្រាប់សហគមន៍ទាំងមូល៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


