Connect with us

ព័ត៌មានជាតិ

សមិទ្ធផលធំៗជាច្រើន ត្រូវបានសម្រេចឡើងនៅខេត្តមណ្ឌលគិរី ឆ្នាំ ២០២៥

បានផុស

នៅ

សមិទ្ធផលធំៗជាច្រើនគម្រោង ត្រូវបានសម្រេចឡើងនៅក្នុងក្រុងសែនមនោរម្យ កំពុងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងបង្ហាញឱ្យឃើញពីដំណើរការអភិវឌ្ឍរបស់ខេត្តមណ្ឌលគិរី ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហៀ សុផាន អភិបាលក្រុងសែនមនោរម្យ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥ ក្រុងសែនមនោរម្យបានសម្រេចសមិទ្ធផលជាច្រើន ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងបម្រើសេវាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងនោះ រដ្ឋបាលក្រុងបានដំឡើងបង្គោលអំពូលភ្លើងសូឡាតាមដងផ្លូវ នៅសង្កាត់ទាំងបួន សរុបចំនួន ១,២៦៦ បង្គោល ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងបង្កើនសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់។

ចំពោះការអភិវឌ្ឍផ្លូវថ្នល់ បច្ចុប្បន្នក្រុងសែនមនោរម្យមានផ្លូវទើបអភិវឌ្ឍរួចថ្មីចំនួន ១០ ខ្សែ សរុបប្រវែង ៨,២៤៩ ម៉ែត្រ។ ក្នុងនោះ រួមមានផ្លូវបេតុងអា៧មករា ប្រវែង ៧៨៥ ម៉ែត្រ និងផ្លូវបេតុងចំនួន ២ ខ្សែទៀត ជាគម្រោងមូលនិធិក្រុង ប្រវែងសរុប ២៣៥ ម៉ែត្រ។ បន្ថែមពីនេះ ផ្លូវចំនួន ៧ ខ្សែ ជាគម្រោងមូលនិធិរបស់រដ្ឋបាលសង្កាត់ទាំងបួន មានផ្លូវបេតុងអាមេ ប្រវែង ២,០៧៩ ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហម ប្រវែង ៥,១៥០ ម៉ែត្រ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលក្រុងសែនមនោរម្យ បានសហការជាមួយអង្គការបូដាក ដែលជាដៃគូអភិវឌ្ឍ សាងសង់ប្រឡាយមុខទឹកនៅទំនប់សែនសុខដុម ដើម្បីគាំទ្រដល់ការគ្រប់គ្រងទឹក និងបរិស្ថាន។

លោកអភិបាលក្រុងបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរយៈពេល ១២ ខែ នៃឆ្នាំ២០២៥ ហើយរដ្ឋបាលក្រុងនឹងបន្តលើកទិសដៅការងារក្នុងឆ្នាំ២០២៦ បន្ថែមទៀត ដើម្បីបង្កើតសមិទ្ធផលថ្មីៗ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពក្រុង ដែលរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តមណ្ឌលគិរីបានកាន់តែច្រើន៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម