Connect with us

ព័ត៌មានជាតិ

ទុរេនម៉ាន់ថងមណ្ឌលគិរី ចូលរដូវប្រមូលផលហើយ មានរសជាតិផ្អែមឈ្ងុយ សាច់ក្រាស់ គ្រាប់តូច

បានផុស

នៅ

ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦នេះ កសិករនៅខេត្តមណ្ឌលគិរី បានចាប់ផ្តើមប្រមូលផលទុរេនពូជ «ម៉ាន់ថង» ជាបណ្តើរៗដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត បន្តលក់ទៅកាន់រាជធានីភ្នំពេញ។ ទុរេនប្រភេទនេះកំពុងទទួលបានការពេញនិយមពីអ្នកបរិភោគ ដោយសារមានរសជាតិផ្អែមឈ្ងុយបែបទឹកដោះគោ សាច់ក្រាស់ និងគ្រាប់តូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករលោក ចឹង ចន្ថា រស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» ថា ឆ្នាំនេះទិន្នផលទុរេនមានសភាពល្អប្រសើរ ដោយសារអាកាសធាតុអំណោយផល និងមានភ្លៀងធ្លាក់គ្រប់គ្រាន់ ដែលជួយឱ្យដំណាំលូតលាស់បានល្អ ខណៈបច្ចុប្បន្ននេះលោកកំពុងមមាញឹកប្រមូលផលទុរេនចាប់ពីដើមខែកក្កដានេះ។

លោកបញ្ជាក់ថា ចម្ការទុរេនរបស់លោកមានផ្ទៃដី ១២ ហិកតា ដាំទុរ៉េនសរុបប្រមាណ ១,២០០ ដើម ក្នុងនោះមានពូជឪខាក់ និងពូជម៉ាន់ថងសាច់ទឹកដោះគោ។ នេះជាឆ្នាំទី៤ហើយដែលចម្ការចាប់ផ្តើមផ្តល់ផល បន្ទាប់ពីការដាំដុះអស់រយៈពេល ៩ ឆ្នាំ។

លោកឱ្យដឹងថា ក្នុងចំណោមទុរេន ១,២០០ ដើម មានប្រមាណ ៨០០ ដើមកំពុងឱ្យផលដោយទិន្នផលជាមធ្យមប្រមាណ ១២០ គីឡូក្រាមក្នុងមួយដើម ឬប្រហែល ១០ តោនក្នុងមួយហិកតា។ ទោះបីទិន្នផលឆ្នាំនេះស្ថិតក្នុងកម្រិតល្អក៏ដោយ លោកជឿជាក់ថា ដើមទុរេននឹងផ្តល់ផលកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ ស្របតាមអាយុកាលរបស់ដំណាំ និងការថែទាំត្រឹមត្រូវតាមបច្ចេកទេសកសិកម្ម។

កសិករលោក ចឹង ចន្ថា

លោក ចន្ថា បន្តថា ទុរេនម៉ាន់ថងរបស់លោកកំពុងទទួលបានការគាំទ្រដោយមានអតិថិជនទាក់ទងមកកក់ទុកជាបន្តបន្ទាប់ ទាំងក្នុងខេត្ត និងរាជធានីភ្នំពេញ។ ក្រៅពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក៏មានអាជីវករជាច្រើនមកទិញដល់ចម្ការផ្ទាល់ ដើម្បីបេះតាមតម្រូវការ និងយកទៅលក់បន្ត។

សម្រាប់ប្រជាពលរដ្ឋដែលមានបំណងទទួលទានទុរេនម៉ាន់ថងសាច់ទឹកដោះគោ លោកនឹងលក់ជូនក្នុងតម្លៃសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានភ្លក់រសជាតិទុរេនក្នុងស្រុកដែលមានគុណភាព។ចម្ការរបស់លោកស្ថិតនៅក្រុងសែនមនោរម្យ ចម្ងាយប្រមាណ ១០០ ម៉ែត្រពីរង្វង់មូលគោព្រៃ ក្បែរផ្ទះលក់ឱសថស្ថាន «គោព្រៃ»។

លោក ចន្ថា ពន្យល់បន្ថែមថា ទុរេនមណ្ឌលគិរីតែងប្រមូលផលយឺតជាងបណ្តាខេត្តផ្សេងៗ ប្រមាណ ៣០ ទៅ ៤៥ ថ្ងៃ ដោយសារខេត្តនេះមានអាកាសធាតុត្រជាក់ សម្បូរភ្នំ និងទទួលបានទឹកភ្លៀងច្រើន ដែលធ្វើឱ្យផ្លែទុរេនទុំយឺតជាងតំបន់ដទៃ។

ក្នុងនាមជាកសិករដាំទុរេន លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី ឱ្យជួយគាំទ្រផលិតផលក្នុងស្រុក ជាពិសេសទុរ៉េនម៉ាន់ថងមណ្ឌលគិរី ដែលកំពុងចូលរដូវប្រមូលផល។ លោកបញ្ជាក់ថា ទុរេនទាំងនេះដាំដុះតាមបែបធម្មជាតិ ដោយយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកប្រើប្រាស់ និងលក់ក្នុងតម្លៃសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋបានភ្លក់រសជាតិទុរេនមណ្ឌលគិរី៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម