Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរីរកឃើញជំងឺគ្រុនឈាមកើនដល់ ៣៦៩ករណី ខណៈអាជ្ញាធរអំពាវនាវពលរដ្ឋបង្កើនវិធានការការពារ

បានផុស

នៅ

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានរកឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃជំងឺគ្រុនឈាម ដោយគិតមកទល់ពេលនេះ មានករណីអ្នកជំងឺសរុបរហូតដល់ ៣៦៩ករណី ដែលជាសញ្ញាបង្ហាញពីការរីករាលដាលគួរឱ្យព្រួយបារម្ភក្នុងរដូវវស្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន គឹមហេង អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា តាមទិន្នន័យប្រព័ន្ធតាមដានជំងឺគ្រុនឈាម គិតត្រឹមថ្ងៃទី៣០  ខែមិថុនា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលខេត្តនេះបានរកឃើញករណីជំងឺគ្រុនឈាមសរុបចំនួន ៣៦៩ ករណី កើន១០០ករណីបន្ថែមទៀតក្នុងសប្ដាហ៍២៦នៅឆ្នាំ២០២៦នេះ ក្នុងនោះមាន (ប្រុស៖ ១៨៦ ករណី និងស្រី៖ ១៨៣ ករណី)។

អ្នកកើតជំងឺគ្រុនឈាមទាំងនោះត្រូវបានរកឃើញនៅ មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីរកឃើញ ២៩៧ ករណី និងមន្ទីរពេទ្យស្រុកកោះញែកបានរកឃើញ ៧២ ករណី ក្នុងចំណោមអ្នកជំងឺនោះពុំទាន់មានករណីស្លាប់នោះទេ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ បាននិងកំពុងបានយកចិត្តទុកដាក់ព្យាបាល។

បើតាមលោក ប៉ែន គឹមហេង នៅទូទាំងខេត្តមានមណ្ឌលសុខភាពចំនួន ១៦ និងមន្ទីរពេទ្យចំនួន ២ ប៉ុណ្ណោះដែលមានសមត្ថភាពព្យាបាលជំងឺគ្រុនឈាម។ ដោយឡែក មណ្ឌលសុខភាពទាំង ១៦ មានតួនាទីពិនិត្យ និងបញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យសម្រាប់ការព្យាបាលបន្ត។

លោកបញ្ជាក់ថា អ្នកដែលកើតជំងឺប្រឈមខ្លាំងភាគច្រើនជា កុមារ និងយុវវ័យ (អាយុចន្លោះពី ៦ ដល់ ១៨ ឆ្នាំ)។ បន្ថែមពីនោះ កត្តាសំខាន់ដែលជំរុញឱ្យជំងឺគ្រុនឈាមកើនឡើង គឺដោយសារអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កឱ្យមានដក់ទឹកនៅតាមបរិវេណលំនៅឋាន ដែលជាកន្លែងបង្កាត់ពូជមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

ក្នុងនាមមន្ទីរសុខាភិបាលខេត្ត កំពុងបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយដល់មូលដ្ឋានប្រជាពលរដ្ឋ ឱ្យយល់ដឹងអំពីបំបាត់ជម្រកមូសខ្លា និងបន្តចែកថ្នាំអាបេតក្នុងពាងទឹក ជាងនេះទៅទៀតមន្ទីរក៏អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឱ្យចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះ  លុបបំបាត់ប្រភពដក់ទឹក និងអនុវត្តវិធានការការពារពីមូសខ្លាឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះសុខភាពកូនចៅ និងសមាជិកគ្រួសារ ជាពិសេសនៅពេលមានរោគសញ្ញាដូចជា៖ ក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសាច់ដុំ ឬមានអាការៈសង្ស័យជំងឺគ្រុនឈាម ត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម