Connect with us

នយោបាយ

សម្ដេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស ខេត្តស្វាយរៀង

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស ខេត្តស្វាយរៀង។ មានវត្តមានអមសម្តេចអនុប្រធានគណបក្សនាឱកាសនោះរួមមាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តស្វាយរៀងសរុបប្រមាណ ៣២១រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាកិច្ចចាប់ផ្ដើម ប្រធានគណៈចលនាមហាជនខេត្តស្វាយរៀង ប៉េង ពោធ៍សា បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀងនាឱកាសនេះ។

ជាមួយគ្នានេះ ប្រធានគណៈចលនាមហាជនខេត្តស្វាយរៀង បាន រាយការណ៍សង្ខេបអំពីស្ថានភាពទូទៅនៃការរៀបចំរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត និងវឌ្ឍនភាពការងារដែលគណៈចលនាមហាជនខេត្តសម្រេចបាន ជូនដល់គណៈអធិបតី និងអង្គពិធី។

មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចអនុប្រធានបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាធ្វើការថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់គណបក្សយ៉ាងសកម្ម និងផ្សព្វផ្សាយនូវស្ថានការណ៍ ការវិវឌ្ឍថ្មីៗ នៃនយោបាយទាំងក្នុង និងក្រៅប្រទេស ដែលបាន និងកំពុងជះឥទ្ធិពលមកលើសតិអារម្មណ៍មហាជន។

សម្ដេចបានគូសបញ្ជាក់ផងដែរថា ការងារ និងលទ្ធផលដែលគណបក្សអាចសម្រេចបាន គឺពិតជាបានមកពីការចូលរួមរបស់សមាជិក សមាជិកា ថ្នាក់មូលដ្ឋាន ដែលតែងតែកសាងជំនឿចិត្តជូនប្រជាជន រហូតទទួលជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់។

សម្តេចក៏បានធ្វើបច្ចុប្បន្នភាពសភាពការណ៍ជំលោះព្រំដែន កម្ពុជា-ថៃ ដោយសម្តេចបានរំលេចពីការយកចិត្តទុកដាក់ជាប្រចាំរបស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខកងទ័ព និងប្រជាជនកម្ពុជា។ ក្នុងន័យនេះ សម្តេចបានអំពាវនាវឱ្យគ្រប់រចនាសម្ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងសតិអារម្មណ៍មហាជនឱ្យបន្តជឿជាក់ និងគាំទ្រលើរាជរដ្ឋាភិបាល ហើយរួបរួមគ្នាថែរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ បូរណភាពកម្ពុជាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម