Connect with us

ព័ត៌មានជាតិ

ម្ចាស់ដេប៉ូ និងស្ថានីយ៍ប្រេងនៅខេត្តកោះកុង អះអាងថា មិនលួចលក់ដំឡើងថ្លៃប្រេងខុសគោលការណ៍នោះទេ

បានផុស

នៅ

តំណាងម្ចាស់ដេប៉ូ និងស្ថានីយ៍ប្រេងឥន្ទនៈនៅខេត្តកោះកុង អះអាងថា ពួកគេនឹងមិនលក់ប្រេងសាំងដំឡើងថ្លៃខុសគោលការណ៍ណែនាំរបស់ក្រសួងពាណិជ្ជកម្មនោះទេ ពោល គឺអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆឹង ដួងច័ន្ទរស្មី និងអ្នកស្រី សុខឃៀ ជាម្ចាស់ដេប៉ូ និងស្ថានីយ៍ប្រេងសាំងនៅស្រុកកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ថា បច្ចុប្បន្នពួកគេលក់ប្រេងសាំងទៅតាមអ្វីដែលក្រសួងពាណិជ្ជកម្មបានកំណត់ប៉ុណ្ណោះ មិនមានលួចដំឡើងថ្លៃលក់អ្វីឡើយ ករណីប្រសិនបើរកឃើញថា មានការលក់ថ្លៃ ពួកគេនឹងទទួលខុសត្រូវចំពោះមុខមន្រ្តីជំនាញសមត្ថកិច្ចពាក់ព័ន្ធ។ សាំងធម្មតាក្នុង ១លីត្រតម្លៃ៤៤០០រៀល ចំណែកប្រេងម៉ាស៊ូត តម្លៃ ៥១៥០រៀល។

តំណាងម្ចាស់ដេប៉ូ និងស្ថានីយ៍ប្រេងឥន្ទនៈនៅស្រុកកោះកុងដដែល បន្ថែមទៀតថា ប្រេងសាំងទើបតែនាំចូលស្តុកមិនទាន់ដាច់ស្តុកនោះទេ គ្រាន់តែតម្លៃលក់ចេញនឹងអនុវត្តទៅតាមការធ្វើបច្ចុប្បន្នតារាងរបស់ក្រសួងពាណិជ្ជកម្ម។ លើសពីនេះ ពួកគេមិនលក់ប្រេងសាំងសម្រាប់អ្នកយកធុងធំជាច្រើននោះទេ ពោល គឺចាក់ប្រេងសាំងសម្រាប់តែឡានតូចធំ ក្នុង១គ្រឿងបាន ២០ ទៅ៣០លីត្រប៉ុណ្ណោះ។

លោក ជា នី អនុប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈចំនួន៨ ក្នុងស្រុកស្រែំអបិល ស្រុកបូទុមសាគរ និងស្រុកកោះកុង កុំលួចដំឡើងថ្លៃប្រេងសាំងលើសពីគោលការណ៍របស់ក្រសួងពាណិជ្ជកម្មកំណត់។

លោក ជា នី គូសបញ្ជាក់ដែរថា ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់នៅក្នុងខេត្ត ត្រូវធានាបាននូវការគ្រប់គ្រង ហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលមានក្នុងស្តុកប្រេងឥន្ធនៈ។ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង ក៏អំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តល្អ ស្របតាមស្តង់ដា និងក្រុមប្រតិបត្តិ ដែលស្ថានីយលក់ប្រេងឥន្ធនៈ ជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្ត ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

អត្ថបទ៖សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម