Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ឱ្យពង្រឹងតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួង

បានផុស

នៅ

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការឡើងថ្លៃ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានណែនាំដល់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយទាំងអស់ត្រូវផ្គត់ផ្គង់ប្រេងទៅអតិថិជនឱ្យមានតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម ជាមួយការធានាគុណភាព បរិមាណ និងតម្លៃចំពោះអតិថិជន កុំកេងបន្លំទាំងតម្លៃ បរិមាណ និងគុណភាព ព្រោះការបន្លំទាំងនេះវានាំឱ្យប្រឈមទៅនឹងការពិន័យ និងឈានទៅដកហូតអាជីវកម្មតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌី រ៉ាដូ បានបញ្ជាក់ថា ចំពោះករណីម្ចាស់ស្ថានីយ ឬដេប៉ូចែកចាយណាដែលអស់ស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ដល់អតិថិជន ត្រូវជូនដំណឹងមកក្រុមហ៊ុនប្រេងឥន្ទនៈ ឬអាជ្ញាធរពាក់ព័ន្ធដើម្បីសម្របសម្រួល និងចែករំលែកទៅតាមលទ្ធភាពជាក់ស្ដែង។ ប៉ុន្តែម្ចាស់ស្ថានីយ ម្ចាស់ដេប៉ូចែកចាយប្រេងទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ចៀសវាងប្រព្រឹត្តផ្ទុយដូចជាការដំឡើងថ្លៃ និងមានប្រេងក្នុងស្តុកតែមិនលក់ ដែលនាំឱ្យប្រឈមទៅនឹងការផាកពិន័យ និងទោសទណ្ឌនៃច្បាប់ជាធរមាន។

លោកបានបញ្ជាក់ទៀតថា ដោយសារសភាពការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា នៃការផ្ទុះសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់ ជាងមួយសប្តាហ៍កន្លងមកនេះ បានបង្កឱ្យមានភាពជ្រួលច្របល់ថាប្រឈមនឹងកង្វះប្រេងឥន្ទនៈជាសកល។ ប៉ុន្តែគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ពុំមានខ្វះប្រេងទេ យើងអាចធានាប្រេងបានរយៈពេល២១ថ្ងៃ បើក្នុងករណីគ្មានការនាំប្រេងចូលទាំងស្រុង តែបច្ចុប្បន្នលំហូរប្រេងនាំចូលនៅបន្តចូលមកជាធម្មតា។

យោងតាមលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប គិតត្រឹមថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ នៅក្នុងខេត្តសៀមរាបមានស្ថានីយប្រេងឥន្ធនៈចំនួន៤៦៨ ក្នុងនោះមានស្ថានីយចំនួន១៧៧បានបិទបណ្តោះអាសន្ន៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម