ព័ត៌មានជាតិ
ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន និង បុណ្យដឹងគុណបឹងទន្លេសាប ឆ្នាំ ២០២៦ នៅសហគមន៍កំពង់ឃ្លាំង
ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ និង បុណ្យដឹងគុណបឹងទន្លេសាប ក្រោមប្រធានបទ «ទស្សនាភូមិភាគបៃតង នៃកម្ពុជា នៅសហគមន៍កំពង់ឃ្លាំង» ត្រូវបានប្រារព្ធឡើងជាផ្លូវការ នៅបរិវេណកំពង់ចម្លងទូកទេសចរណ៍ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ ថ្មីៗ នេះ ដើម្បីលើកកម្ពស់សក្ដានុពលទេសចរណ៍ធម្មជាតិនៅរដូវវស្សា (Green Season) បំផុសចលនាថែរក្សាបរិស្ថាន និង ជំរុញជីវភាពប្រជាសហគមន៍។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតសម្រាប់ខេត្តសៀមរាប ក៏ដូចជាស្រុកសូទ្រនិគម ជាពិសេសប្រជាសហគមន៍ក្នុងឃុំកំពង់ឃ្លាំង។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍទេសចរណ៍បៃតង ទេសចរណ៍សហគមន៍ និង ទេសចរណ៍ធម្មជាតិ ដែលជាវិស័យអាទិភាពមួយក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារ និង ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ព្រោះមិនត្រឹមតែបង្ហាញពីសម្រស់ធម្មជាតិដ៏សម្បូរបែប នៃរដូវកាលបៃតងនោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវការដឹងគុណ និង ការទទួលស្គាល់តម្លៃដ៏ធំធេងរបស់បឹងទន្លេសាប ដែលជាប្រភពជីវិត សេដ្ឋកិច្ច និង វប្បធម៌របស់ប្រជាជនកម្ពុជា។

លោក ង៉ូវ សេងកាក់ បន្តថា ខេត្តសៀមរាប ជាពិសេសតំបន់បឹងទន្លេសាប និង សហគមន៍កំពង់ឃ្លាំង គឺជាតំបន់ដែលមានសក្ដានុពលខ្ពស់ទាំងផ្នែកធម្មជាតិ វប្បធម៌ និង ទេសចរណ៍សហគមន៍។ ការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទឹក ប្រពៃណី វប្បធម៌ និង ធនធានធម្មជាតិដ៏សម្បូរបែប បានក្លាយជាអត្តសញ្ញាណពិសេស ដែលទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឲ្យមកទស្សនា និង សិក្សាស្វែងយល់។ យើងក៏ត្រូវទទួលស្គាល់ថា បញ្ហាបរិស្ថាន ដូចជាសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និង ការបាត់បង់ធនធានធម្មជាតិ គឺជាបញ្ហាប្រឈមធំមួយដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី។ ដូច្នេះ ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាវេទិកាសំខាន់មួយក្នុងការលើកកម្ពស់ការយល់ដឹង និង ជំរុញសកម្មភាពជាក់ស្ដែងក្នុងការថែរក្សាបរិស្ថានឲ្យបានយូរអង្វែង។ លោកក៏សូមអរគុណចំពោះក្រុមការងារ និង សមាគមទេសចរណ៍ក្នុងឃុំកំពង់ឃ្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា និង ធ្វើការសម្ដែងបានយ៉ាងល្អក្នុងការឆ្លុះបញ្ចាំងពីការងារអប់រំផ្សព្វផ្សាយបរិស្ថាន ក៏ដូចជាការបង្ហាញពីតម្លៃ នៃការប្រើប្រាស់ និង អភិរក្សជីវចម្រុះដ៏សម្បូរបែបនៅក្នុងតំបន់បឹងទន្លេសាប។ ហើយលោកក៏សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន សហគមន៍ វិស័យឯកជន យុវជន និង ប្រជាពលរដ្ឋទាំងអស់ បន្តរួមគ្នាថែរក្សាធនធានធម្មជាតិ និង បរិស្ថាន ឲ្យបានគង់វង្ស ដើម្បីឲ្យកម្ពុជា ជាពិសេសខេត្តសៀមរាប ក្លាយជាគោលដៅទេសចរណ៍បៃតងប្រកបដោយភាពទាក់ទាញ គុណភាព និង ចីរភាពសម្រាប់ពិភពលោក។

លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ គឺជា«ការនាំចេញនៅនឹងកន្លែង» ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងការគាំទ្រសេដ្ឋកិច្ចមូលដ្ឋាន និង ម៉ាក្រូសេដ្ឋកិច្ចជាតិ។ ពិតណាស់ សហគមន៍កំពង់ឃ្លាំង មានលក្ខណៈពិសេសដាច់គេលើ«ទេសចរណ៍អត្តសញ្ញាណជលផលប្រវត្តិសាស្ត្រ»។ ដូច្នេះដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ស្របតាមនិន្នាការអេកូទេសចរណ៍ ប្រជាសហគមន៍ និង អាជ្ញាធរទាំងអស់ ត្រូវរួមគ្នាសម្អាតបរិស្ថាន និង ធានាបដិសណ្ឋារកិច្ចឲ្យបានល្អ ព្រោះបើខ្វះអនាម័យ នឹងបាត់បង់គោលដៅទេសចរណ៍ដ៏មានតម្លៃនេះភ្លាមៗ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃនេះ ចាប់ពីថ្ងៃទី ២៦-២៧ ខែមិថុនា មានសកម្មភាពយ៉ាងសម្បូរបែប រួមមាន ក្បួនដង្ហែយានយន្តបរិស្ថាន ក្បួនដង្ហែតុក្កតាជើងគោកបឹងទន្លេសាប កម្មវិធីរត់កម្សាន្តដើម្បីសុខភាព និង ការប្រកួតល្បែងប្រជាប្រិយអ្នកចម្បាំងបឹងទន្លេសាប។ បន្ទាប់ពីកម្មវិធីផ្លូវការ នឹងមានការបន្តរៀបចំបុណ្យភូមិសហគមន៍ ផ្សាររាត្រីលក់ម្ហូបអាហារ និង ការសម្តែងល្ខោនបាសាក់ ដើម្បីញ៉ាំងឲ្យបរិយាកាសកាន់តែអធិកអធម និង សប្បាយរីករាយផងដែរ៕
អត្ថបទ ៖ គឿនវេត


-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


