Connect with us

ព័ត៌មានជាតិ

ដើមរដូវប្រមូលផល តម្លៃស្វាយចន្ទីបានខ្ពស់ ប៉ុន្តែទិន្នផលទាបដោយសារប្រែប្រួលអាកាសធាតុ

បានផុស

នៅ

ខេត្តរតនគិរី៖ កសិករដាំដុះស្វាយចន្ទី បានចាប់ផ្តើមប្រមូលផលជាបណ្តើរៗ ចាប់ពីខែមីនានេះតទៅ។ នៅដើមរដូវនេះ ឈ្មួញហ៊ានទិញក្នុងតម្លៃប្រហាក់ប្រហែល ៦,៥០០ រៀល/គីឡូ សម្រាប់គ្រាប់ស្វាយចន្ទីពូជ ខណៈគ្រាប់ស្វាយចន្ទីធម្មតាមានតម្លៃ ៥,០០០ រៀល។ តម្លៃនេះ ត្រូវបានទិញ-លក់នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថៃ ម៉ាយ ជាឈ្មួញទិញគ្រាប់ស្វាយចន្ទីនៅតាមភូមិ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី១៦ ខែមីនា ថា ការប្រមូលទិញគ្រាប់ស្វាយចន្ទីនេះ មានការកំណត់តម្លៃពីអ្នកទិញបន្ត ដោយលោកមិនហ៊ានទិញលើសពីតម្លៃនេះឡើយ ព្រោះព្រួយ​បារម្ភថា តម្លៃអាចធ្លាក់ចុះបន្ថែមនៅពេលលក់ចេញ ដែលអាចនាំឲ្យខាតបង់។ លោកបន្តថា នៅដើមរដូវប្រមូលផលនេះ ស្វាយចន្ទីពូជត្រូវបានទិញក្នុងតម្លៃ ៦,៥០០រៀលក្នុងមួយគីឡូ ខណៈស្វាយចន្ទីធម្មតាទិញក្នុងតម្លៃ ៥,០០០ រៀល។
បើតាមលោក ម៉ាយ កត់សម្គាល់ថា ការប្រមូលផលនៅដើមរដូវមិនសូវបានច្រើនទេ ហើយលោកទើបតែអាចទិញបានប្រមាណតែ ៣ បេប៉ុណ្ណោះ។

តម្លៃស្វាយចន្ទីនេះ អាចមានការប្រែប្រួលបន្តិចបន្តួច អាស្រ័យលើគុណភាព និងឈ្មួញនីមួយៗ។

ចំណែកអ្នកស្រី គី ជាអ្នកទទួលទិញគ្រាប់ស្វាយចន្ទី នៅស្រុកវើនសៃ បានឱ្យដឹងថា ខ្លួនទទួលទិញគ្រាប់ស្វាយចន្ទីពីប្រជាពលរដ្ឋក្នុងតម្លៃ ៥,២០០ រៀល ក្នុង ១ គីឡូក្រាម សម្រាប់ប្រភេទធម្មតា ខណៈដែលគ្រាប់ស្វាយចន្ទីពូជ មានតម្លៃ ៦,៤០០ រៀល ក្នុង ១ គីឡូក្រាមប៉ុណ្ណោះ។ អ្នកស្រីបញ្ជាក់ថា តម្លៃទិញនេះ មិនខុសពីឈ្មួញទិញតាមភូមិទេ ព្រោះត្រូវបានកំណត់ដោយដេប៉ូធំៗដែលទិញបន្ត។

លោក បាន សុខជា ជាកសិករដាំស្វាយចន្ទីស្ថិតនៅស្រុកវើនសៃ បានប្រាប់ថា លោកមានចម្ការស្វាយចន្ទីទំហំ ៣ ហិកតាកន្លះ ដែលកំពុងចាប់ផ្តើមទុំជាបន្តបន្ទាប់។ មកទល់ពេលនេះ លោកទើបលក់បានចំនួន ២ បេ ដែលក្នុង ១ បេ មានទម្ងន់ ៧០ គីឡូក្រាម ហើយទទួលបានប្រាក់សរុបជាង ១ លានរៀល។ លោកបន្តថា ការប្រមូលផលដើមរដូវឆ្នាំនេះ មានបរិមាណតិចជាងឆ្នាំមុន ដោយសារតែការប្រែប្រួលអាកាសធាតុ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់។

លោកបានពន្យល់ថា៖ «ឆ្នាំនេះ ភ្លៀងធ្លាក់២ ទៅ ៣ ដង បណ្តាលឲ្យផ្កាចន្ទីរុះរោយ និងជ្រុះទៅដីប្រហែលពាក់កណ្តាល ដែលធ្វើឲ្យទិន្នផលមិនដូចការរំពឹងទុក។ ផ្លែឆ្នាំនេះក៏មានបរិមាណតិចជាងឆ្នាំមុនផងដែរ។ កាលពីឆ្នាំមុន ខ្ញុំអាចរក​ចំណូល​បានប្រហែល ១៨ លានរៀល ប៉ុន្តែឆ្នាំនេះ ទំនងជាបានតិចជាង»។

គួរជម្រាបថា ស្វាយចន្ទី គឺជាដំណាំកសិឧស្សាហកម្មយុទ្ធសាស្ត្ររបស់កម្ពុជាដែលមានសក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយកម្ពុជាក៏ជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឆៅឈានមុខគេមួយលើពិភពលោក។ ស្វាយចន្ទីជាប្រភេទដំណាំអចិន្ត្រៃយ៍ ដែលធន់នឹងអាកាសធាតុ ងាយស្រួលដាំដុះ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញគោលនយោបាយជាតិដើម្បីជំរុញការដាំដុះ និងការកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម