Connect with us

ព័ត៌មានជាតិ

ចំបើងដែលធ្លាប់ទុកចោលនៅវាលស្រែ ត្រូវបានកសិករច្នៃជាវត្ថុធាតុដើមសម្រាប់បណ្តុះផ្សិត រកចំណូលច្រើនគួរសម

បានផុស

នៅ


ចំបើងដែលធ្លាប់តែត្រូវទុកចោលនៅកណ្តាលវាលស្រែ បន្ទាប់ពីការច្រូតកាត់ស្រូវ កំពុងក្លាយជាវត្ថុធាតុដើមដ៏មានតម្លៃសម្រាប់កសិករមួយចំនួន ក្នុងការបង្កើតមុខរបរបណ្តុះផ្សិតចំបើង ដើម្បីបង្កើនចំណូលគ្រួសារ ដោយមិនចាំបាច់ចំណាកស្រុកទៅរកការងារធ្វើនៅទីឆ្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករមួយរូបរស់នៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី បានប្រែក្លាយសំណល់ចំបើងក្រោយប្រមូលផលស្រូវ ឱ្យក្លាយជាមុខរបរមួយដែលអាចរកចំណូលជាប្រចាំ។ មុខរបរនេះមិនត្រឹមតែប្រើដើមទុនតិចប៉ុណ្ណោះទេ ថែមទាំងអាចធ្វើនៅផ្ទះ និងងាយស្រួលថែទាំផងដែរ។

លោក នន់ ឡា កសិករបណ្តុះផ្សិតចំបើង បានឱ្យដឹងថា លោក និងក្រុមគ្រួសារ បានចាប់ផ្តើមមុខរបរនេះអស់រយៈពេលប្រមាណ ៣ ឆ្នាំមកហើយ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលយក បទពិសោធន៍ពីអ្នកធ្លាប់ធ្វើ និងស្វែងយល់បន្ថែមតាមបណ្តាញសង្គម YouTube។

លោកបញ្ជាក់ថា ការបណ្តុះផ្សិតចំបើងចំណាយពេលប្រមាណ ១០ ទៅ ១២ ថ្ងៃ ទើបអាចប្រមូលផលបានម្តង។ ក្នុងមួយវគ្គ អាចទទួលបានទិន្នផលចន្លោះពី ១០០ ទៅ ២៥០ គីឡូក្រាម ខណៈផ្សិតស្រស់មានតម្លៃលក់នៅលើទីផ្សារចន្លោះពី ១៧,០០០ ទៅ ២០,០០០ រៀលក្នុងមួយគីឡូក្រាម ដែលអាចផ្តល់ចំណូលបន្ថែមដល់គ្រួសារបានគួរសម។

មានគោលដៅពង្រីកមុខរបរនៅថ្ងៃអនាគត កសិកររូបនេះស្នើសុំឱ្យមន្ទីរជំនាញ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយផ្តល់វគ្គបណ្តុះបណ្តាលបន្ថែម ព្រមទាំងឧបត្ថម្ភសម្ភារៈចាំបាច់ ដើម្បីពង្រឹងបច្ចេកទេសផលិតផ្សិត និងពង្រីកមុខរបរនេះឱ្យកាន់តែមានប្រសិទ្ធភាព។

លោក កែត សុភៀត មេភូមិ២ បានសម្តែងការគាំទ្រចំពោះការច្នៃប្រឌិតរបស់កសិករនេះ ដោយចាត់ទុកថា ជាមុខរបរមួយដែលជួយបង្កើនប្រាក់ចំណូល បន្ទាប់ពីបញ្ចប់ការងារធ្វើស្រែចម្ការ។ លោកអះអាងថា អាជ្ញាធរមូលដ្ឋានត្រៀមខ្លួនសម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ប្រសិនបើមានអង្គការ ឬស្ថាប័នណាមួយ ចុះមកបណ្តុះបណ្តាលបន្ថែមដល់សហគមន៍។

ដោយឡែក លោក ឡុច សិទ្ធី ប្រធានសហគមន៍កសិកម្ម «ពន្លឺកសិករ» បានឱ្យដឹងថា កន្លងមក សហគមន៍ធ្លាប់បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការបណ្តុះផ្សិតចំបើង ក្នុងនោះកសិករខ្លះបានយកទៅអនុវត្តជាក់ស្តែង ខណៈកសិករខ្លះពុំទាន់បានអនុវត្តនៅឡើយទេ។ ក្នុងន័យនេះ លោកជំរុញឱ្យកសិករយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាល មកអនុវត្តឱ្យបានជាក់ស្តែង ព្រោះមុខរបរនេះងាយស្រួលធ្វើ ប្រើដើមទុនមិនច្រើន និងអាចប្រើវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋាន ដូចជាចំបើងក្រោយប្រមូលផលស្រូវ។ ការបណ្តុះផ្សិតចំបើងមិនត្រឹមតែជួយកាត់បន្ថយការចំណាកស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារនៅក្នុងសហគមន៍ និងបង្កើនតម្លៃសំណល់កសិកម្មដែលធ្លាប់តែត្រូវបោះចោល។

គួរបញ្ជាក់ថា មុខរបរបណ្តុះផ្សិតចំបើង កំពុងក្លាយជាជម្រើសមួយសម្រាប់កសិករ បន្ទាប់ពីបញ្ចប់រដូវធ្វើស្រែចម្ការ។ ដោយគ្រាន់តែមានចំបើង មេផ្សិត និងកន្លែងសមស្របសម្រាប់ថែទាំ កសិករអាចផលិតផ្សិតសម្រាប់បរិភោគក្នុងគ្រួសារ និងលក់ផ្គត់ផ្គង់ទីផ្សារ បង្កើតប្រាក់ចំណូលបន្ថែម និងលើកកម្ពស់ជីវភាពគ្រួសារ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម