ព័ត៌មានជាតិ
វេទិកា «សហគ្រិនមហាវិទ្យាល័យ» បើកឱកាសឱ្យនិស្សិតខេត្តរតនគិរី ឈោងចាប់ក្តីស្រមៃជាសហគ្រិនជំនាន់ថ្មី
និស្សិតប្រមាណ ១៥០នាក់ មកពីឆ្នាំសិក្សាទី១ ទី២ ទី៣ និងទី៤ នៃវិទ្យាស្ថានពហុបច្ចេកទេសអាស៊ី កម្ពុជា(CAPI) បានចូលរួមកម្មវិធី «សហគ្រិនមហាវិទ្យាល័យ រដូវកាលទី៤» ដែលរៀបចំឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញស្មារតីសហគ្រិនភាព បណ្តុះគំនិតអាជីវកម្ម និងបង្កើនឱកាសឱ្យយុវជនអាចអភិវឌ្ឍខ្លួនទៅជាសហគ្រិននាពេលអនាគត។

កម្មវិធីនេះមានការចូលរួមពីលោក សំ ប៊ុនថន នាយកវិទ្យាស្ថានពហុបច្ចេកទេសអាស៊ី-កម្ពុជា លោក ពក បញ្ញាពេជ្រ ប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សហគ្រិនភាព នៃសហគ្រិនខ្មែរ (Khmer Enterprise) លោក វ៉ាន់ និមល នាយករងវិទ្យាស្ថាន ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតជាច្រើនរូប។
លោក សំ ប៊ុនថន បានថ្លែងថា វិទ្យាស្ថានពហុបច្ចេកទេសអាស៊ី-កម្ពុជា ដែលបង្កើតឡើងនៅឆ្នាំ២០១៧ បានខិតខំអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ លោកបានលើកទឹកចិត្តឱ្យនិស្សិតហ៊ានគិត ហ៊ានអនុវត្ត និងចាប់យកឱកាសពីកម្មវិធីប្រកួតប្រជែងសហគ្រិនភាព ដើម្បីអភិវឌ្ឍគំនិតអាជីវកម្មរបស់ខ្លួនឱ្យក្លាយជាការពិត។
លោកបន្តថា កម្មវិធីនេះមិនត្រឹមតែផ្តល់ឱកាសឱ្យនិស្សិតបង្ហាញគំនិតអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយឱ្យពួកគេទទួលបានការគាំទ្រ និងឱកាសអភិវឌ្ឍគម្រោងបន្តទៅថ្ងៃអនាគត។ ជាពិសេស និស្សិតជនជាតិដើមភាគតិចនៅខេត្តរតនគិរី ក៏អាចប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើតអាជីវកម្មដែលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងសង្គមជាតិ។
ជាមួយគ្នានេះ លោក ពក បញ្ញាពេជ្រ បានបញ្ជាក់ថា ការបណ្តុះស្មារតីសហគ្រិនភាពដល់យុវជន គឺជាផ្នែកសំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ការបង្កើតមុខរបរ និងការងារថ្មីៗនៅកម្ពុជា។ លោកក៏សង្ឃឹមថា និស្សិតនៅខេត្តរតនគិរីនឹងអាចអភិវឌ្ឍផលិតផល និងសេវាកម្មដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេសនាពេលអនាគត។
ដោយឡែក លោក វ៉ាន់ និមល បានលើកឡើងអំពីសារៈសំខាន់នៃការច្នៃប្រឌិត នវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជា AI និងគម្រោងសហគ្រិនភាពបៃតង ក្នុងការបង្កើតដំណោះស្រាយថ្មីៗសម្រាប់សហគមន៍។ លោកបានជំរុញឱ្យនិស្សិតខិតខំអភិវឌ្ឍសមត្ថភាព និងជំនះឧបសគ្គនានា ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍខេត្តរតនគិរី។

ការប្រកួតសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៤ នឹងផ្តល់ឱកាសដល់និស្សិត និងសិស្សានុសិស្សបង្ហាញគំនិតអាជីវកម្ម និងផលិតផលច្នៃប្រឌិតរបស់ខ្លួន ដើម្បីប្រកួតប្រជែងយកជ័យលាភី និងទទួលបានការគាំទ្រសម្រាប់ការអភិវឌ្ឍគម្រោងបន្ត។ កម្មវិធីនេះត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់បណ្តុះអ្នកសហគ្រិនជំនាន់ថ្មី និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តរតនគិរី និងកម្ពុជាទាំងមូល៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


