Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន កំពុងប្រមូលផលស្វាយចន្ទី ខណៈមានទីផ្សារល្អនៅឆ្នាំ២០២៦នេះ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ៃលិន ៖ ស្វាយចន្ទីជាដំណាំឧហ្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ ដែលឃើញមានភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កោះកុង។ ដំណាំស្វាយចន្ទីក៏មានការដាំដុះ នៅតាមតំបន់វាលទំនាប មិនលិចទឹកផងដែរ ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប ។

បើតាមលោក អ៊ឹម សុភឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងនៅថ្ងៃនេះថា ទីផ្សារគ្រាប់ស្វាយចន្ទី គឺមានភាព ល្អប្រសើរឡើង សម្រាប់កសិករបន្ទាប់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានយន្តការចងក្រងកសិករឱ្យក្លាយទៅជាសហគមន៍កសិកម្ម ។ លោកបន្តថា ការរៀបចំឱ្យមានយន្តការនេះ ដើម្បីឱ្យកសិករ អ្នកផលិត មានអំណាចលក់ផលិតផល និងចរចាតម្លៃ ជាមួយក្រុមហ៊ុន និងឈ្មួញដែលប្រមូលទិញ ប្រសិនបើយើងលក់ជាលក្ខណៈទីផ្សារសេរី យើងអត់អាចកំណត់តម្លៃនៅក្នុងទីផ្សារបានទេ។

ជាក់ស្តែងនៅឆ្នាំនេះ កសិករ ដែលកំពុងប្រមូលផលគ្រាប់ស្វាយចន្ទី លោក ឌុក ពុំ រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា លោកបានដាំស្វាយចន្ទីលើផ្ទៃដី ៥ហិចតាកន្លះ និងដើមជាង១២០០ដើម និងបានប្រមូលផលចំនួន៣ឆ្នាំហើយ។ លោកបន្តថា ឆ្នាំនេះគ្រាប់ស្វាយចន្ទីស្រួលលក់ និងមានទីផ្សារល្អ ព្រោះនៅក្នុងខែមីនា មួយគីឡូក្រាមគ្រាប់សើម មានតម្លៃជាង៧.០០០រៀល និងអាចមានតម្លៃល្អលើសនិងទៀត។ ចំណែកឯ លោក សរ វែង មន្រ្តីបច្ចេកទេសកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន បានសំណូមពរអោយបងប្អូនប្រជាកសិករប្រមូលផលផ្លែចន្ទីអោយបានត្រឹមត្រូវតាមស្តង់ដា ដោយត្រូវទុកអោយផ្លែចន្ទីនោះទុំល្អធ្លាក់មកលើដីទើបជាការល្អ ជាជាងការបេះទម្លាក់ពីលើដើម។

សូមបញ្ជាក់ថា តបតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញពាក់ព័ន្ធនៅខេត្តប៉ៃលិនបានខិតខំប្រឹងប្រែងទំនាក់ទំនង និងបើកកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូក្នុងស្រុក សំដៅលើកស្ទួយវិស័យកសិកម្ម ឱ្យរីកចម្រើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ 

យោងតាមទិន្នន័យរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថាផ្ទៃដីដាំដំដុះដំណាំកសិកម្មក្នុងខេត្តមានចំនួន៤៨៣១៦ ហិចតា ក្នុងនោះមាន ដំណាំ មៀនប៉ៃលិន ស្វាយកែវរមៀត កៅស៊ូ ពោតក្រហម ដំឡូងមី ដោយឡែកផ្ទៃដីដាំដំណាំស្វាយចន្ទីមានចំនួន២៧៤២ហិចតា ដែលអាចប្រមូលផលបាន១៧៨២ ហិចតាផងដែរ៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម