ព័ត៌មានជាតិ
ប្រតិកម្មជុំវិញសារព័ត៌មាន WSJ ប្រើពាក្យថ្មី “Scambodia” បែបចំអកឡកឡឺយជាពាក្យទទួលឥទ្ធិពលពីថៃ
មន្រ្តីរដ្ឋាភិបាល អ្នកជំនាញ និងប្រជាពលរដ្ឋខ្មែរមួយចំនួន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះកាសែត The Wall Street Journal (WSJ) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាស្ថាប័នព័ត៌មានល្បីល្បាញជុំវិញពិភពលោក ព្រោះបានប្រើពាក្យថ្មីមួយនៅក្នុងអត្ថបទរបស់ខ្លួនដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅកម្ពុជា។

ក្នុងអត្ថបទស៊ើបអង្កេតដែលមានចំណងជើងថា «How Cybercrime Became a Leading Industry in ‘Scambodia’» ដែលបានបង្ហោះលើគេហទំព័រ WSJ មិនបានប្រើឈ្មោះប្រទេសកម្ពុជា “Cambodia” ត្រឹមត្រូវនោះទេ ប៉ុន្តែបានប្រើពាក្យ “Scambodia” ជំនួសវិញ។ ពាក្យនេះត្រូវបានយល់ថា សំដៅទៅលើប្រទេសកម្ពុជា ជាប្រទេសដែលពោរពេញដោយការឆបោកតាមអនឡាញ ហើយបានបង្កឱ្យមានប្រតិកម្មខ្លាំងពីសាធារណជន ដែលចាត់ទុកថា ជាការប៉ះពាល់ដល់កិត្តិយស មុខមាត់ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាទាំងមូល។ អត្ថបទស៊ើបអង្កេតនេះ ត្រូវបានសហការសរសេរដោយអ្នកសារព័ត៌មានបរទេសពីររូប ក្នុងនោះមានម្នាក់មានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការយកឈ្មោះប្រទេសដែលមានអធិបតេយ្យភាព មកភ្ជាប់ជាមួយបញ្ហាឧក្រិដ្ឋកម្មសកល គឺមានលក្ខណៈបង្កឱ្យមានការរើសអើងចំពោះប្រទេសនោះ។ លោកបានបន្ថែមថា ឈ្មោះប្រទេសគឺជាអត្តសញ្ញាណ និងជាមោទនភាពរបស់ជាតិ ដូច្នេះការប្រើប្រាស់សំណេរបែបនេះ គឺជាការប្រមាថដល់កិត្តិយសជាតិ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជានៅលើឆាកអន្តរជាតិ។ លោកសង្កត់ធ្ងន់ថា៖« ឈ្មោះប្រទេស ឬពលរដ្ឋនៃប្រទេសមួយមិនត្រូវក្លាយជាកម្មវត្ថុនៃភាពរងគ្រោះដោយសារអំពើឧក្រិដ្ឋកម្មដែលជាបញ្ហាសកលលោកឡើយ និងរឹតតែមិនត្រូវក្លាយជាកម្មវត្ថុនៃសំណេរសារព័ត៌មានដែលខ្វះភាពចាស់ទុំឡើយ ពោលគឺការសរសេរដែលប្រើអារម្មណ៍ ជាមួយការប្រើពាក្យបង្អាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ជាជាងការវិភាគដល់ឫសគល់នៃបញ្ហា ដែលវាជាទង្វើខ្វះវិជ្ជាជីវៈ។
ជាមួយគ្នានេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានសម្តែងការសោកស្តាយចំពោះសារព័ត៌មាន The Wall Street Journal ដែលជាសារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញមួយ ប៉ុន្តែបានប្រើពាក្យ “Scambodia” ដោយចាត់ទុកថាប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងនាមជាអ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាច្រើនឆ្នាំ លោកបានចាត់ទុកថា ការប្រើប្រាស់ភាសាបែបនេះគឺមានលក្ខណៈចំអកឡកឡឺយមកលើប្រទេសកម្ពុជា។

ចំណែកឯ លោកស្រី ម៉ីសន សុធារី ក្នុងនាមជាអ្នកនិពន្ធមួយរូប បានប្រកាសជាសាធារណៈថា នឹងឈប់អានសារព័ត៌មាន The Wall Street Journal ហើយក៏បានអំពាវនាវឱ្យប្រជាជនខ្មែរធ្វើពហិការលើមាតិកាទាំងអស់របស់ WSJ ផងដែរ។ លោកស្រីបានបង្ហាញការសោកស្តាយថា៖ «ការប្រើប្រាស់ពាក្យចំអកឡកឡឺយ និងមានលក្ខណៈប្រមាថក្នុងសំណេរ ដូចជាពាក្យ ‘Scambodia’ គឺជារបៀបសរសេរដែលខ្វះវិជ្ជាជីវៈ ហើយមានគោលបំណងត្រឹមតែទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ»។
លោកស្រីបានសង្កត់ធ្ងន់បន្ថែមថា គ្មាននរណាមានសិទ្ធិមកប្រមាថប្រទេសកម្ពុជា ឬមើលរំលងប្រជាជនរាប់លាននាក់ ដែលមានចរិតលក្ខណៈសុចរិត និងសេចក្តីថ្លៃថ្នូរនោះទេ ហើយក៏មិនអាចរំពឹងឱ្យយើងទទួលយក ឬរីករាយជាមួយការបង្អាប់បែបនេះបានដែរ។ លោកស្រីក៏បានលើកឡើងផងដែរថា បញ្ហាការឆបោកតាមបច្ចេកវិទ្យា (scam) គឺជាបញ្ហាសកល ដែលមាននៅក្នុងប្រទេសជាច្រើន រួមទាំងកម្ពុជា។ ទោះជាយ៉ាងណា ការយកបញ្ហានេះមកបង្កើតជាពាក្យហៅប្រទេសទាំងមូលថា “Scambodia” គឺមានលក្ខណៈលំអៀង និងមិនយុត្តិធម៌ចំពោះប្រជាជនទាំងអស់ឡើយ។
ពលរដ្ឋកម្ពុជាម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ សាន សុជាតា បានបង្ហោះសារថា ការប្រើប្រាស់ពាក្យ “Scambodia” មិនត្រឹមតែខ្វះវិជ្ជាជីវៈសម្រាប់ស្ថាប័នព័ត៌មានអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រមាថដល់ប្រជាជាតិទាំងមូលផងដែរ។ សុជាតា បានលើកឡើងថា ប្រទេសនីមួយៗសុទ្ធតែប្រឈមមុខនឹងបញ្ហាផ្សេងៗរបស់ខ្លួន ប៉ុន្តែមិនគួរយកបញ្ហាទាំងនោះមកបង្កើតជាពាក្យបង្អាប់ ដើម្បីហៅប្រទេសណាមួយឡើយ។
សុជាតា បានបន្ថែមថា កម្ពុជាគឺជាប្រទេសអធិបតេយ្យមួយ ដែលមានប្រវត្តិសាស្ត្រសម្បូរបែប វប្បធម៌រស់រវើក និងប្រជាជនដែលមានភាពអត់ធ្មត់ និងធន់ទ្រាំខ្ពស់ ដែលសមនឹងទទួលបានការគោរពពីសហគមន៍អន្តរជាតិ។
សុជាតា បានសង្កត់ធ្ងន់ថា៖ «ការកាត់បន្ថយអត្តសញ្ញាណរបស់ប្រទេសយើង ទៅជាការលេងសើចពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម គឺជាការមើលងាយដល់ប្រជាជនកម្ពុជាទាំងមូល ហើយមិនអើពើចំពោះមនុស្សរាប់លាននាក់ ដែលខិតខំធ្វើការដោយស្មោះត្រង់ និងហៅប្រទេសនេះថាជាផ្ទះ»។

ពលរដ្ឋមួយរូបទៀត បានលើកឡើងថា«គ្រាន់តែឃើញចំណងជើងនេះ ដឹងថាស្ថាប័នមួយនេះ ទទួលឥទ្ធិពលពីណា ព្រោះពាក្យនេះមានតែប្រជាជនថៃមួយចំនួនទេដែលនិយមហៅកម្ពុជាថាជា Scambodia បែបបង្អាប់។ ដូច្នេះការប្រើពាក្យនេះ អាចមានគេជួលធ្វើ PR ឬទិញអត្ថបទនេះ ដើម្បីបោះផ្សាយនៅលើសារព័ត៌មាន WSJ ។ បន្ថែមពីនេះ សាធារណជនកម្ពុជា ក៏បានបញ្ចេញមតិនៅលើបណ្តាញសង្គមថា ពាក្យនេះអាចរងឥទ្ធិពលពីបុគ្គលិកជនជនជាតិថៃ។
ភាពស្មោះត្រង់ខាងសារព័ត៌មានគួរតែពាក់ព័ន្ធនឹងការរាយការណ៍ការពិតដោយមិនងាកទៅរកស្លាកប្រមាថដែលប៉ះពាល់ដល់កិត្តិយសរបស់ប្រទេស។ ពលរដ្ឋកម្ពុជាមួយចំនួនបានអំពាវនាវដល់អ្នកនិពន្ធ និងកាសែត Wall Street Journal ឱ្យបង្ហាញការគោរពវិជ្ជាជីវៈ និងពិចារណាឡើងវិញអំពីការប្រើប្រាស់ពាក្យពេចន៍ដែលបង្កគ្រោះថ្នាក់បែបនេះ ព្រោះប្រទេសកម្ពុជាមិនមែនជារឿងកំប្លែងសម្រាប់យកទៅប្រើពាក្យតាមទំនើងចិត្តក្នុងន័យលេងសើចចំអកឡកឡឺយឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


