Connect with us

ព័ត៌មានជាតិ

ថ្ងៃទី៦មិថុនា ​ប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យ ONLINE SCAMS លើ៧៩ទីតាំង រកឃើញជនបរទេសជាង៦០០នាក់

បានផុស

នៅ

ក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានធ្វើការត្រួតពិនិត្យទីតាំងសង្ស័យ ONLINE SCAMS បានចំនួន ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៣២នាក់ (ស្រី ២៣៨នាក់ ) ក្នុងនោះជនបរទេស គ្មានលិខិតឆ្លងដែនចំនួន៦នាក់។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស បន្តថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈ បញ្ជាការឯកភាព រដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នាដោយបាន ប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកស្រីបានបន្តថា ក្នុងប្រតិបត្តិការ ក្រុមការងារបានបង្រ្កាបបទល្មេីស រួមមាន៖ ១ ខណ្ឌសែនសុខ៖ នៅបុរីពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្ទះលេខ៣៤ ផ្លូវលេខ០១ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៥នាក់ ដកហូតវត្ថុតាង រួមមាន៖ កុំព្យូទ័រ (LAPTOP) ១គ្រឿង កុំព្យូទ័រ (ALL IN ONE) ៤គ្រឿង ទូរស័ព្ទ ១៩គ្រឿង ម៉ូនីទ័រ ៣គ្រឿង ធុង CPU ១ គ្រឿង និងស៊ីមកាតមួយចំនួន។ តាមការធ្វើកោសល្យវិច័យ លើសម្ភារៈ វត្ថុតាង ឧបករណ៍អេឡិចត្រូនិច (ទូរស័ព្ទ និងកុំព្យូទ័រ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថា ទីតាំងខាងលើជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

២ ខណ្ឌមានជ័យ៖ នៅខុនដូ អឺប៊ែន Urban Village ផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់១  សង្កាត់ចាក់អង្រែ ក្រុមការងារ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលក្រុមការងាររកឃើញមានជនបរទេសចំនួន ០៦នាក់ សង្ស័យពាក់ព័ន្ធ Online Scams និងបានធ្វើការដកហូតសម្ភារពាក់ព័ន្ធមួយចំនួនរួមមាន៖ ទូរស័ព្ទដៃ ៣២គ្រឿង កុំព្យូទ័រយួរដៃ ០៧គ្រឿង IPad ០១គ្រឿង លិខិតឆ្លងដែនក្លែងក្លាយ ០៣ក្បាល និងដាវ ០១។ ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ និងបានបិទឃ្លុំចំនួន ០២បន្ទប់ សង្ស័យជាប់ពាក់ព័ន្ធនឹង អនឡាញស្គេម(Online Scams) និងប្រើប្រាស់គ្រឿងញៀន។

៣ ខណ្ឌទួលគោក៖ នៅបន្ទប់លេខ៨១០ ជាន់ទី៨ និងនៅបន្ទប់លេខ១៩០៣ ជាន់ទី១៩ នៃអគារខុនដូរ SKY31 អគារលេខ១៥៥ ស្ថិតនៅលើផ្លូវ លេខ២៨៧ កែង ផ្លូវលេខ៥២៨ ក្រុម៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៨នាក់ ដកហូតវត្ថុតាង រួមមាន កុំព្យូទ័រ (All In One) ២គ្រឿង កុំព្យូទ័រ (Laptop) ៦ គ្រឿង ទូរស័ព្ទ ៨គ្រឿង និងលិខិតឆ្លងដែន ៤ក្បាល (ចិន ៣ក្បាល និងវៀតណាម ១ក្បាល) ជាប់ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងអនឡាញខុសច្បាប់ ។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា រីឯនៅបន្ទប់លេខ ២០០៨ ជាន់ទី២០ និងបន្ទប់លេខ ២១១១ ជាន់ទី២១ នៃខុនដូរដដែលនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ២គ្រឿង និងលិខិតឆ្លងដែន ២ក្បាល ជាប់ពាក់ព័ន្ធនឹងករណីរស់នៅខុសច្បាប់។
៤ នៅខណ្ឌចំការមន ៖ ក្រុមការងារ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានី សហការ ជាមួយគណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាល និងបង្ក្រាបទីតាំងបើក ល្បែងសុីសងខុសច្បាប់ចំនួន ៦ទីតាំង នៅចំណុចផ្សារចិនផ្លូវ ៧៨ សង្កាត់ទន្លេរបាសាក់ ដែលក្នុងប្រតិបត្តិការនេះ ក្រុមការងារក៏បានឃាត់ខ្លួនជនជាតិចិន ២នាក់ គ្មាន លិខិតឆ្លងដែនផងដែរ។

លោកស្រី អ្នកនាំពាក្យក៏បាន បន្ថែមថា៖ ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង រស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេខ០៣ បានសរុបចំនួន ២ទីតាំង មនុស្សចំនួន ២នាក់ គិតជាថវិកាសរុបបានចំនួន ៨.០០០.០០០រៀល។ រីឯជន សង្ស័យ និង វត្ថុតាង ទាំង អស់ ត្រូវ បាន ប្រគល់ជូនស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ ដេីម្បីបន្តនីតិវិធី៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម