Connect with us

ព័ត៌មានជាតិ

រោងចក្រ​ផលិត​ត្រីខ​កំប៉ុង មាន​ទីតាំង​ផលិត​នៅ​ខ្មែរ​ពិតប្រាកដ​ កំពុង​សាងសង់​​ប្រើប្រាស់​ធនធាន​សមុទ្រ​ខ្មែរ​ផលិត​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក

បានផុស

នៅ

លោក ភោគ សុខេន ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្តកែប បាន​បង្ហាញ​ពី​វឌ្ឍនភាព​​ពី​ការ​​សាងសង់​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​នៅក្នុងខេត្តកែប ដែល​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​​ក្នុង​ដំណើរការ​សាងសង់​កន្លែង​ផលិតកម្ម និង​សំណង់​ផ្សេងៗ។

ឆ្លើយតបការ​សាកសួរ​​របស់​កម្ពុជាថ្មី លោក ភោគ សុខេន បានប្រាប់ថា គម្រោងវិនិយោគ​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​នៅ​ក្នុង​​ខេត្ត​កែប​ ទទួលបានការឯកភាពពីក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​មាន​ច្បាប់​សាងសង់​ត្រឹមត្រូវ​ពីក្រសួងដែនដីរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណា លោកប្រធាន​មន្ទីរ​ពុំទាន់​អាចបញ្ជាក់បាន​​ពី​ភាគ​រយ​នៃ​ដំណើរការ​​សាងសង់ ឬ​កាល​បរិច្ឆេទ​នៃការបញ្ចប់​​គម្រោង​បានច្បាស់លាស់នៅឡើយទេ ដោយ​សារ​រោងចក្រ​ស្ថិត​នៅ​ក្នុង​ដំណាក់កាលសាងសង់ មិនទាន់​ឈាន​ដល់ការដំណើរការផលិតកម្មនៅ​​ឡើយ។

«បើ​តាម​ដឹង ស្រុក​ខ្មែរ​យើង​មិន​ទាន់​មាន​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​នៅ​ឡើយ​ទេ ហើយ​រោងចក្រ​នេះ​ជា​រោងចក្រ​ដំបូង​ដែល​ផលិត​ត្រី​ខ​កំប៉ុង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក»។ លោក ភោគ សុខេន ​អះអាង ​មុន​លោក​បន្ត​ថា «នៅពេលរោងចក្រនេះ​ដំណើរ​ការពេញលេញ នឹង​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ខេត្តកែបនិង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​​​ជួយ​បង្កើតការងារ ដែល​រោងចក្រនឹង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ទាល់ ជួយឱ្យ​ពលរដ្ឋ​មានការងារ​ធ្វើមិនចាំបាច់ចំណាក​​​ស្រុក​ទៅធ្វើការ​នៅ​កន្លែង​ឆ្ងាយ»។

បន្ថែមពីនេះ លោក ភោគ សុខេន បញ្ជាក់ទៀត​ថា «​ដោយសារ​ជារោងចក្រ​ផលិត​ត្រីខដំបូងគេនៅកម្ពុជា វា​ក៏​នឹង​ជួយ​លើក​ស្ទួយ​ការ​ប្រើប្រាស់​ផលិតផល​នៅក្នុងស្រុក​ កាត់បន្ថយការនាំចូលត្រីខពីបរទេស»។

ចំណុច​ពិសេស​របស់រោងចក្រ​នេះ គឺ​ប្រើប្រាស់​វត្ថុធាតុ​ដើម​ក្នុង​ស្រុក​ទាំង​ស្រុង ដែល​​រោងចក្រ​នឹង​ចាប់​ដៃគូ​ជាមួយ​សហគមន៍​នេសាទ​ក្នុង​ខេត្តកែប និង​កំពតដើម្បី​ផ្គត់ផ្គង់​ត្រី​ទឹក​ប្រៃ ហើយ​ក៏​នឹង​យក​ត្រី​ទឹក​សាប​​ពី​តំបន់​ទន្លេសាប​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ដែល​នេះ​ជា​ការ​ជួយ​ប្រើប្រាស់​ធនធាន​ក្នុងស្រុក​ឱ្យ​អស់​លទ្ធភាព​ជា​ជាង​ការនាំចេញ​វត្ថុធាតុ​ដើម​ទៅក្រៅ។

បើតាមលោក ភោគ សុខេន រោងចក្រ​នេះ​ក្រៅ​ពី​ផលិត​ត្រីខ​កំប៉ុង ក៏​មាន​ផលិត​ផលិត​ផល​ផ្សេង​ៗ​ទៀត​ដោយ​រួម​ផលិត​ផល​​ទឹកត្រី​ផង​ដែរ។

ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ​(CDC) បាន​អនុម័ត​គម្រោង​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុងនិង​ទឹកត្រី ​ក្រោម​ទំហំ​ទុន​វិនិយោគ ៧ លាន​ដុល្លារ​ ស្ថិត​នៅ​ក្នុង​ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប ដែល​អាច​បង្កើត​ការងារ​បាន​ប្រមាណ ១៧១ កន្លែង។

ពាក់ព័ន្ធ​ស្ថានភាព​សហគ្រាស​ក្នុង​ខេត្ត​កែប បើតាម​ប្រធាន​មន្ទីរ​ឧស្សាហកម្មខេត្តកែប ក្រៅ​ពី​រោងចក្រ​​ផលិត​ត្រីខ​ដែល​កំពុង​ដំណើរការ​សាងសង់ ខេត្ត​កែប​ពុំ​ទាន់​មាន​រោងចក្រឬ​សហគ្រាស​ខ្នាត​ធំ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ។

បច្ចុប្បន្ន​ខេត្ត​​មាន​សិប្បកម្ម​ផលិត​ទឹកត្រី​លក្ខណៈ​គ្រួសារដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង និង​ចរាចរណ៍​លក់​ទូទាំង​ប្រទេស ដូចជា​ទឹក​ត្រី​ម៉ាក “គីម ហ៊ី រូប​ទន្សាយ ១” និង “លឹម លាង​​ រូប​នាង​ទេពមច្ឆា”​។

លោក ភោគ សុខេន បាន​បញ្ជាក់ថា អាជ្ញាធរខេត្ត​បាន​​កំពុង​ខិតខំ​ជំរុញនិង​ស្វែងរក​ទីផ្សារ​បន្ថែម ដើម្បី​ឱ្យ​សិប្បកម្ម​លក្ខណៈ​គ្រួសារអាច​ពង្រីក​ដើម​ទុន​ក្លាយ​ជា​សហគ្រាស​ធុន​មធ្យម ឬ​ខ្នាត​ធំ​នៅ​ពេល​ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម