Connect with us

ព័ត៌មានជាតិ

រថយន្ត​ចុះ​បញ្ជីផ្លាកលេខភ្នំពេញមានជាង ៧៥ ម៉ឺនគ្រឿង ​គិត​ត្រឹមឆ្នាំ ២០២៥

បានផុស

នៅ

បើតាមមន្រ្តីរដ្ឋបាលរាជធានី​ភ្នំពេញ​បានបង្ហាញពីកំណើនយានយន្ត​ ដែល​ចុះបញ្ជី​​ផ្លាកលេខ​ភ្នំពេញមានការ​កើនឡើង​យ៉ាង​ខ្លាំង។

អ្នកស្រី ភិមា វិច្ឆិកាល អភិបាល​រងរាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា ចំនួនយានយន្តដែលចុះបញ្ជីផ្លាកលេខភ្នំពេញមានការកើនឡើងខ្លាំង ដោយ​ក្នុងនោះ​រថយន្ត​មាន​ចំនួន ៧៥ ម៉ឺនគ្រឿង និងម៉ូតូ​មាន​ចំនួន ២,៥ លានគ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារកំណើនយានយន្តដ៏ច្រើនលើសលប់ស្ទើរតែច្រើនជាង​ចំនួន​ប្រជាជន ​វាបានបង្ហាញពីតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ្នកដំណើរ និង​ក្រុមហ៊ុន​សាងសង់ ក្នុងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ដើម្បីធានាលើ​បន្ទុកហិរញ្ញវត្ថុ​នៅ​ពេល​មានហានិភ័យកើតឡើង។ អ្នកស្រី ភិមា វិច្ឆិកាល បញ្ជាក់។

បន្ថែមពីនេះ អ្នកស្រី​បាន​លើកឡើង​ពីសមិទ្ធផល​សំខាន់ៗ​នៃការ​អភិវឌ្ឍ​នៅ​រាជធានី​ភ្នំពេញ ដូចជាវិស័យទេសចរណ៍​ ដែល​​នៅក្នុងឆ្នាំ ២០២៥ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​សរុប​ចំនួន ១១ លាន​នាក់ ដែល​ចំនួននេះ​មានការកើន​ឡើង​ប្រមាណ ៥% បើ​ធៀប​នឹង​ឆ្នាំ ២០២៤។

ភ្នំពេញជាទីក្រុងនៃបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ មាន​តំបន់​ទេសចរណ៍​សំខាន់ៗ​ដូចជា ព្រះបរមរាជវាំង វត្តភ្នំ និង​សារមន្ទីរជាដើម ហើយ​​​កន្លងទៅ​សារព័ត៌មាន BBC បានចាត់ទុកភ្នំពេញជាទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ទាំង ២០ ដែលជាគោលដៅទេសចរណ៍ល្អបំផុតសម្រាប់ឆ្នាំ ២០២៦។

រដ្ឋបាលរាជធានី​ភ្នំពេញ​បានដាក់​ឲ្យដំណើរការ​ផ្លូវថ្មើរជើងចតុមុខដែល​ក្នុង​មួយ​សប្តាហ៍ (ថ្ងៃសៅរ៍-អាទិត្យ) អាចទាក់ទាញភ្ញៀវទេសចរបានពី ៨ ម៉ឺន ទៅ ១៥ ម៉ឺននាក់។ សមិទ្ធផល​ដ៏ធំធេង​មួយ​ទៀត​គឺការសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបាននាំ​ការ​តភ្ជាប់​ការ​​ដំណើរ​ពី​គ្រប់ទិសទី​​មក​ប្រទេស​កម្ពុជា។

នៅ​រាជធានី​ភ្នំពេញមាន​មជ្ឈមណ្ឌលពាណិជ្ជកម្មមានផ្សារទំនើប និងទីតាំងបោះដុំដោះដូរទំនិញសរុបជាង ៥០០ ទីតាំង រួមទាំង​គ្រឹះស្ថានសិក្សាក្រៅពីឧត្តមសិក្សាចំនួន ៨៨២ ទីតាំង និងគ្រឹះស្ថានឧត្តម​សិក្សា​មាន​​ចំនួន ៦៤ ទីតាំង ដែលឆ្លុះបញ្ចាំងពីសកម្មភាពអាជីវកម្មដ៏មមាញឹក។

បើតាមមន្រ្តី​រដ្ឋបាល​រាជធានី​ភ្នំពេញ ភាពរីកចម្រើនទាំងនេះបានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យ​មកបោះ​ទុនបង្កើតក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗកាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម