Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិនពង្រីកយន្តការ«២+២»ទៅ«៣+៣» ថែមក្រសួងមហាផ្ទៃចូល ខណៈការចាប់ដៃបង្ក្រាបOnline Scams កំពុងស្អិតរមួត និងក្ដៅគគុក

បានផុស

នៅ

ឆ្លងកាត់កិច្ចសន្ទនាយុទ្ធសាស្ត្រ«២+២»ដ៏កម្រមិនធ្លាប់មានពីមុន ធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែមេសា  កម្ពុជា និងចិន បានឯកភាពពង្រីកយន្តការដែលជាការជជែកពិភាក្សារវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ទៅជាកិច្ចសន្ទនាយុទ្ធសាស្ត្រ«៣+៣» ដោយដាក់បន្ថែមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសងខាងចូលមួយទៀត ខណៈកិច្ចសហប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញរវាងកម្ពុជា និងចិនកំពុងតែស្អិតរមួត និងឆ្ពោះទៅមុខឥតឈប់ឈរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា កម្ពុជា និងចិនបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នា ឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់ និងសកលលោក។

ក្រសួងការបរទេស សង្កត់ធ្ងន់ថា៖«ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។»។

ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាក្ដីកង្វល់រួមរបស់បណ្ដាប្រទេសនានាលើសកលលោក។ ឈរលើនិន្នកានេះ កម្ពុជា បានប្រឹងប្រែងបោសសម្អាតឧក្រិដ្ឋជនឱ្យអស់ ដោយផ្ដល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសទាំងអស់។ ក្នុងកិច្ចសហប្រតិប​ត្តិការទ្វេភាគីជាមួយចិនលើការប​ង្រ្កាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន  កម្ពុជាមានកិច្ចសហប្រតិបត្តការល្អ និងសកម្ម តួយ៉ាងកាលពីដើមខែមករា ឆ្នាំ២០២៦ កម្ពុជា បានបញ្ជូនមេឧក្រិដ្ឋជន Chen Zhi  និងមនុស្ស២នាក់ទៀត ផ្អែកតាមសំណើរបស់អាជ្ញាធរ មានសមត្ថកិច្ចរបស់ចិនក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បន្ទាប់មកនៅចុងខែមីនា សមត្ថកិច្ចកម្ពុជា​ ក៏បានចាប់បញ្ជូនឧក្រិដ្ឋជន LI XIONG មនុស្សជំនិតរបស់ Chen Zhi   ទៅកាន់ប្រទេសចិន។  

កាលពីខែកុម្ភៈ ស្របពេលដែលកម្ពុជា កំពុងសកម្មក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា  ចិនក៏បានប្រកាសគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបប្រព័ន្ធអនឡាញ ហើយជឿជាក់ថាកិច្ចការនេះនឹងបន្តមានវឌ្ឍនភាពថ្មីឥតឈប់ឈរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” កម្ពុជា និងចិន ក៏បានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តរួមគ្នា ក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម