ព័ត៌មានជាតិ
កម្លាំងចម្រុះខេត្តកំពង់ធំបន្តពង្រឹងកិច្ចការពារតំបន់អភិរក្សពូជត្រី ក្នុងបឹងទន្លេឆ្មារ និងតំបន់បាឡត
កម្លាំងចម្រុះ ក្រោមយន្តការគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបន្តពង្រឹងកិច្ចការពារធនធានជលផលក្នុងតំបន់អភិរក្ស តាមរយៈសកម្មភាពចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់។ ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានចុះពង្រឹងភារកិច្ចកងកម្លាំងចម្រុះការពារតំបន់អភិរក្សពូជត្រី នៅបឹងទន្លេឆ្មារ និងតំបន់បាឡត ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង។

លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពជាមួយកងកម្លាំងប្រចាំនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសនេសាទ នៅឃុំពាមបាង ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវសាមគ្គីសហការគ្នាឱ្យបានល្អ ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងបទបញ្ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងការបង្ក្រាបឱ្យបានដាច់ខាតនូវឧបករណ៍នេសាទខុសច្បាប់។
លោក បានសង្កត់ធ្ងន់ដល់ការអនុវត្តវិធានការម៉ឺងម៉ាត់ដើម្បីការពារបានតំបន់អភិរក្សធនធានមច្ឆជាតិនៅក្នុងតំបន់បឹងទន្លេឆ្មារ និងនៅតំបន់បាឡត។ ខណៈត្រូវមានកិច្ចសហការជាមួយអាជ្ញាធរដែនដី ក្នុងការអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីច្បាប់ស្ដីពីជលផលថ្មី ដើម្បីឱ្យពួកគាត់បានជ្រួតជ្រាប និងត្រូវចូលរួមអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។

តាមរបាយការណ៍របស់លោក ហួន ផល នាយផ្នែករដ្ឋបាលជលផលប្រចាំឃុំពាមបាង និងលោកអនុសេនីយ៍ឯក លុយ សុភាព មន្ត្រីយោធាប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទនៅឃុំពាមបាង បានអះអាងថានៅក្នុងតំបន់នេះ បទល្មើសនេសាទមានការថយចុះប្រមាណ៧០% ទៅ៨០% ហេីយផលត្រីនៅឆ្នាំនេះសំបូរជាងបណ្តាឆ្នាំកន្លងទៅ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ពិសេសក្នុងរដូវបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ពិសេសការពារតំបន់អភិរក្សធនធានមច្ឆជាតិ ទុកឱ្យត្រីពងកូននៅក្នុងរដូវវស្សាខាងមុខ សម្រាប់បម្រើសេចក្តីត្រូវការរបស់សង្គមជាតិ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


