Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ ដាក់ប្រធានបទសំខាន់ចំនួន៥ដើម្បីជាមូលដ្ឋានអនុវត្តការងារឲ្យមានប្រសិទ្ធភាពក្នុងឆ្នាំ២០២៦

បានផុស

នៅ

លោក នួន ផារ័ត្ន អភិបាលនៃគណអភិបាលខេត្តកំពង់ធំ បានដាច់ចេញប្រធានបទសំខាន់ៗ ចំនួន៥ ដើម្បីជាមូលដ្ឋានអនុវត្តការងារឲ្យមានប្រសិទ្ធភាពក្នុងទិសដៅការងារឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក នួន ផារ័ត្ន បានលើកឡើងថា ប្រធានបទទាំង៥នេះ ត្រូវធ្វើការពិភាក្សាឲ្យបានផុលផុសអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការផ្តល់បទពិសោធន៍ល្អៗសម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារក្នុងឆ្នាំ២០២៦ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ប្រធានបទទាំងដែលត្រូវបានដាក់ចេញនេះរួមមាន ១. វិស័យកសិកម្ម ២.វិស័យទេសចរណ៍ ៣.ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ៤.ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និង៥.ការពង្រឹងអភិបាលកិច្ចអង្គភាព។

លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា អង្គសន្និបាតនេះ គឺពិតជាមានអត្ថន័យ និងជាឱកាសដ៏មានសារៈសំខាន់ ក្នុងការវាយតម្លៃ និងឆ្លុះបញ្ចាំងអំពីលទ្ធផលការងារ ដែលរដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងសម្រេចបាន និងរួមគ្នាពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរថែមទៀត ជាពិសេសគឺការសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បន្ថែមថា ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពនៃវិបត្តិព្រំដែនជាមួយប្រទេសថៃក៏ដោយ ប៉ុន្តែទាំងរដ្ឋបាលខេត្ដ ក្រុងស្រុក ព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្ដ នៅតែយកចិត្តទុកដាក់ ខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ ធ្វើឲ្យខេត្ដកំពង់ធំមានការអភិវឌ្ឍជាបន្តបន្ទាប់ផងដែរ។

លោក ដៀប ពីរី បញ្ជាក់ថា ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នឹងធ្វើរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២ និងទី២៣ ខែមករា ឆ្នាំ២០២៦៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម