Connect with us

ព័ត៌មានជាតិ

កម្លាំងខេត្តកំពង់ធំពង្រឹងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ខណៈរដូវបិទនេសាទនឹងចាប់ផ្ដើមពីដើមខែកក្កដា

បានផុស

នៅ

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានស្នើកិច្ចសហការពីមន្ត្រីជំនាញជលផល រួមគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ បន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខណៈរដូវបិទនេសាទនឹងចាប់ផ្ដើមអនុវត្តនាដើមខែកក្កដាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ លើកឡើងថា អាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ត្រីជលផល ត្រូវរួមគ្នាជាមួយកងកម្លាំងចម្រុះ ក្នុងការបន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យទទួលបានជោគជ័យបន្ថែមទៀត ពិសេសបន្តការពារឲ្យបានឡូត៍អភិរក្សពូជត្រី ដើម្បីរក្សាទុកឲ្យត្រីពងកូននៅក្នុងរដូវបិទនេសាទខាងមុខនេះ។ លោក ថា ត្រូវរួមគ្នាក្នុងការអនុវត្តឲ្យបានជោគជ័យតាមសេចក្តី​ជូនដំណឹងស្ដីពីរដូវបិទការនេសាទឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព។

ការលើកឡើងរបស់ឧត្តមសេនីយ៍យោធារូបនេះ ធ្វើឡើងក្នុងពេលលោក ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីរដូវបិទនេសាទដល់កងកម្លាំងចម្រុះ និងអាជ្ញាធរដែនដី ដែលកំពុងប្រចាំការការពារ​​ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ប្រចាំទីបញ្ជាការស្រាលនៅឃុំពាមបាង ស្រុកស្ទោង និងទីបញ្ជាការស្រាលប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

បើតាមលោក ​ជិន​ ស៊ីថា​ នាយ​ខ័ណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្តកំពង់​ធំ​ រដូវបិទនេសាទឆ្នាំ២០២៦ នឹងត្រូវចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ហើយលោក បាន​បញ្ជាក់​បន្ថែម​ពី​ឧបករណ៍​នេសាទ​ ដែល​ប្រជានេសាទ​អាច​នេសាទ​បាន​ស្របច្បាប់​ មាន​ចំនួន​៤៩​មុខ​ ក្នុង​រដូវ​បិទ​នេសាទ​នេះ​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអរគុណកងកម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចំពោះការរួមគ្នាក្នុងការការពារធនធានមច្ឆជាតិ ដោយបានសហការជាមួយកងកម្លាំងសម្រុះ ក្នុងការផ្ដល់ព័ត៌មាន និងចូលរួមបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរយៈពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យទិន្នផលត្រីបានសម្បូរឡើងវិញ។ តាមរយៈលទ្ធផលនេះ លោក ថា មជ្ឈដ្ឋានទូទៅមានការកោតសរសើរដល់កងទ័ព ដែលបានរួមចំណែកសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម