ព័ត៌មានជាតិ
«តុល្យភាពជីវិត-ការងារ» ក្លាយជាចំណុចស្នូល ក្នុងទិវាពលកម្មឆ្នាំនេះ
ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ដែលពិធីនេះត្រូវបានរៀបចំឡើងដោយសហភាពសហជីពវិជ្ជាជីវៈកម្ពុជា ក្រោមប្រធានបទ «តុល្យភាពជីវិត-ការងារ គឺជាគន្លឹះនៃការងារសមរម្យ» យ៉ាងរីករាយស្និទ្ធស្នាលនៅទីស្នាក់ការរបស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា។

មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ លោករដ្ឋលេខាធិការបានលើកឡើងពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុក្ខរបស់រាជរដ្ឋាភិបាលដែលបានរៀបចំទិវានេះតាំងពីឆ្នាំ១៩៧៩ រហូតមក ដោយបានកំណត់យកប្រធានបទផ្សេងៗជាច្រើនផ្អែកតាមស្ថានភាពជាក់ស្តែងនៃឆ្នាំនីមួយៗ។ ជាក់ស្តែង ដូចជាស្ថានភាពក្នុងឆ្នាំនេះ អត្ថន័យនៃប្រធានបទសម្រាប់ឆ្នាំ២០២៦ គឺ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ចំណែកឯសហជីពនានាវិញ ក៏តែងតែរៀបចំកំណត់នូវប្រធានបទទៅតាមការយល់ឃើញរៀងៗខ្លួន។

លោកបានគូសបញ្ជាក់ថា ប្រធានបទនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុចរបស់សម្តេចតេជោ និងអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងសហការអនុវត្តជាមួយគ្រប់ភាគីប្រកបដោយជោគជ័យ។

លោក ងុយ រិទ្ធ បានសម្តែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងសកម្មភាពការងាររបស់សហភាពសហជីពវិជ្ជាជីវៈកម្ពុជា ដែលលោក ឆឹង សារិទ្ធ ជាប្រធាន បានបង្ហាញជូនអង្គពិធីថា សហភាពសហជីពដែលទើបបង្កើតថ្មីមកនេះ ចង់ចូលរួមក្នុងភាពជាដៃគូជាមួយក្រសួងប្រកបដោយវិជ្ជាជីវៈក្នុងការបំពេញការងារតំណាងឱ្យសំឡេងកម្មករនិយោជិត ក្នុងការបង្កើតនូវវប្បធម៌អនុលោមភាព សំដៅធានាឱ្យបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់សម្រាប់ទាំងភាគីកម្មករនិយោជិត និងនិយោជក ដែលតួនាទីសំខាន់របស់សហជីព គឺធ្វើយ៉ាងណាជួយទាំងកម្មករនិយោជិត និងនិយោជក ឱ្យរីកចម្រើនដូចគ្នា រួមរស់ជាមួយគ្នា ប្រៀបបាន «ឆ្នាំងបាយរួម» ដែលជាការរួមចំណែកបង្កើតនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:។

លោករដ្ឋលេខាធិការ ក៏បានចាត់ទុកប្រធានបទដែលសហភាពបានកំណត់នេះថា គឺពិតជាស្របទៅនឹងគោលដៅរួម សំដៅឆ្ពោះទៅរក «ការងារសមរម្យ» ដែលជាការចង់បានពីគ្រប់ភាគីទាំងអស់ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ វិបត្តិនៃសង្គ្រាម គ្រោះធម្មជាតិជាដើម។ ក្នុងស្មារតីនៃទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ លោកបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចសហការគ្នាដោយស្មោះត្រង់ ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ងុយ រិទ្ធ បានបញ្ជាក់សាជាថ្មីថា ក្រសួងតែងតែចាត់ទុកសហជីពជាដៃគូដ៏សំខាន់ និងត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីការពារសិទ្ធិប្រយោជន៍ស្របច្បាប់ និងសម្រេចឱ្យបាននូវគោលដៅ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលជាមហិច្ឆតារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


