Connect with us

ព័ត៌មានជាតិ

ទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី ក្លាយជាផលិតផលមានសក្តានុពលខ្ពស់ ហើយលក់បន្តទៅក្រៅប្រទេស

បានផុស

នៅ

ទឹកឃ្មុំព្រៃធម្មជាតិពីខេត្តមណ្ឌលគិរី កំពុងក្លាយជាផលិតផលមានសក្ដានុពលខ្ពស់ និងត្រូវបានលក់បន្តទៅកាន់ទីផ្សារក្រៅប្រទេស ខណៈមានការចាប់អារម្មណ៍កើនឡើងពីអតិថិជនទាំងក្នុង និងក្រៅប្រទេស។ ផលិតផលនេះត្រូវបានប្រមូលពីតំបន់សហគមន៍ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក ចិត្ត កក្កដា តំណាងសហគមន៍ «ត្រពាំងក្អើម» បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ចាប់ពីខែមីនាដែលជារដូវប្រាំង ប្រជាសហគមន៍នាំគ្នាចូលព្រៃ ដើម្បីប្រមូលទឹកឃ្មុំព្រៃតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិចពូនង។ សកម្មភាពយកឃ្មុំព្រៃបែបធម្មជាតិនេះ មិនត្រឹមតែបន្តអភិរក្សវប្បធម៌បុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនចំណូលសម្រាប់គ្រួសារផងដែរ។

សហគមន៍ «ត្រពាំងក្អើម» ត្រូវបានបង្កើតឡើងជាង១០ឆ្នាំមកហើយ ដោយមានការគាំទ្រពីអង្គការដៃគូ និងមានសមាជិកប្រមាណ២០០នាក់។ ក្នុងមួយឆ្នាំ សហគមន៍អាចប្រមូលទឹកឃ្មុំពីសមាជិកបានប្រមាណពី ២ ទៅ ៣ តោន ហើយបានធ្វើការសម្អាតតាមស្តង់ដាអនាម័យ មុននឹងលក់ជូនអតិថិជន និងក្រុមហ៊ុនឯកជនក្នុងស្រុក ដែលបន្តនាំចេញទៅកាន់ទីផ្សារបរទេសដូចជា សហរដ្ឋអាមេរិកជាដើម។

លោក ចិត្ត កក្កដា បញ្ជាក់ថា ទឹកឃ្មុំព្រៃពីមណ្ឌលគិរីមានគុណភាពសុទ្ធល្អ និងមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។ ទោះបីជាការឡើងប្រមូលឃ្មុំមានហានិភ័យក៏ដោយ សហគមន៍នៅតែអនុវត្តវិធីសាស្ត្រដោយប្រុងប្រយ័ត្ន និងគោរពតាមបច្ចេកទេសបរិស្ថាន ដើម្បីធានាថាមិនប៉ះពាល់ដល់ជីវចម្រុះ។

ជាមួយគ្នានេះ សមាជិកសហគមន៍ត្រូវបានណែនាំឱ្យកាត់យកទឹកឃ្មុំត្រឹមតែប្រហែល ៨០% នៃសំបុកប៉ុណ្ណោះ ដើម្បីរក្សាប្រព័ន្ធអេកូឡូស៊ី និងអាចប្រមូលបានបន្តទៀតនាពេលអនាគត។

តំណាងសហគមន៍រូបនេះ អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងក្រុមហ៊ុននានា ឱ្យចូលរួមគាំទ្រទឹកឃ្មុំព្រៃធម្មជាតិពីសហគមន៍ «ត្រពាំងក្អើម» ខេត្តមណ្ឌលគិរីបន្ថែមទៀត។ ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលចំនួនសមាជិកសហគមន៍កើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយសកម្មភាពប្រមូលទឹកឃ្មុំព្រៃក៏មានការកើនឡើងដូចគ្នា។

ការគាំទ្រពីអតិថិជនមិនត្រឹមតែជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនផងដែរ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម