Connect with us

ព័ត៌មានជាតិ

ផ្លូវនៅតំបន់​អង្គរ មិន​អាច​សាងសង់​ពង្រីក​ឲ្យ​ធំ​ទូលាយ នាំ​ឲ្យប៉ះពាល់​តម្លៃ​តំបន់​បេតិកភណ្ឌ​ពិភពលោក

បានផុស

នៅ

ផ្លូវនៅតំបន់រមណីយដ្ឋាន​អង្គរ​មិន​អាចសាងសង់​​ពង្រីក​ឲ្យ​ធំ​ទូលាយ ខណៈ​តំបន់ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក​មួយ​នេះ​​ស្ថិត​នៅ​ក្រោម​ការ​ពារ​នៃ​អង្គការ​យូណេស្កូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទកាសែតស្តីពី «ការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព» ក្នុងដំណើរសិក្សាពីតំបន់​បេតិកភណ្ឌលើទឹកដីអង្គរ របស់ក្រុមអ្នកសារព័ត៌មានមកពីជាង ១០ អង្គភាព លោក យិត ចាន់ដារដ្ឋ អគ្គនាយករង​អាជ្ញាធរជាតិ​​អប្សរាបាន​ឲ្យ​ដឹង​ថា ការមិនពង្រីកផ្លូវនៅតំបន់អង្គរឲ្យធំដូចជាផ្លូវ​ហាយវេគឺដើម្បីរក្សាតម្លៃ និងសោភ័ណភាពរបស់ប្រាសាទបុរាណ ព្រោះការធ្វើផ្លូវធំពេកនឹងធ្វើឲ្យបាត់បង់តម្លៃជាប្រវត្តិសាស្ត្ររបស់អង្គរ និងអាចបិទបាំងទិដ្ឋភាពប្រាសាទទៀតផង។

ក្រៅពី​​គិតគូរ​ពី​ផល​ប៉ះពាល់តាមរយៈ​ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់នានា​​ អាជ្ញាធរជាតិអប្សរាក៏​បានផ្លាស់ប្តូរគន្លងផ្លូវ និងហាមឃាត់​មិនឲ្យមានការបើកបររថយន្ត ឬម៉ូតូនៅកៀកនឹងតំបន់​ប្រាសាទពេកនោះទេ។ ជាក់ស្តែង កាលពីមុនតំបន់មុខអង្គរវត្តនិងទី​លានជល់ដំរី ទេសចរ​អាចបើកបរឡាន ឬចតរថយន្ត និងហូបចុកនៅក្បែរនោះបាន ប៉ុន្តែឥឡូវនេះអនុញ្ញាតឲ្យតែការដើរ និងការជិះកង់ប៉ុណ្ណោះនៅក្បែរប្រាសាទ។

លោក យិត ចាន់ដារដ្ឋ ​បាន​បញ្ជាក់ថា ការរៀបចំផ្លូវវាងឲ្យឆ្ងាយពីប្រាសាទ ដោយសារមូលហេតុសំខាន់ៗ​ចំនួន​ពីរ គឺ​កាត់បន្ថយការបំពុលផ្សែងដែល​កើត​ចេញពីរថយន្តនិងម៉ូតូបង្កជាការបំពុល ដែល​ធ្វើឲ្យប៉ះពាល់ដល់គុណភាពថ្មប្រាសាទ និង​ទីពីរ​កាត់បន្ថយរំញ័រពី​ការបើកបរយានយន្តនៅក្បែរប្រាសាទ ដែល​បង្កើតបាន​ជារំញ័រធ្វើឲ្យថ្មប្រាសាទរង្គើ។

ជាឧទាហរណ៍ ទី​លានជល់ដំរីធ្លាប់រងការខូចខាតស្ទើរតែបាក់ស្រុតដោយសារបញ្ហាកើត​រំញ័រពី​យានយន្ត មុនពេលមានការជួសជុល និងតម្រង់ឡើងវិញ។

លោក យិត ចាន់ដារដ្ឋ បាន​សម្អាង​ថា ការធ្វើផ្លូវវាងដែល​តម្រូវឲ្យភ្ញៀវទេសចរត្រូវដើរឆ្ងាយជាងមុនបន្តិច ជារឿងដ៏​ចាំបាច់បំផុតដើម្បីអភិរក្សប្រាសាទឲ្យនៅ​គង់វង្ស​យូរអង្វែង។

បើតាម​ប្រភព​ពី​មន្រ្តី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​កត់សម្គាល់ថា ភ្ញៀវទេសចរបរទេសភាគច្រើនមិនសូវត្អូញត្អែរអំពីការដើរឆ្ងាយនេះទេ ប៉ុន្តែភ្ញៀវជនជាតិខ្មែរមួយចំនួនតែងតែត្អូញត្អែរពីចម្ងាយ​ឆ្ងាយ​ដែលត្រូវធ្វើដំណើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម