ព័ត៌មានជាតិ
វិទ្យាស្ថានកម្ពុជា និងចិនចំនួនបីចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឆិន ស៊ាងរ៉ូ (Chen Xiangru) លេខាធិការគណៈកម្មាធិការបក្សនៃវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី (GTVTC) ព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា រវាងវិទ្យាស្ថាន GTVTC វិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធ (PIT) នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ជំនួបដ៏មានសារៈសំខាន់នេះ មានគោលបំណងផ្លាស់ប្តូរយោបល់សម្រាប់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងបីក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) និងផ្នែកដឹកជញ្ជូន។ ចំណែកឯ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យ TVET មានទិសដៅ លើកកម្ពស់សមត្ថភាពអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសលើបច្ចេកវិទ្យាយានយន្ត និង NEV ព្រមទាំងជំនាញពាក់ព័ន្ធផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសនិងការផ្លាស់ប្តូរការបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍកម្មវិធីសិក្សានិងស្តង់ដារួម ព្រមទាំងការអប់រំសហការរវាងគ្រឹះស្ថានអប់រំ និងសហគ្រាសក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញខ្ពស់។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ឆិន ស៊ាងរ៉ូ និងគណៈប្រតិភូ ក៏ដូចជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងវិទ្យាស្ថាន GTVTC ដោយលោកគូសបញ្ជាក់ថា កម្ពុជា និងចិនមានទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរលង់និងដ៏ល្អ ព្រមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ដែលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ បន្ថែមពីនេះ ជំនួបនាថ្ងៃនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យ TVET ដែលជាក់ស្តែងគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

លោករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តនិងគំាទ្រយ៉ាងពេញទំហឹងចំពោះការពង្រីកកិច្ចសហប្រតិបត្តិការនេះ ព្រោះថាគំនិតផ្តួចផ្តើមនេះ គឺពិតជាចំពេលនិងអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជាពិសេស NEV ឬរថយន្តដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ។

ការកើនឡើងនៃការប្រើប្រាស់ប្រភេទរថយន្តនេះនៅកម្ពុជា គឺពិតជាទាមទារឱ្យមានតម្រូវការនៃការបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលបន្ថែមទៀត ដោយលោកបានជំរុញឱ្យមានការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងឱ្យបានឆាប់ ជាពិសេសគឺការបណ្តុះបណ្តាលគ្រូជាច្រើនាក់ឱ្យឈានដល់កម្រិតអនុបណ្ឌិតលើផ្នែក NEV ។

លោករដ្ឋមន្រ្តីបន្តថា កម្ពុជាតែងចាត់ទុកវិស័យ TVET ជាកាតាលីករគន្លឹះជំរុញកំណើនផលិតភាពកម្លាំងពលកម្ម គាំទ្រដល់ពិពិធកម្ម និងការលើកកម្ពស់កម្រិតឧស្សាហកម្ម ព្រមទាំងពង្រីកឱកាសការងារសមរម្យសម្រាប់យុវជន។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងព្យាយាមពង្រឹងការផ្សារភ្ជាប់ឧស្សាហកម្ម និង TVET តាមរយៈការជំរុញការបណ្តុះបណ្តាលផ្អែកលើតម្រូវការ កម្មវិធីសិក្សាផ្អែកលើសមត្ថភាព ការរៀនសូត្រនៅកន្លែងធ្វើការ ប្រព័ន្ធកម្មសិក្សា និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងគ្រឹះស្ថាន TVET និងសហគ្រាស។

ជាការឆ្លើយតប លោក ឆិន ស៊ាងរ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះលោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបន្តគាំទ្រនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ TVET ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំល្អៗដែលជាគ្រឹះដ៏រឹងមាំនៃភាពជាដៃគូនេះ ហើយសមិទ្ធផលនាថ្ងៃនេះ គឺជាអ្វីដែលវិទ្យាស្ថាន GTVTC បានទន្ទឹងរង់ចាំជាយូរមកហើយ ដើម្បីផ្តល់ជូននូវការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញដែលឆ្លើយតបនឹងតម្រូវការរបស់កម្ពុជា ជាពិសេសផ្នែក NEV។ លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០២២មក វិទ្យាស្ថាន GTVTC បានបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន ៣៦រូប ហើយបច្ចុប្បន្ននេះ និស្សិតកម្ពុជាកំពុងបន្តការសិក្សាមាន ២៦រូបលើជំនាញ បច្ចេកវិទ្យា NEV, បច្ចេកវិទ្យាវាស់វែង និងគូរផែនទីដោយដ្រូន (UAV Mapping Technology) ព្រមទាំងបច្ចេកវិទ្យាវិស្វកម្មសំណង់ឆ្លាតវៃជាដើម។

លោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សា និងការផ្តល់យោបល់នេះគឺជាឱកាសនៃការចែករំលែកបទពិសោធលើការងារគ្រប់គ្រងសាលា និងធនធានប្រកបដោយប្រសិទ្ធភាព ជាពិសេសលើគម្រោងបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយ នាពេលអនាគតដើម្បីអភិវឌ្ឍផ្នែក NEV នៅកម្ពុជា ដោយលោកប្តេជ្ញាចិត្តថានឹងជំរុញការអនុវត្តការណ្តុះបណ្តាលឱ្យបានលឿនបំផុត។
ភាគីទាំងពីរបានបង្ហាញការជឿជាក់ថា ជំនួបពិភាក្សាដ៏មានតម្លៃ និងទស្សនវិស័យស៊ីជម្រៅនេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើផ្នែក NEV បច្ចេកវិទ្យាយានយន្ត ដឹកជញ្ជូន និងការអភិវឌ្ឍជំនាញតម្រង់ទិសឧស្សាហកម្មសម្រាប់ផលប្រយោជន៍ប្រជាជាតិទាំងពីរ៕



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


