Connect with us

ព័ត៌មានជាតិ

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ ៖ អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង ជំនាញ និងបទពិសោធការងារដែល​មានស្រាប់ ​ជាពិសេសវាក៏ជាកូនសោបើកទ្វារទៅកាន់ទីផ្សារការងារ​ និងបង្កើនប្រាក់ចំណូលកាន់តែប្រសើរថែមទៀត។

លោក ទុយ វិទូ អតីតពលករខ្មែរ ដែលបានមកចុះឈ្មោះធ្វើតេស្ត RPL លើមុខជំនាញរៀបចំប្រព័ន្ធទឹក និងអគ្គិសនីបាននិយាយថា លោកបានទទួលដំណឹងនេះពីមិត្តភក្ដិដែលបានមកធ្វើតេស្ត និងទទួលបានវិញ្ញាបនប័ត្ររួចហើយ។ ដូច្នេះលោកមានការចាប់អារម្មណ៍ និងបន្តការរៀនជំនាញថែមទៀត ដើម្បីបង្កើនចំណេះដឹងផង និងចង់បានការងារសមរម្យផងដែរ។

លោកបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមធ្វើតេស្ត RPL ដើម្បីទទួលបានការបញ្ជាក់ពីជំនាញរបស់ខ្ញុំ ព្រោះកម្មវិធីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកខ្ញុំជាពលករ ហើយមិនបានសិក្សាជំនាញនៅសាលាទូទៅ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនយើងដែលមិនទាន់បានមកចុះឈ្មោះធ្វើតេស្ត គួតែប្រញាប់មកចុះឈ្មោះ ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ជំនាញយកទៅប្រើប្រាស់ជាផ្លូវការ»។

អតីតពលករខ្មែរម្នាក់ទៀត លោក​ សួន វណ្ណា បាននិយាយថា លោកបានមកធ្វើតេស្តជំនាញរៀបចំបណ្ដាញអគ្គិសនី ព្រោះលោកបានធ្លាប់ធ្វើការងារទាក់ទងការរៀបចំបណ្ដាញអគ្គិសនីនៅក្នុងប្រទេសថៃ ហើយលោកក៏មានបទពិសោធន៍រយៈពេល ៦ឆ្នាំមកហើយ ប៉ុន្ដែមិនទាន់មានវិញ្ញាបនប័ត្រសម្រាប់បញ្ជាក់ជំនាញរបស់លោកទេ។

លោកបញ្ជាក់ថា៖«ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្ញុំក៏មានវិញ្ញាបនប័ត្របញ្ជាក់ពីជំនាញរបស់ខ្ញុំដែរ គឺធ្វើឱ្យខ្ញុំមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ។ ក​ន្លងមក ពេលខ្ញុំទៅរកការងារធ្វើខាងក្រុមហ៊ុនតែងតែសួរនាំពីសញ្ញាប័ត្រ ឬវិញ្ញាបនប័ត្របញ្ជាក់ពីជំនាញរបស់ខ្ញុំ តែពេលហ្នឹងខ្ញុំអត់មានទេ ចឹងក្រុមហ៊ុនគេមិនទទួលយកខ្ញុំឱ្យចូលធ្វើការងារទេ»។

លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អតីតពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ អាចចុះឈ្មោះធ្វើតេស្ត​ RPL បានតាម ៤ វិធី ដើម្បីទទួលបានលិខិតបញ្ជាក់ជំនាញផ្លូវការ ដែលអាចប្រើប្រាស់ក្នុងការស្វែងរកការងារល្អប្រសើរ និងបង្កើនប្រាក់ចំណូល​ខ្ពស់។

លោកបន្តថា វិធីទាំង៤នោះរួមមាន ទី១. ចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩កន្លែងក្នុងម៉ោងធ្វើការ, ទី២. ចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមអាសយ​ដ្ឋាន https://erpl.mlvt.gov.kh, ទី៣. ទំនាក់ទំនងតាមប្រព័ន្ធឆ្លើយតបបន្ទាន់(Hotline) លេខ ១២៩៧ និងទី៤. ការស្គែនឃ្យូរកូដ(QR Code)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម