ព័ត៌មានជាតិ
សហជីពធំៗនៅកម្ពុជា គាំទ្រពេញទំហឹងចំពោះកម្មវិធី RPL ព្រោះជួយអតីតពលករខ្មែរដែលមកពីថៃឱ្យមានវិញ្ញាបនបត្របញ្ជាក់ជំនាញ និងប្រាក់ចំណូលខ្ពស់
សហជីពធំៗនៅកម្ពុជា បានបង្ហាញការពេញចិត្ត និងគាំទ្រពេញទំហឹងចំពោះកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL) ដែលជួយដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃ តាមរយៈការទទួលស្គាល់សមត្ថភាព និងបទពិសោធពីក្រៅប្រទេសឱ្យទៅជាវិញ្ញាបនបត្រជាតិផ្លូវការ ដែលនាំឱ្យពួកគាត់ងាយស្រួលរកការងារធ្វើ ប្រាក់ខែសមរម្យ និងមានឱកាសឡើងតំណែង។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) ថា លោកគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិកា បានដាក់ចេញនូវកម្មវិធី RPL នេះ ដើម្បីជួយអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ។

លោកបន្តថា កម្មវិធីនេះ ពិតជាមានសារៈសំខាន់ដែលបានចេញវិញ្ញាបនបត្របញ្ជាក់ជំនាញ តាមរយៈការវាយតម្លៃផ្អែកលើសមត្ថភាព ទទួលស្គាល់ការសិក្សាដែលមានពីមុន ផ្តល់នូវឱកាសដល់អតីតពលករខ្មែរ ដែលបាននិងកំពុងបម្រើការងារ និងអ្នកមានជំនាញដែលមិនទាន់មានការងារឱ្យទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ សមត្ថភាព ឬគុណវុឌ្ឍិរបស់ពួកគាត់។

ថ្នាក់ដឹកនាំសហជីពរូបនេះបញ្ជាក់ថា «កម្មវិធី RPLនេះ គឺពិតជាមានសារៈសំខាន់មែនទែនសម្រាប់បងប្អូនអតីតពលករខ្មែរយើង ព្រោះកន្លងមកពួកគាត់ធ្លាប់ធ្វើការងារជាក់ស្ដែង ធ្លាប់មានបទពិសោធ និងមានជំនាញច្បាស់លាស់ ប៉ុន្ដែជំនាញរបស់ពួកគាត់មិនទាន់មានការទទួលស្គាល់ទេ។ អីចឹង ដើម្បីឱ្យជំនាញ និងបទពិសោធន៍ពួកគាត់ ក្លាយជាជំនាញផ្លូវការ គឺពួកគាត់ត្រូវមកធ្វើតេស្ត ហើយបងប្អូនយើងដែលមានបំណង សូមមកធ្វើតេស្តមក ដើម្បីទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ពីក្រសួងការងារ»។

ចំណែកលោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា(CLC) បានថ្លែងថា លោកពេញចិត្តចំពោះកម្មវិធីនេះ ដោយចាត់ទុកកម្មវិធី RPL មានភាពបត់បែន ងាយស្រួលក្នុងការពង្រឹង ឬផ្លាស់ប្តូរជំនាញឱ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារបច្ចុប្បន្ននេះ។
លោកបញ្ជាក់ថា «យើងបានដឹងទាំងអស់គ្នាថា កន្លងមកយើងមិនធ្លាប់មានកម្មវិធីទទួលស្គាល់ជំនាញដូចដែលក្រសួងការងារកំពុងអនុវត្តនោះទេ ប៉ុន្ដែពេលនេះ រាជររដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បានយកចិត្តទុកដាក់បង្កើតកម្មវិធី RPL នេះឡើង។ ខ្ញុំយល់ថា កម្មវិធីនេះ គឺយើងដាក់ចំគោលដៅល្អណាស់ ព្រោះអតីតពលករយើងដែលមកពីថៃភាគច្រើន គឺពួកគាត់មានតែចំណេះ ជំនាញ និងបទពិសោធន៍ជាប់ខ្លួនមកទេ ប៉ុន្ដែមិនមានវិញ្ញាបនបត្របញ្ជាក់ទេ។ អីចឹង ក្នុងកាលៈទេសៈនេះ គឺជាឱកាសមាសសម្រាប់បងប្អូនយើងហើយ»។

លោក គង់ អាទិត្យ បានអំពាវនាវដល់អតីតពលករខ្មែរបានវិលត្រឡប់មកពីប្រទេសថៃ គួរតែមកធ្វើតេស្តជាមួយកម្មវិធី RPLនេះឱ្យបានច្រើនថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ អាចទទួលបានប្រាក់ខែខ្ពស់ ហើយសម្រាប់អ្នកដែលមានការងារធ្វើស្រាប់អាចមានឱកាសបានឡើងតួនាទីថែមទៀតផង។

អតីតពលករខ្មែរដែលបានមកធ្វើតេស្ត RPL គឺលោក សុខ ហាច បាននិយាយថា លោកបានធ្វើការងារជាកម្មករសំណង់ជាជាងអគ្គិសនីនៅប្រទេសថៃចំនួន ៣ឆ្នាំមកហើយ ដោយលោកបានធ្វើការងារជាមួយអ្នកជំនាញបរទេសជាច្រើន និងបានសិក្សាស្វែងយល់ពីការងារដំឡើងប្រព័ន្ធអគ្គិសនីនៅតាមអាគារ រោងចក្រ និងទីតាំងសំណង់ផ្សេងៗទៀត។
លោកបន្តថា ជំនាញដែលលោកនាំមកដល់កម្ពុជាវិញនេះ គឺមិនមានឯកសារបញ្ជាក់ទទួលស្គាល់នោះទេ ដែលធ្វើឱ្យលោកមានការពិបាកក្នុងការស្វែងរកការងារធ្វើនៅក្នុងស្រុក។ លោកបានទទួលដំណឹងនេះពីមិត្តភក្ដិម្នាក់ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញពី RPL ហើយបានណែនាំលោកឱ្យមកចុះឈ្មោះធ្វើតេស្ត RPL ដែរ ព្រោះមិនមានបង់ប្រាក់នោះទេ។

លោកបញ្ជាក់ថា «ធ្វើការងារនៅស្រុកថៃ៣ឆ្នាំហើយ ប៉ុន្ដែការងារមិនងាយស្រួលដូចធ្វើការងារនៅក្នុងស្រុកយើងទេ ហើយប្រាក់ចំណូលក៏មិនលើសពីការងារក្នុងស្រុកយើងដែរ។ ឥឡូវនេះ ខ្ញុំទទួលបានវិញ្ញាបនបត្រថែមមួយទៀត គឺនឹងធ្វើឱ្យខ្ញុំមានភាពងាយស្រួលក្នុងការស្វែករកការងារថ្មី និងអាចមានប្រាក់ចំណូលខ្ពស់ដែរ»។

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងដើម្បីចូលរួមអភិវឌ្ឍជំនាញ ក៏ដូចជា លើកទឹកចិត្តដល់អតីតពលករខ្មែរមកពីប្រទេសថៃ ឱ្យទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំការវាយតម្លៃទទួលស្គាល់ជំនាញពីមុន ដោយឥតគិតថ្លៃ លើ ៨មុខជំនាញក្នុងវិស័យសំណង់ ចាប់ពីខែមេសា ឆ្នាំ២០២៦នេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


