Connect with us

ព័ត៌មានជាតិ

វិស័យឯកជនទទួលស្គាល់ RPL ជាយន្តការដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ

បានផុស

នៅ

វិស័យឯកជនទទួលស្គាល់កម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន ហៅកាត់ថា RPL ជាយន្តការដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងធានាបាននូវកម្លាំងពលកម្មដែលមានស្តង់ដារ កាត់បន្ថយកំហុសបច្ចេកទេស និងគ្រោះថ្នាក់ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆេង ចំរើន អ្នកវាយតម្លៃមកពីវិស័យឯកជន លើ​ការងារដំឡើងសរសៃដែក នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ(PPI) បាននិយាយថា លោកបានទទួលស្គាល់ការវាយតម្លៃ RPL នេះ គឺជួយ ឱ្យម្ចាស់អាជីវកម្មស្វែងយល់ពីកម្រិតជំនាញពិតប្រាកដរបស់បុគ្គលិកបានភ្លាមៗ ដើម្បីដាក់ការងារឱ្យចំគោលដៅបច្ចេកទេស។

លោកបានបញ្ជាក់ថា «ទាក់ទងនឹងការងារវាយតម្លៃលើមុខជំនាញដំឡើងសរសៃដែកនេះ ត្រូវការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីស្វែងរកធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ ហើយអ្នកមានបច្ចេកទេសជាក់ស្ដែងលើមុខជំនាញនេះ គឺមានន័យថា ពួកគាត់ត្រូវតែចេះរៀបចំពីដើម រហូតដល់ចប់តួនាទីជាអ្នកដំឡើងសរសៃដែក»។

លោកបានបន្ថែមថា ពួកគាត់ពិតជាមានជំនាញ និងបទពិសោធន៍ជាក់លាក់ហើយ ប៉ុន្ដែនៅត្រូវវគ្គតម្រង់ទិសបន្ដិចបន្ដួច ដើម្បីស្វែង​យល់ពីស្ដង់ដារនៅក្នុងកន្លែងការដ្ឋាននីមួយៗ។ ក្រោយពេលពួកគាត់ឆ្លងកាត់តេស្ដ RPLនេះ គឺពួកគាត់ទទួល​បានចំណេះដឹង​វគ្គតម្រង់ទិស​ពីស្ដង់​ដារ និងយកទៅវិញនូវវិញ្ញាបនបត្រដ៏មានតម្លៃសម្រាប់ប្រើប្រាស់ក្នុងអាជីពរបស់ពួកគាត់។

លោកស្រី រី នីតា អ្នកវាយតម្លៃមកពីវិស័យឯកជន លើមុខជំនាញនៃការងារការ៉ូ និងកំបោរ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) បានថ្លែងថា RPL ជួយដល់ការកាត់បន្ថយថ្លៃបណ្តុះបណ្តាលបុគ្គលិក គឺមានន័យថា ចំណេញថវិកាលើការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ដោយគ្រាន់តែផ្តោតលើការបង្រៀនបច្ចេកវិទ្យាជាក់លាក់របស់ក្រុមហ៊ុនប៉ុណ្ណោះ។

លោកស្រីបានបញ្ជាក់ថា៖«ឆ្លងកាត់វាយតម្លៃកន្លងមកនេះ គឺបេក្ខជនរបស់យើងម្នាក់ៗ គឺពិតជាមានជំនាញច្បាស់លាស់ប្រាកដមែន ដោយគ្រាន់​តែណែនាំពួកគាត់ពីនីតិវិធីនៃការធ្វើតេស្ដប៉ុណ្ណោះ។ RPL ពិតសំខាន់សម្រាប់វិស័យឯកជន នៅពេលដែលវិស័យឯកជនត្រូវការជាងជំនាញ ឬបុគ្គលិក​មានបទពិសោធន៍ ដើម្បីចូលធ្វើការងារនៅក្នុងក្រុមហ៊ុនរបស់ពួកគាត់»។

លើសពីនេះ លោកស្រីថា RPL អាចបង្កើនទំនុកចិត្តវិនិយោគ​ក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះជួយឱ្យអ្នកវិនិយោគ​សម្រេចចិត្តបោះទុន​បានឆាប់រហ័ស ហើយអាចជួយឱ្យខ្សែសង្វាក់ផលិតកម្មដំណើរការបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ដែលនាំមកនូវ​ផលចំណេញ​ត្រឡប់មកវិញច្រើន និងចំណេញពេលវេលា។

បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ចំពោះអ្នកវាយតម្លៃសមត្ថភាពបេក្ខជន ក៏មាន​កេរ្តិ៍ឈ្មោះ​វិជ្ជាជីវៈល្អ ដែល​បានទទួលស្គាល់ជាអ្នកជំនាញផ្លូវការ និងមានភាពជឿជាក់ខ្ពស់ក្នុងវិស័យការងារនេះ។ ពួកគាត់ ត្រូវបានពង្រឹង​ជំនាញ​បច្ចេកទេស ការវិនិច្ឆ័យ បានធ្វើបច្ចុប្បន្នភាពចំណេះដឹងតាមស្តង់ដាទីផ្សារការងារថ្មីៗជាប្រចាំ។

លោកបានបញ្ជាក់ថា៖«ក្នុងន័យនេះ ខ្ញុំនៅតែអំពាវនាវដល់បងប្អូនអតីតពលករដែលត្រឡប់មកវិញ រួសរាន់មកចុះ​ឈ្មោះវាយ​តម្លៃជំនាញ​ដោយឥតគិតថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ ក្នុងការប្រលូកចូលក្នុងទីផ្សារការងារក្នុងស្រុកប្រកបដោយភាពជឿជាក់ និងប្រើ​ប្រាស់​លទ្ធ​ផលនៃការវាយតម្លៃនេះយ៉ាងពេញលេញ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម