Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំកម្មវិធីប្រកួតស្នាដៃនិពន្ធទាក់ទងនឹង «មនោសញ្ចេតនាជាតិ មាតុភូមិ» 

បានផុស

នៅ

ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសពីការរៀបចំកម្មវិធីប្រកួតស្នាដៃនិពន្ធអត្ថបទរឿងខ្លី និងកំណាព្យ លើកទីប្រាំពីរ ក្រោមប្រធានបទ «មនោសញ្ចេតនាជាតិ មាតុភូមិ» សម្រាប់តែនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប៉ុណ្ណោះ ។ កម្មវិធីនេះ រៀបចំឡើង ដើម្បីលើកតម្កើងវិស័យអក្សរសិល្ប៍នៅក្នុងប្រទេសកម្ពុជា ដូចជាសកម្មភាពតែងនិពន្ធ បោះពុម្ពផ្សាយ និងអំណានអក្សរសិល្ប៍។ នេះ បើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក របស់សាកលវិទ្យាល័យ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែល សរសេរថា ប្រធានបទ «មនោសញ្ចេតនាជាតិ មាតុភូមិ» គឺមានគោលបំណងឱ្យយុវជនខ្មែរទាំងអស់មានមនោសញ្ចេតនា ស្មារតី ស្រឡាញ់ ការពារជាតិ ទឹកដី ប្រវត្តិសាស្រ្ត និងអរិយធម៌។ ចំពោះលក្ខខណ្ឌប្រកួត បេក្ខជនជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, មានសញ្ជាតិខ្មែរ និងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ។ បេក្ខជន ដែលដាក់ស្នាដៃប្រកួតវិញ ចំពោះប្រភេទរឿងខ្លី ត្រូវនិពន្ធចន្លោះ១៥ ទៅ២០ទំព័រ ទំហំប្រដាស A4។ រីឯ ប្រភេទកំណាព្យ ត្រូវនិពន្ធចន្លោះ ៤០ ទៅ៥០ល្បះ។ ការប្រកួតនេះ នឹងចាប់ទទួលអត្ថបទប្រកួតប្រជែងពីពេលជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៦។ និស្សិត អាចដាក់ស្នាដៃប្រកួតតាមរយៈតំណភ្ជាប់ទៅGoogle Form៖ https://forms.gle/8p94VD75xCoSyPQMA

សម្រាប់ការប្រកួតនេះ គណៈកម្មការវាយតម្លៃ និងកំណែ នឹងវិនិច្ឆ័យសំណេរអត្ថបទដែលបានចូលរួមប្រកួតប្រជែងលើចំណុច ដូចជា អត្ថរូប ពិនិត្យលើទម្រង់អត្ថបទ ពាក្យពេចន៍ ឃ្លោងឃ្លា ល្បះ… (ចៀសវាងការប្រើពាក្យអសុរោះ ឬអាសអាភាស)។ ផ្នែកអត្ថន័យ គឺទាក់ទងនឹងខ្លឹមសារ មនោសញ្ចេតនា ស្នេហាជាតិមាតុភូមិ។ ចំណែកអត្ថរស គឺបង្ហាញពីការបណ្តុះស្មារតី អង់អាចក្លាហាន តស៊ូ ប្រយុទ្ធ ថែរក្សា ការពារជាតិ ទឹកដី ពង្រឹងសាមគ្គីភាព ឯកភាពក្នុងការកសាង សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនជាដើម។

សូមជម្រាបថា ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ២លានរៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១លាន ៥សែនរៀល និងជ័យលាភីលេខ៣ ទទួលបាន ១លានរៀល។ បន្ថែមពីនេះ បេក្ខជនដែលទទួលបានជ័យលាភីទាំង៣ ក៏នឹងមានឱកាសចូលរួមចែករំលែកបទពិសោធនានាដែលរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថែមទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម