ព័ត៌មានជាតិ
សៀវភៅកវីបណ្ឌិតសម័យអង្គរត្រូវបានដាក់សម្ពោធក្រោយស្រាវជ្រាវអស់ពេល៦ឆ្នាំ
សៀវភៅកវីបណ្ឌិតសម័យអង្គរ៖ ប្រវត្តិ និងស្នាដៃ ដែលជាការចំណាយពេលស្រាវជ្រាវ៦ឆ្នាំរបស់សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៤រូបគឺលោក ពិ ខាត់ណា លោក វ៉ាន់ វី បណ្ឌិត ឆោម គន្ធា និងបណ្ឌិត អ៊ុន លាង ត្រូវបានដាក់សម្ពោធកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដែលជាឯកសារដ៏សំខាន់មួយដែលបានបង្ហាញដល់កូនខ្មែរជំនាន់ក្រោយនូវអ្នកប្រាជ្ញខ្មែរដែលបានជួយចក្រភពខ្មែរឱ្យរីកចម្រើននាពេលអតីតកាល។

នៅចំពោះមុខសិស្សជាង៧០នាក់ក្នុងទីធ្លាក្នុងបរិវេណនៃបណ្ណាល័យហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាស្ត្រាចារ្យ វ៉ាន វី មានប្រសាសន៍ថាការរីកចម្រើនរបស់កម្ពុជាក្នុងសម័យអង្គរពិតណាស់ត្រូវការធនធានមនុស្សដែលពូកែ ហើយកវីបណ្ឌិតទាំងនេះហើយបានជួយឱ្យចក្រភពខ្មែរបានរុងរឿងនោះ។
លោកថា៖ «ជាទូទៅយើងស្គាល់ព្រះនាមព្រះមហាក្សត្រលោកដឹកនាំប្រទេសហើយលោកចាត់ចែងដឹកនាំអ្វីផ្សេងៗ តែនៅពីក្រោយព្រះមហាក្សត្រនោះគឺក្រុមបណ្ឌិត កវីទាំងឡាយដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះ។ ហើយរបៀបសិក្សានោះមានបកស្រាយក្នុងការសិក្សានេះខ្លះដែរ»។
បើតាមលោក វ៉ាន់ វី ឯកសារស្រាវជ្រាវនេះជាការចងក្រងលំអិតពីអ្នកប្រាជ្ញា៥រូបដែលមានកេរ្តិ៍ឈ្មោះលេចធ្លោពីសតវត្សទី៩ ដល់ទី១២។ ក្រៅតែពីប្រវត្តិ និងស្មាដៃ អ្នកស្រាវជ្រាវក៏បានចងក្រងនូវរូបភាពរបស់អ្នកប្រាជ្ញទាំង៥ផងដែរ។

ព្រាហ្មណ៍បណ្ឌិត៥រូបដែលបានស្រាវជ្រាវមកចងក្រងក្នុងសៀវភៅគឺ ព្រាហ្មណ៍ សិវសោម ព្រាហ្មណ៍ យជ្ញរវាហៈ ព្រាហ្មណ៍ សិវាចារ្យ ព្រាហ្មណ៍ ទិវាករបណ្ឌិត និងព្រះនាងឥន្ទទេវី។
សាស្ត្រាចារ្យដែលបានចូលរួមស្រាវជ្រាវសៀវភៅនេះផងដែរលោក ពិ ខាត់ណា មានប្រសាសន៍ថាការស្រាវជ្រាវនេះជាការសម្រេចជោគជ័យដ៏ធំមួយនៃការប៉ុនប៉ងរបស់អ្នកស្រាវជ្រាវខ្មែរសម័យទំនើបនេះ។
លោកថា៖ «មានអ្នកធ្លាប់ប៉ុនប៉ង មិនមែនថាគាត់មិនគិតទេ! គាត់គិតថាត្រូវធ្វើតែអ្វីដែលគាត់ធ្វើសម័យគាត់វានៅត្រឹមតែជាការប៉ុនប៉ង។ ហេតុអ្វីប៉ុនប៉ង? ព្រោះអត់ទាន់មានលទ្ធភាព ធនធានគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការហ្នឹងទេ អត់មានធនធានអត់មានគ្នា។ ព្រោះដើម្បីធ្វើបានមិនមែនដេកយល់សប្ដិទេ! ព្រោះយើងត្រូវការពិនិត្យឯកសារសហសម័យដែលជាសិលាចារឹក ជាប្រភពឯកសារតែមួយគត់ដែលយើងជឿទុកចិត្ត»។

ដើម្បីបានសៀវភៅមួយក្បាលនេះអ្នកស្រាវជ្រាវបានចំណាយពេលសិក្សាស្រាវជ្រាវទាំងលើឯកសាររបស់អ្នកស្រាវជ្រាវពីមុនដូចជាហ្សកហ្សីដែស ឌុយប៉ុងត៍ បណ្ឌិត ពៅ សាវរស ផ្ទៀងផ្ទាត់ជាមួយសិលាចារិក ព្រមទាំងពិនិត្យលើឯកសារសិលាចារឹកភាសាចាមថែមទៀតផង។ សៀវភៅនេះមានកម្រាស់១៧៦ទំព័រ និងត្រូវបានបោះពុម្ពដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
និស្សិតឆ្នាំទី៣ ផ្នែកប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោក រស់ សានីឧត្តម បានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះសៀវភៅស្រាវជ្រាវថ្មីនេះដែលបានឱ្យកូនចៅខ្មែរបានស្គាល់បុព្វបុរស អ្នកប្រាជ្ញរបស់ខ្លួន និងបានស្វែងយល់ពីគំនិតអ្នកប្រាជ្ញាទាំងនោះ។
លោកថា៖ «សៀវភៅនេះល្អមែនទែនដែលយើងបានលើកយកអំពីស្នាដៃរបស់គាត់(អ្នកប្រាជ្ញ)ចងក្រងឡើងដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សាបន្ត និងស្វែងយល់ពីគំនិតដែលអ្នកប្រាជ្ញសរសេរហ្នឹងដើម្បីយកអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន»។

សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោក ជេត ជាលី មានប្រសាសន៍ក្នុងពិធីសម្ពោធនោះដោយបានថ្លែងអំណរគុណដល់ក្រុមអ្នកស្រាវជ្រាវ និងចាត់ទុកសៀវភៅនេះជាការស្រាវជ្រាវដែលមានគុណប្រយោជន៍ ហើយទិន្នន័យដែលបានចុះក្នុងសៀវភៅនឹងបានជាការត្រួសត្រាយផ្លូវសម្រាប់អ្នកស្រាវជ្រាវបន្តទៅមុខទៀត។
លោកថា៖ «ខ្ញុំជឿថាសៀវភៅនេះដែលប្អូននឹងអានឃើញមានអ្នកប្រាជ្ញប៉ុន្មាននាក់ដែលមានមិនជាលំអិតដែរ អ៊ីចឹងជាជំហានទី១យើងរកបានប៉ុនហ្នឹង។ ប៉ុន្ដែគិតថាទៅថ្ងៃក្រោយទៀតបើលោកគ្រូអ្នកគ្រូ ដែលសរសេរនេះចាស់ៗអស់ទៅប្រហែលជាមានតែក្រុមប្អូនឯងហ្នឹងហើយដែលត្រូវបន្តស្រាវជ្រាវឱ្យមានអ្នកប្រាជ្ញាមានអីនឹងគេនឹងឯងកុំឱ្យប្រទេសមួយគ្មានអ្នកប្រាជ្ញមួយសោះ»។

សៀវភៅនេះបានចាប់ផ្ដើមចែកចាយលក់លើទីផ្សារហើយដោយក្នុងមួយក្បាលតម្លៃ១០ដុល្លារ ដោយឡែកចំពោះនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញទទួលបានការបញ្ចុះតម្លៃ៥០%។ ក្នុងអារម្ភកថា
រដ្ឋមន្ត្រីអប់រំលោក ហង់ជួន ណារ៉ុន បានបង្ហាញជំនឿចិត្តថាសៀវភៅនេះនឹងក្លាយជាឯកសារដ៏សំខាន់មួយសម្រាប់និស្សិត គ្រូបង្រៀន អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ ដែលមានបំណងចង់ស្វែងយល់ឱ្យកាន់តែច្បាស់អំពីភាពប៉ិនប្រសប់ខាងបញ្ញាញាណរបស់បុព្វបុរសខ្មែរ នៅសម័យមហានគរ។ ការយល់ដឹងអំពីស្នាដៃរបស់អស់លោកទាំងនេះគឺមិនត្រឹមតែជាការគោរពចំពោះអតីតកាលប៉ុណ្ណោះទេ តែជាការបណ្ដុះស្មារតីស្នេហាជាតិ និងមោទនភាពលើអត្តសញ្ញាណខ្មែរផងដែរ៕





អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
រូបភាព៖ ផ្ដល់ជូន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


