Connect with us

ព័ត៌មានជាតិ

អគារវះកាត់កុមារនៅពេទ្យកុមារជាតិកម្ពស់៤ជាន់តម្លៃជាង៥លានដុល្លារប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់

បានផុស

នៅ

អគារសល្យសាស្ត្រកុមារ ឬអគារវះកាត់កុមារដែលមានកម្ពស់ ៤ជាន់ មានតម្លៃ៥លាន២សែនដុល្លារអាមេរិកជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សមាគមនិកាយ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានបុកគ្រឹះសាងសង់ជាផ្លូវការហើយនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបនឹងតម្រូវរបស់កុមារដែលមកទទួលសេវានៅមន្ទីរពេទ្យមានការកើនឡើងជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីក្រុងពាលីបញ្ចុះបឋមសិលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារជាតិ និងលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិព្រមទាំងម្ចាស់ជំនួយ និងថ្នាក់ដឹកនាំបុគ្គលិកជាច្រើនរូបទៀត។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានមានប្រសាសន៍ដឹងថា អគារសល្យសាស្ត្រកុមារ សាងសង់លើទំហំដី ៣,២៨៧ម៉ែត្រការ៉េ កម្ពស់ ២០.៤ម៉ែត្រ(២០.៩ម៉ែត្រទាំង កាំជណ្តើរ) បណ្តោយ ២៩.៩ម៉ែត្រ ទទឹង​២៣.៦ម៉ែត្រ កម្ពស់៤ជាន់ (ទាំងជាន់ផ្ទាល់ដី) រួមទាំងការបំពាក់សម្ភារៈបរិក្ខាចាំបាច់ នឹងជួយពង្រឹងសមត្ថភាពផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារជាតិ។

លោកវេជ្ជបណ្ឌិតបានបន្តថា គម្រោងនេះនឹងពង្រីកលទ្ធភាពមន្ទីរពេទ្យក្នុងការបម្រើសេវាសុខភាពដល់កុមារកម្ពុជា និងសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះ ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងទទួលបានជោគជ័យស្របតាមយុទ្ធសាស្ត្រក្រសួងសុខាភិបាល។ លើសពីនេះអគារនេះនឹងជួយឲ្យមន្ទីរពេទ្យកុមារជាតិ មានលទ្ធភាពកាន់តែខ្ពស់ ក្នុងការផ្តល់ជូននូវសេវាថែទាំ ព្យាបាលយ៉ាងកក់ក្តៅប្រកបដោយមេត្តាធម៌ សម្រាប់កុមារកម្ពុជាទាំងអស់។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យកុមារជាតិ បាននឹងកំពុងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបុគ្គលិកជំនាញ និងគុណភាពសេវា ដើម្បីមានលទ្ធភាពកាន់តែច្រើន ក្នុងការផ្តល់ជូនសេវាសុខភាពកុមារដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនក្នុងការស្តារ និងអភិវឌ្ឍន៍កម្ពុជាឱ្យបានរីកចម្រើន ថ្កុំថ្កើន រុងរឿង ទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា អគារសល្យសាស្រ្តកុមារ នៃគម្រោងពង្រឹងសមត្ថភាពផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារជាតិនេះនឹងបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម