Connect with us

ព័ត៌មានជាតិ

កម្ពុជា​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​អន​ឡាញ

បានផុស

នៅ

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កម្ពុជា​លោក ឆៃ ស៊ីណារិទ្ធ ថា​កម្ពុជា​មាន​គម្រោង​ចង់​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​ដែល​​បង្ហាញ​នូវ​ឆន្ទៈ​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រឆាំង​​ឧក្រិដ្ឋកម្ម​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆៃ ស៊ីណារិទ្ធ បាន​លើក​ឡើង​បែប​នេះ​ក្នុង​ពេល​ដែល​លោក​ជួប​ពិភាក្សា​ការងារ​ជា​មួយ​អគ្គលេខាធិការ​​នៃ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​សន្ដិសុខ​ និង​សមាហរណកម្ម​អនុវត្ត​ច្បាប់​ មេគង្គ-ឡាងឆាង​ (LMLECC) លោក You Xiaowen កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា។

ក្នុង​ជំនួប​នោះ​លោក ឆៃ ស៊ីណារិទ្ធ ឆន្ទៈ​នយោបាយ ការ​ប្រើប្រាស់​វិធាន​ការ​ច្បាប់ និង​ច្បាប់​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គឺ​មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប និង​បង្ការ​មិន​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​មាន​ឡើង​វិញ​នៅ​កម្ពុជា​។

លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ ជំហាន​បន្ទាប់​កម្ពុជា​នឹង​សហការ​ជាមួយ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​បង្ក្រាប​ និង​ចាត់​វិធាន​ការ​លើ​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​ លាង​សម្អាត​ប្រាក់ ជួញ​ដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ផ្សេង​ទៀត​ឱ្យ​មាន​ប្រសិទ្ធភាព​​។


ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​គម្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ នាពេល​ខាង​មុខ​ និង​សង្ឃឹម​ថា​អគ្គលេខាធិការ​ដ្ឋាន LMLECC នឹង​ចូលរួម​ជួយ​គាំទ្រ​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដែរ​។

​អគ្គលេខាធិការ LMLECC លោក You Xiaowen បាន​គាំទ្រ​កម្ពុជា​ចំពោះ​បំណង​នេះ​ និង​ថា ​LMLECC នឹង​ប្រើប្រាស់​បណ្ដាញ​ និង​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ​ទទួល​ជោគ​ជ័យ​។


គួរ​ឱ្យ​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​វិធាន​ការ​ក្ដៅ​បង្ក្រាប​បទ​ល្មើស​ Scam Online ពី​កម្ពុជា​ឱ្យ​អស់​ដើម្បី​ស្ដារ​មុខមាត់​ប្រទេសជាតិ​ឡើង​វិញ​បន្ទាប់​ពី​បញ្ហា​នេះ​បាន​ញាំញី​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ចុងខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបង្ក្រាបបានបទល្មើសឆបោកអនឡាញចំនួនជាង៤០០ករណី ដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង និងបញ្ចូនជនសង្ស័យជាង១៤០០នាក់ ក្នុងសំណុំរឿង១៤៣ករណី ទៅកាន់តុលាការ៕ ​


អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម