Connect with us

ព័ត៌មានជាតិ

ប្រតិបត្តិការបង្ក្រាបឆបោកអនឡាញឈានដល់ការបណ្តេញជនបរទេស ៨០០០ នាក់ពីប្រទេសកម្ពុជា

បានផុស

នៅ

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស គិតមកត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ បានឈានដល់ការបណ្តេញជនបរទេសប្រមាណជាង ៨,០០០ នាក់ពីប្រទេសកម្ពុជា។ ទន្ទឹមនេះ អាជ្ញាធរកម្ពុជាកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនបរទេសជាច្រើនទៀត ដែលត្រូវការឯកសារធ្វើដំណើរ និងការគាំទ្រដល់ការធ្វើមាតុភូមិ-និវត្តន៍របស់ពួកគេទៅកាន់ប្រទេសកំណើតវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងបែបនេះ អំឡុងពេលធ្វើបទបង្ហាញជូនអង្គទូត និងតំណាងសហភាពអឺរ៉ុប (EU) អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នាឱកាសនោះ លោក​បានជម្រាបជូនអំពីវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីឆ្នាំកន្លងទៅ ដោយបានលើកឡើងអំពីការបង្ក្រាបប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសបានចំនួន ២០០ករណី និងបានចាត់វិធានតាមផ្លូវច្បាប់ចំពោះមេខ្លោង និងអ្នកសមគំនិតដែលមានជាតិសាសន៍ចម្រុះបានប្រមាណ៥០០នាក់។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានឆ្មក់ចូលបង្ក្រាបទីតាំងជាច្រើនកន្លែង និងបានដកហូតវត្ថុតាងឌីជីថលជាច្រើន ក្រោមការគាំទ្រជាជំនួយបច្ចេកទេសពីដៃគូអន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មនេះគឺជាក្តីកង្វល់សកលទាមទារការចូល​រួមរបស់រាជរដ្ឋាភិបាលនៅគ្រប់កម្រិត និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ

លោកបានកត់សម្គាល់បន្ថែមទៀតថា បណ្តាញឧក្រិដ្ឋជនបានសម្របខ្លួនដោយពង្រាយប្រតិបត្តិការទៅជាកន្លែងតូចៗ ឬតាមលំនៅដ្ឋានដែលបង្កើតជាបញ្ហាប្រឈមថ្មីក្នុងការបង្ក្រាប។ ការស៊ើបអង្កេតនៅតែបន្តជាមួយនឹងកិច្ចខិតខំប្រឹងប្រែងតាមដានលំហូរហិរញ្ញវត្ថុ និងកំចាត់បណ្តាញលាងលុយ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ឆ្លើយតបទៅនឹងភាពចន្លោះប្រហោងផ្នែកច្បាប់កម្ពុជាកំពុងដំណើរការអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅពង្រឹងនិរន្តរភាព ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកបានគូសបញ្ជាក់ អំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជា និងដៃគូបរទេសនានា រួមមាន ប្រទេសចិន វៀតណាម សាធារណរដ្ឋកូរ៉េ ជប៉ុន ឥណ្ឌា អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ជាដើម។

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ក៏បានសម្តែងសុទិដ្ឋិនិយមថា តាមរយៈការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងត្រូវបានលុបបំបាត់ទាំងស្រុងពីប្រទេសកម្ពុជាក្នុងឆ្នាំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម