Connect with us

ព័ត៌មានជាតិ

នាំខ្លួនមនុស្ស ២នាក់ទៅសាកសួរ ក្រោយរកឃើញសាច់បង្កកខូចគុណភាពជាង ៥០០គីឡូក្រាម នៅខេត្តបាត់ដំបង

បានផុស

នៅ

មនុស្សចំនួន ២នាក់ ត្រូវបានកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នាំខ្លួនទៅសាកសួរនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោយពីរកឃើញ និងរឹបអូសសាច់បង្កក និងផលិតផលម្ហូបអាហារខូចគុណភាព និងហួសកាលបរិច្ឆេទ សរុបជាង ៥០០គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ផេង សិទ្ធី អភិបាលរងខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក ឡី សិរីរិទ្ធិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង។

ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងលក់ទំនិញមួយកន្លែង ដែលសង្ស័យថាបានស្តុកទុកសាច់បង្កក និងផលិតផលនាំចូលពីប្រទេសថៃ ស្ថិតនៅហាងយីហោ «FRESH SHOP» តាមបណ្តោយផ្លូវលេខ១ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនអ្នកពាក់ព័ន្ធចំនួន ២នាក់ រួមមាន ឈ្មោះ ឆាត ច័ន្ទថន ភេទស្រី អាយុ ២៧ឆ្នាំ ជាអ្នកគ្រប់គ្រងទូទៅសាខាខេត្តបាត់ដំបង និង ឈ្មោះ ឈឿម នីត ភេទស្រី អាយុ ២៦ឆ្នាំ ជាជំនួយការអ្នកគ្រប់គ្រងទូទៅសាខាខេត្តបាត់ដំបង។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សាច់មាន់ខូចគុណភាព ចំនួន ១៥ថង់ ស្មើនឹង ៣៤១គីឡូក្រាម មឹកបំពង់ហួសកាលបរិច្ឆេទ ចំនួន ៨កេស ស្មើនឹង ១២០គីឡូក្រាម និងត្រីសាបាក់ខូចគុណភាព ចំនួន ៣០កេស ស្មើនឹង ៦០គីឡូក្រាម។

លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថា គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះអាជ្ញាធរខេត្តនឹងបន្តចុះត្រួតពិនិត្យទីតាំងលក់ទំនិញ និងឃ្លាំងស្តុកទំនិញនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបការចរាចរទំនិញខូចគុណភាព ជាពិសេសទំនិញនាំចូលពីក្រៅប្រទេស ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ក្រោយបញ្ចប់ការត្រួតពិនិត្យ អ្នកគ្រប់គ្រង និងជំនួយការទាំង ២នាក់ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីសាកសួរ ខណៈវត្ថុតាងដែលដកហូតបាន ត្រូវបានក្រុមការងារសម្រេចយកទៅបំផ្លាញចោលតាមនីតិវិធី៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម