Connect with us

ព័ត៌មានជាតិ

តុលាការសម្រេចចោទប្រកាន់អ្នកនាំចូលសាច់បង្កក​៤នាក់ ចំនួន ៣បទល្មើស

បានផុស

នៅ

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេច​ចោទប្រកាន់លើជនសង្ស័យជាអ្នកនាំចូលសាច់បង្កកពីប្រទេសថៃចំនួន៤នាក់ លើ ៣បទល្មើស និងត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកនាំចូលសាច់បង្កកពីប្រទេសថៃនៅទីតាំងផ្ទះគ្មានលេខ លើផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ឈ្មោះ ភុត ប៊ុនហម ភេទប្រុស អាយុ៤៦ឆ្នាំ ឈ្មោះ ហម ម៉ារ៉ាណែត ភេទស្រី អាយុ២៣ឆ្នាំ និងឈ្មោះ ញិន គីមសួរ ភេទស្រី អាយុ៣៩ឆ្នាំ ជាអ្នកនាំចូលសាច់បង្កកពីប្រទេសថៃនៅទីតាំងផ្ទះគ្មានលេខ ផ្លូវគ្មានលេខ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនត្រូវចោទត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព មានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ, បទការប្រព្រឹត្តអំពើក្លែងបន្លំដើមកំណើតទំនិញ និងបទការនាំចូលទំនិញដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ១៨ និងមាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, មាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ។

សូមជម្រាបថា ជនសង្ស័យត្រូវបានកម្លាំងជំនាញមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ និងខណ្ឌឬស្សីកែវ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកដ៏ធំក្នុងភូមិសាស្ត្រខាងលើដែលនាំចូលពីប្រទេសថៃមកចែកចាយនៅក្នុងទីផ្សារកម្ពុជា។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក្រុមការងារចំរុះបានរកឃើញផលិតផលសាច់បង្កកច្រើនប្រភេទរាប់រយតោនផងដែរ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម