ព័ត៌មានជាតិ
កម្ពុជា-ICRC បន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារមនុស្សធម៌ និងច្បាប់អន្តរជាតិ
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកប្រធានគណៈប្រតិភូប្រចាំតំបន់ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង ICRC និងកាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការឆ្លើយតបនឹងគ្រោះអាសន្ន និង ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law-IHL)។ បន្ថែមលើនេះ, លោកប្រធានគណៈប្រតិភូក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែល ICRC បានរួមចំណែកដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួលកិច្ចការនានា អំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកប្រធានគណៈប្រតិភូប្រចាំតំបន់ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា ក្នុងដំណើរទស្សនកិច្ចការងារមកកាន់ប្រទេសកម្ពុជានាពេលនេះ រូបលោកបានចុះទៅពិនិត្យការអនុវត្តគម្រោងជំនួយកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលបានអនុវត្តក្នុងខេត្តបាត់ដំបង និងកម្មវិធីសុខភាពក្នុងពន្ធនាគារ ផងដែរ។ ជាមួយគ្នានេះ, លោកប្រធានក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោក Jürg Montani ដែលត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូប្រចាំតំបន់ នៃ ICRC។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ICRC ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ ICRC ដែលបានគាំទ្រដល់ជនភៀសសឹកកម្ពុជា ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសម្របសម្រួលយ៉ាងសកម្ម ក្នុងការដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់។ ទន្ទឹមនេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និង ICRC។ ក្នុងន័យនេះ, សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះ ICRC ដែលបានផ្ដល់ការគាំទ្រការអនុវត្តគម្រោងជាច្រើននៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងភាពជាដៃគូដ៏ល្អជាមួយនឹង ICRC បន្ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំពារប្រជាពលរដ្ឋគ្រប់រូប តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ រួមទាំងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ ICRC ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួង-ស្ថានប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ICRC ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

បន្ថែមពីនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ផងដែរ។

មុននឹងបញ្ចប់, សម្តេចធិបតីក៏បានជម្រាបជូនលោកប្រធានគណៈប្រតិភូប្រចាំតំបន់ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


