Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត «ផលត្រីកើនឡើង តម្លៃចុះថោក តែរស់បានទាំងអស់គ្នា»

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងអំពីកំណើនផលត្រីក្នុងបឹងទន្លេសាប ក្រោយមានការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាច្រើនករណីបន្តបន្ទាប់ដោយកម្លាំងយោធា រួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ។ ទន្ទឹមនឹងការកើនឡើងផលត្រី ក៏មានការរអ៊ូរទាំរបស់ប្រជានេសាទពីតម្លៃរបស់ត្រីចុះថោក តែសម្ដេចធិបតី ថា នេះជាការចែកគ្នារស់ រវាងអ្នកនេសាទ និងអ្នកបរិភោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី បានលើកឡើងក្នុងពិធីអបអរសាទរទិវាជាតិមច្ឆាជាតិ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ថា ក្នុងរយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ កំណើនផលត្រីបានកើនឡើង ប៉ុន្ដែត្រូវប្រឈមនឹងតម្លៃត្រីចុះថោក។ «ខ្ញុំថា ស៊ូសម្បូរត្រី ហើយត្រីថោកចុះ បានរស់ទាំងអស់គ្នា ជាជាងអត់ត្រី ហើយត្រីឡើងថ្លៃ»។ សម្ដេចធិបតី មានប្រសាសន៍យ៉ាងដូច្នេះ។

សម្ដេចបានសុំការយោគយល់លើបញ្ហានេះ ហើយបន្តអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ពិសេសប្រជានេសាទចូលរួមឱ្យបានសកម្មថែមទៀត ក្នុងកិច្ចការពារ និងអភិរក្សធនធានជលផល ដោយទប់ស្កាត់ការនេសាទខុសច្បាប់ នៅរដូវបិទឡូតិ៍នេសាទ និងជៀសវាងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាអាទិ៍ឧបករណ៍ឆក់។

ពីវេទិកាទន្លេវ៉ៃគោនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យចាប់មេខ្យល់ដែលទៅបំផុសបំផុលឱ្យពលរដ្ឋរាប់រយនាក់ទៅឆក់ត្រី ហើយពួកគេចាំទិញបន្តពីពលរដ្ឋ។

សម្ដេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការអភិរក្សវិស័យជលផលនេះ មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់ ទាំងសសហគមន៍ និងប្រជានេសាទ ដើម្បីថែរក្សា និងអភិរក្សធនធានជលផលកម្ពុជាឱ្យមានកំណើនផលត្រីច្រើនសម្រាប់ទាំងអស់គ្នា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម