Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី​កម្ពុជា៖ ផលិតផល​កម្ពុជា​ ត្រូវតែ​ផលិត​នៅ​កម្ពុជា​ពិតប្រាកដ មិន​មែន​ទិញ​ពី​ក្រៅ​​វៃ​​ស្លាក​ផលិតនៅ​កម្ពុជា​

បានផុស

នៅ

​ថ្លែង​នៅ​ក្នុង​​ពិធី​ជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា កាល​ពី​ម្សិលមិញ​នេះ នាយករដ្ឋមន្រ្តី​កម្ពុជា​សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​សង្កត់ធ្ងន់​ពី​គោលដៅចង់ឱ្យផលិតផលដែល​ផលិតនៅកម្ពុជា ត្រូវ​តែ​ជា​ផលិតផល​ផលិត​នៅកម្ពុជាពិតប្រាកដ មិនមែនគ្រាន់តែទិញពីក្រៅប្រទេសមកបិទស្លាកសញ្ញាផលិត​នៅ​កម្ពុជា​នោះទេ

ខណៈ​ដែល​ផលិតផលផលិត​នៅ​​កម្ពុជា​ដែល​បាន​ចុះបញ្ជី​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​កាល​ពី​ឆ្នាំ ២០២៣ មាន​ត្រឹម​តែ ១ ៣៣៦ មុខ ហើយត្រឹម ៥​ឆ្នាំ​ចុងក្រោយ​កើន​ដល់ ២ ៣៥៣ មុខ។ កំណើន​យ៉ាង​​គំហុក​នេះ​គឺជាសញ្ញាវិជ្ជមាន​ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​សក្តានុពល​នៃ​ការ​ផលិត​ក្នុង​ស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅចំពោះមុខសហគ្រិន​ក្នុងស្រុក​រាប់រយនាក់ ចូលរួម​នៅ​ក្នុង​វេទិកា​ជួបជុំ​របស់​សហគ្រាស​ខ្នាត​តូច​ និង​​មធ្យម និង​សិប្បកម្ម​​ នាយករដ្ឋមន្រ្តី​កម្ពុជា​នៅមើលឃើញ​សក្តានុពលក្នុង​ការ​ពង្រីក​ផលិត​ផល​ផលិតក្នុងស្រុក​​បន្ថែមទៀត​។

យ៉ាងណាមិញ​សម្តេច​បាន​សង្កត់ធ្ងន់ថា​ ថ្ងៃក្រោយ​សម្តេច​សង្ឃឹម​ថា​ ផលិតផល​ផលិត​នៅ​កម្ពុជា​គឺ​ផលិត​នៅ​កម្ពុជា​ពិតប្រាកដ មិនមែននាំចូលវៃស្លាក​ផលិតនៅកម្ពុជានោះទេ។

«ខ្ញុំសង្ឃឹមថា ថ្ងៃក្រោយ​ផលិតផល​របស់​កម្ពុជាវៃស្លាក​កម្ពុជា មិនមែនធ្វើនៅក្រៅប្រទេសវៃស្លាក​​ធ្វើ​នៅកម្ពុជានោះទេ។ ​មិនមែនយកពី​​ក្រៅ បក​​ស្លាកហើយដាក់ស្លាក​​​កម្ពុជា គឺ​ផលិតនៅកម្ពុជាវៃស្លាកកម្ពុជាហើយតាមទីផ្សារ​លក់កាន់តែច្រើន ប្រៀបធៀបផលិតផលនាំចូល»។

នៅក្នុង​ឱកាស​នោះ​ សម្តេចនាយករដ្ឋមន្រ្តី​បាន​កត់សម្គាល់​ដែល​ជា​រៀងរាល់​ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ទៅ​លើ​ការ​នាំចូល​ម្ហូបអាហារ និង​របស់​របរ​ប្រើប្រាស់​ក្នុងផ្ទះ​ប្រចាំថ្ងៃ​ពី​ក្រៅ​ប្រទេស។

សម្តេច​ធិបតី​បញ្ជាក់​ថា «ប្រសិន​បើ​យើង​អាច​បង្វែរ​ការ​ចំណាយ​នេះ​ត្រឹមតែ ៣០% (ប្រមាណ ៣០០ លាន​ដុល្លារ) មក​​​គាំទ្រ​ធុរកិច្ច​ និង​ផលិតផល​ក្នុងស្រុក ក៏​នឹង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​បាន​យ៉ាង​ច្រើន»។

បន្ថែមពីនេះ សម្តេច​នាយករដ្ឋមន្រ្តី​បានលើកពី​ផែនការ ​ក្នុង​ការ​តភ្ជា​ប់វិស័យ​ទេសចរណ៍ និង​ផលិតផល​សហគមន៍។

​សម្តេចបានថ្លែងថា ក្នុង​ខេត្ត​សៀមរាប​ជារឿយៗ​វត្ថុអនុស្សាវរីយ៍​មួយចំនួន​​ត្រូវ​បាន​នាំចូល​ពី​ក្រៅប្រទេស​ ដោយសារតែមានតម្លៃថោកជាង។

ពាក់ព័ន្ធ​គោលនយោបាយ​គាំទ្រ​សហគ្រាស​ក្នុងស្រុក សម្តេច​ធិបតី​បាន​ដាក់ចេញ​យន្តការគាំទ្ររបស់​រដ្ឋ​ទៅលើ​ផលិតផល​អាទិភាព​មួយ​ចំនួន ជំនួសឱ្យការជំរុញ​ផលិតផល​រាប់រយមុខក្នុងពេលតែមួយ។

សម្តេច​បាន​លើក​ពីផលិតផល​អាទិភាព​ចំនួន ៥ មុខ ដែល​មាន​ដូចជា ទឹកដោះគោ មី និង​ស្ករស ជាដើម​ដើម្បីផ្តល់​ការ​គាំទ្រ និង​ពង្រឹង​ឱ្យ​បាន​រឹងមាំ​។

ជាក់ស្តែង ​ទីផ្សារ​ទឹកដោះ​គោស្រស់​ក្នុងស្រុក​ បច្ចុប្បន្ន​អាចផ្គត់ផ្គង់​បាន​ត្រឹមតែ ២០% នៃ​តម្រូវការ​ប៉ុណ្ណោះ​។ ដោយ​មើល​ឃើញ​ពី​ទីផ្សារ និង​កង្វះខាត ៨០% ទៀត​ រដ្ឋ​បាន​ចេញ​គោលការណ៍​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​ដែល​វិនិយោគក្នុង​វិស័យ​ទឹកដោះគោ ដើម្បី​បង្កើន​សមត្ថភាព​ផលិតបន្ថែមទៀត។

សម្តេច​ថា «រដ្ឋ​បាន​ផ្តល់​ដី​ដោយ​មិន​យកពន្ធសម្រាប់​ដាំ​ស្មៅ​ឲ្យ​គោ​ស៊ី រួម​ទាំង​ផ្តល់​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប ដែល​នេះ​ជា​រូបមន្ត​ជួយ​គ្នា​រវាង​រដ្ឋ​និង​វិស័យ​ឯកជន ដើម្បី​ធានា​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​អាច​ពង្រីក​ការ​ផលិត​ឲ្យ​បាន​គ្រប់គ្រាន់ ​និងធានា​​គុណភាព ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កុំ​ឲ្យ​ខ្វះខាត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម