Connect with us

ព័ត៌មានជាតិ

ទូត​ជប៉ុន​ថា​ជោគជ័យ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា​នៅ​កម្ពុជា​បង្ហាញ​ពិភព​លោក​ថា ​កម្ពុជា​នៅ​តែ​ជា​គោល​ដៅ​វិនិយោគ​ដែល​មាន​សុវត្ថិភាព

បានផុស

នៅ

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក អ៊ូអិណុ អាត់ស៊ូស៊ី បាន​លើក​ឡើង​ការ​បើក​ដំណើរ​ការ​ខ្សែ​ច្រវាក់​ផលិត​កម្ម​ដំឡើង​រថយន្ត​ថ្មី​របស់​តូយ៉ូតា​នៅ​កម្ពុជា​ គឺ​ជា​សារ​មួយ​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ថា​ កម្ពុជា​នៅ​តែ​ជា​គោលដៅ​វិនិយោគ​ដែល​មាន​សក្ដានុពល​ និង​មាន​សុវត្ថិភាព បើ​ទោះ​បី​ប្រឈម​មុខ​នឹង​ស្រមោល​អវិជ្ជមាន​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បរទេស​​​​មាន​ការ​សង្ស័យ​លើ​ប្រទេស​នេះ​ក្ដី​។ អនុប្រធាន​ទី១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ជប៉ុន​ចំពោះ​ការ​ជឿ​ទុកចិត្ត​មួយ​នេះ​ និង​សង្ឃឹម​ថា​អ្នក​វិនិយោគ​បរទេស​ផ្សេង​ទៀត​នឹង​ផ្ដល់​គំនិត​វិជ្ជមាន​លើ​កម្ពុជា​កាន់​តែ​ច្រើន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ដាក់​ដំណើរ​ការ​ការ​ផ្គុំ​ និង​ដំឡើង​រថយន្ត Toyota ម៉ូដែល​ថ្មី​នៅ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៦ នៅ​រោងចក្រ​តូយូតា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ លោក អ៊ូអីណុ អាត់ស៊ូស៊ី មាន​ប្រសាសន៍​ថា បញ្ហា​ព្រំដែន​ជា​មួយ​ថៃ និង​បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ដែល​កើត​ឡើង​ក្នុង​ឆ្នាំ​២០២៥ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បរទេស​មួយ​ចំនួន​ចាប់​ផ្ដើម​សម្លឹង​មើល​កម្ពុជា​ក្នុង​កែវ​ភ្នែក​សង្ស័យ​ ដែល​បាន​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​ពួកគេ​។ តែ​សម្រាប់​ជប៉ុន​នៅ​តែ​បង្ហាញ​ការ​ទុក​ចិត្ត​លើ​ប្រទេស​នេះ​ ហើយ​លទ្ធផល​នៃ​ការ​ទុក​ចិត្ត​នេះ​បាន​បង្ហាញ​នៅ​ថ្ងៃ​ដែល​ក្រុមហ៊ុន​តូយូតា បង្កើន​ខ្សែច្រវ៉ាក់​ផលិតកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ពេល​នេះ​។

លោក​ថា៖ «នៅ​ក្នុង​បរិបទ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ទំនុក​ចិត្ត​របស់​វិនិយោគិន ការ​ពិត​ដែល​ថា Toyota​ ដែល​ជា​ម៉ាក​យី​ហោ​ឈាន​មុខ​គេ​របស់​ជប៉ុន កំពុង​ដំណើរ​ការ​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ទាំង​ផ្នែក​លក់​រថយន្ត និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ នឹង​ជួយ​យ៉ាង​ច្រើន​ក្នុង​ការ​លើក​កម្ពស់​មុខ​មាត់​របស់​ប្រទេស​កម្ពុជា​ជា​គោលដៅ​វិនិយោគ»


​​​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​នៅ​តែ​បន្ត​គាំទ្រ​ដល់​ការ​វិនិយោគ​ពី​ជប៉ុន​មក​កាន់​កម្ពុជា​បន្ថែម​ទៀត និង​សង្ឃឹម​ថា​ រថយន្ត​ដែល​ធ្វើ​នៅ​កម្ពុជា​ចេញ​ពី​រោង​ចក្រ​តូយូតា​នឹង​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​ប្រជាជន​កម្ពុជា​ ហើយ​នឹង​គាំទ្រ​ដល់​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត។

​អនុប្រធានទី១​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​អំណរ​គុណ​ជប៉ុន​ចំពោះ​ការ​ជំរុញ​ការទូត​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា និង​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ផែន​ការ​ជា​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត ដោះស្រាយ​បញ្ហា​ថាមពល និង​ការ​លំបាក​របស់​អ្នក​វិនិយោគ​ ជា​ពិសេស​គឺ​ប្ដេជ្ញា​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ឱ្យ​អស់​ចេញពី​ប្រទេស​។


លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «នេះ​គាត់​ជោគជ័យ ហើយ​ខ្ញុំ​សង្ឃឹម​ថា​តូយ៉ូតា​នឹង​អាច​ជួយ​ផ្សព្វផ្សាយ​ទៅ​ក្រុម​ហ៊ុន​ជប៉ុន​ផ្សេងៗ​ទៀត​ឱ្យ​មក​ដាក់​ទុន​នៅ​កម្ពុជា​យើង ទី២​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ក្រៅ​ពី​តូយូតា​ទាំង​ក្រុម​ហ៊ុន​ចិន ក្រុម​ហ៊ុន​កូរ៉េ ក្រុមហ៊ុន​អាគាំង ក្រុមហ៊ុន​អឺរ៉ុប​ទាំង​អស់ ពេល​គេ​ឃើញ​សារព័ត៌មាន​នេះ​ថា​តូយូតា​ដែល​ឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​បាន​ដាក់​ទុន​នៅ​កម្ពុជា​ហើយ​បាន​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​គាត់​ថែម​ទៀត​! នេះ​ហើយ​គាំទ្រ​ឱ្យ​យើង​ខ្ញុំ​មាន​លទ្ធភាព​ទាក់ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា​ផង​ដែរ»។

​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជប៉ុន​នៅ​ឆ្នាំ​២០២៥​មាន​ទំហំ​ប្រមាណ​ ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​១៧%​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ដោយ​ឡែក​សម្រាប់​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​ក្នុង​​ឆ្នាំ​២០២៥ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៦៣០​គ្រោង កើន​ពី​៤២៤​គម្រោង​ក្នុង​ឆ្នាំ​២០២៤​ ដែល​មាន​ទុន​ប្រមាណ​១០ពាន់លានដុល្លារ​អាមេរិក​៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម