Connect with us

ព័ត៌មានជាតិ

បុរាណដ្ឋាននៅតំបន់អង្គររកឃើញមានជាង ១ ម៉ឺនទីតាំង មានទាំង ប្រាសាទ ស្ពាន និង​ភូមិករ​បុរាណ

បានផុស

នៅ

នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ ៤០១ គីឡូម៉ែត្រ​ការ៉េ អាជ្ញាធរ​បាន​ស្រាវជ្រាវ​រក​ឃើញ​បុរាណដ្ឋានប្រមាណ​ ១០ ១៨៨ ទីតាំង។ បុរាណ​ទាំងនោះ​មាន​ប្រាសាទ ស្ពាន ផ្លូវ គោក (ភូមិករ) និង​ត្រពាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យិត ចាន់ដារដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ពន្យល់​​ពី​បុរាណដ្ឋាន​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។

អ្វីទៅជាបុរាណដ្ឋាន ?

បុរាណដ្ឋានសំដៅលើទីតាំង ឬស្ថានីយបុរាណ ដែលជាមរតក ឬស្នាដៃ ឬ សមិទ្ធផល​របស់​បុព្វបុរសក្នុង​សម័យអតីតកាល ដែល​បាន​បន្សល់ទុកមកដល់បច្ចុប្បន្ន ដូចជា​ទីតាំង​គោរព បូជា​សាសនា ទីតាំង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈសង្គម ទីតាំង​មនុស្ស​រស់នៅ ទីតាំង​ផលិតវត្ថុ​ប្រើប្រាស់ ទីតាំង​បញ្ចុះសព និងទីតាំងផលិតផលកសិកម្ម​ជាដើម។

ស្លាក​ស្នាមស្តីពី​សំណល់​មនុស្ស​រស់នៅ សកម្មភាព​មនុស្ស និង​ស្នាដៃ​មនុស្សក្នុង​សម័យ​អតីតកាល​ជា​ភស្តុតាង​​ជាក់​ស្តែង ឬ ជា​ព័ត៌មាន​ដ៏​សំខាន់​ដែល​បាន​ចារឹក ឬ​កត់ត្រានូវប្រវត្តិនៃ​ការ​វិវត្ត​សង្គម ជីវភាព​មនុស្ស សង្គម​សេដ្ឋកិច្ច ទំនៀមទម្លាប់ ប្រពៃណី សាសនា និង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម។

ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​បុរាណ សំដៅ​ទៅ​លើ​សំណល់​ស្លាកស្នាមដែល​មាន​នៅសល់ដល់​ពេល​បច្ចុប្បន្ន​ដូចជា ប្រាសាទ​ មន្ទីរពេទ្យ សាលា​សំណាក់ ភូមិ​បុរាណ ខ្សែ​ផ្លូវ ស្ពាន ប្រព័ន្ធ​ទឹក (ទំនប់​/ប្រឡាយ) សំណង់​រក្សាទឹក​បុរាណ (កញ្ជន់ ខ្នារ ត្រពាំង ស្រះ ល្បើក រហាល បារាយណ៍ រលំ ឆោក បឹងបុរាណ អាង គូ អណ្តូង)។

​មន្រ្តីអាជ្ញាធរជាតិអប្សរា​បាន​បែងចែកបុរាណដ្ឋាននៅតំបន់អង្គរ​មាន​ដូចជា​៖

១. ប្រាសាទ

ជាទូទៅសំណង់ប្រាសាទខ្មែរបុរាណភាគច្រើន​សាងឡើង​ដោយ​សម្ភារៈ ថ្ម​ភក់ ថ្ម​បាយ​ក្រៀម ឈើ និង​ឥដ្ឋ (ដី​ឥដ្ឋ និង​ខ្សាច់) ដែល​មាន ឬ​គ្មាន​កំពែង កសិន្ធុ​ព័ទ្ធ​ជុំវិញ និង​មាន​ទឹក​នៅ​ខាង​មុខ ដូចជា ​រហាល ឬស្រះ​ទឹក ទន្លេអុំ និង​បារាយណ៍។ ឧទាហរណ៍៖ ដូចជា​ប្រាសាទ​ធំ (កោះកេរ) ប្រាសាទ​ព្រះខ័ន ប្រាសាទ​បន្ទាយក្តី ប្រាសាទ​ចៅស្រីវិបុល ប្រាសាទ​ភ្នំជីសូរ្យ ប្រាសាទ​បន្ទាយឆ្មារ​ជាដើម។

ក្រៅពី​នោះក៏មានប្រាសាទមួយចំនួន ដែលសង់ឡើងបែរមុខទៅទិសខាងលិច (ប្រាសាទអង្គរវត្ត ប្រាសាទ​វត្តអធ្វា)។ ប្រាសាទខ្លះសង់បែរមុខទៅទិសខាងជើង (ប្រាសាទព្រះវិហារ)។ រីឯ ប្រាសាទ​មួយ​ចំនួន​ទៀត​កសាងឡើង​ដោយគ្មាន​កសិន្ទព័ទ្ធ​ជុំវិញ (ប្រាសាទ​ចៅសាយទេវតា ប្រាសាទ​ធម្មនន្ធ​ជា​ដើម) ហើយប្រាសាទខ្លះទៀត​គឺ​មានស្រះទឹក បារាយណ៍ ឬរហាល នៅពីខាងជើង​ក៏មាន​ដូចជា​ប្រាសាទ​បន្ទាយស្រី ប្រាសាទ​បឹង ប្រាសាទ​គោក​ប៉ាទ្រី ប្រាសាទ​រាជ​ជន្ទល់ ប្រាសាទ​ភិមាន​អាកាស​ជាដើម។

២. ផ្លូវបុរាណ

ស្លាកស្នាម​ផ្លូវ​បុរាណ គឺជា​ភស្តុតាយ៉ាង​សំខាន់​សម្រាប់បង្ហាញឱ្យឃើញថាចក្រភពខ្មែរ ពិតជា​មាន​ភាព​រីកចម្រើន​ខ្លាំងមែន ហើយ​ផ្លូវត្រូវបានចែកជា ២ ប្រភេទ គឺ​មួយ ផ្លូវធំៗទាំងប្រាំ​ដែល​មាន​ភ្ជាប់ពី​ក្រុងអង្គរ​ទៅក្រុងរណបផ្សេងៗដូចជាទៅវត្តភូ (ប្រទេស​ឡាវបច្ចុប្បន្ន) ដែល​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នាខ្វែងខ្វាត់។

ផ្លូវ​ទាំង​ពី​ប្រភេទ​នេះ ធ្វើអំពី​ដី​លើក​បង្ហាប់​ជា​ស្រទាប់ៗ​ខ្ពស់​ផុត​ពី​ដី​ធម្មជាតិ ដើម្បីការពារទឹកលិច​នៅ​រដូវវស្សា អាច​មាន​ប្រឡាយ​នៅ​សង្ខាង​ផ្លូវ ឬនៅ​ម្ខាង​ផ្លូវ​ទៅតាម​ភាព​ចាំបាច់​របស់​ស្ថានដី ងាយ​សម្គាល់​ដោយសារ​មានទិសដៅ​ភ្ជាប់ពី​ទីតាំង​មួយ​ទៅមួយ ហើយ​ស្ទើរតែ​គ្រប់​ផ្លូវ​ទាំងអស់​បាន​កត់​ត្រា​នៅ​ក្នុង​ផែនទី​បុរាណដ្ឋាន​។

៣. ទំនប់បុរាណ

ទំនប់បុរាណ ត្រូវបានសាងសង់ឡើងដើម្បីទប់ទឹកឬពង្វៀង​ទឹកដើម្បី​ការពារទឹកជំនន់ ឬ​បង្វែរ​ទិស​ទឹក ឬ ការពារ​តំបន់​ណាមួយ ហើយក៏​អាចប្រើប្រាស់​ជា​ផ្លូវដែរ។ ការសាងសឹងទំនប់បុរាណ​ធ្វើអំពី​ដី​បង្ហាប់​ជាស្រទាប់ៗដូចផ្លូវបុរាណដែរ។

៤.ប្រព័ន្ធផ្លូវទឹកបុរាណ

ព្រែកជីក ប្រឡាយ ទំនប់៖ ជាប្រព័ន្ធផ្លូវទឹក​ដ៏សំខាន់ ដែល​តភ្ជាប់ពីស្រុក​មួយទៅ​ស្រុកមួយ សម្រាប់​ដឹក​ជញ្ជូន​ទំនិញ សម្ភារៈ​សំណង់​ប្រាសាទ ប្រព័ន្ធ​បញ្ចូល​ទឹក​សម្រាប់​កសិកម្ម រំដោះ​ទឹកជំនន់ ស្ទាក់​ទឹក និង​ការពារការលិចលង់។ ឧទាហរណ៍ ប្រឡាយបុរាណចេញ​ពីរាជធានីអម្រិន្ទបុរៈ (តំបន់​បារាយណ៍​ទឹកថ្លា) ទៅ​ហរិហរាល័យ (តំបន់​រលួស) និង​ទៅកាន់​ឦសាន​បុរៈ (កំពង់ធំ) និង​ព្រែក​ស្រមោច​ជាដើម។

ប្រឡាយនេះ ចាស់បុរាណបានដឹកដីលើក​ពូន​ជា​សំណង់​ទំនប់​នៅ​សង្ខាង ហើយ​ប្រឡាយ​ខ្លះ​មាន​តែ​ទំនប់​ម្ខាង​ទេ។ រចនាសម្ព័ន្ធខ្នងទំនប់នេះត្រូវបានប្រើប្រាស់ជាផ្លូវផង​ដែរ។

៥. សំណងរក្សាទឹកបុរាណ

បារាយណ៍​ជា​ប្រភេទ​សំណង់​រក្សា​ទឹក​ដ៏​ធំ​ដែល​ចាស់​បុរាណ​បាន​លើក​ពូន​ជា​សំណង់​ទំនប់​រាង​បួន​ជ្រុង ហើយ​បារាយណ៍ត្រូវបានសាងសង់​សម្រាប់ផ្ទុកទឹក​រាប់លានម៉ែត្រគូប។

កញ្ជន់ ខ្នារ ត្រពាំង ស្រះ ល្បើក រហាល រលំ ឆោក អាង វាល ឃូ អណ្តូង។ សំណង់រក្សាទឹកនៅ​តំបន់​អង្គរ ភាគច្រើន​លើក​ដី​ពូន ឬជីកពូន​ធ្វើជាសំណង់ទំនប់ព័ទ្ធជុំវិញ​ទៅតាម​ស្ថានភាព​សណ្ឋាន​ដី។

សំណង់ទឹកខ្លះមានរចនាសម្ព័ន្ធ​ជា​ពីរ បី និង​បួនជ្រុង។ សំណង់រក្សា​ទឹកទាំងនេះ គឺជាភស្តុតាង​យ៉ាង​សំខាន់ ដែលបង្ហាញឱ្យឃើញ​ពីការរៀបចំ​សហគមន៍​នីមួយៗ​ដែលរស់នៅជុំវិញ​នោះ ហើយ​ក៏ជា​ភស្តុតាង​ដ៏សំខាន់នៃ​ការបង្ហាញឱ្យឃើញតំបន់ជាយក្រុងអង្គរនាសម័យចក្រភពខ្មែរផងដែរ។

៦.គោកចាស់ ឬ ភូមិករបុរាណ

ជាទីតាំងមនុស្ស​រស់នៅ​នា​សម័យបុរាណ ដែលម​នុស្សបានបង្កើត​រចនាសម្ព័ន្ធ​ភូមិករ ដោយ​ជីក​ដី​លើក​ពូន​ដីឱ្យខ្ពស់ផុត​ពីទឹក​សម្រាប់សង់​លំនៅដ្ឋាន។ ភូមិករមានរចនាសម្ព័ន្ធភ្ជាប់​មកជាមួយ​សំណង់ទឹក​បុរាណ​។

៧.ឧស្សាហកម្មបុរាណដ្ឋាន

ទីតាំង​ឡស្លដែក​ច្រើនស្ថិត​នៅទិសពាយ័ព្យ ទិសខាងជើង និងឦសាន​តំបន់អង្គរ ហើយ​ស្ថិត​នៅជិត ប្រភព​រ៉ែដែក។ ទីតាំងនេះ​ជាកន្លែងផលិតដែក សម្រាប់​ផលិតឧបករណ៍​កសិកម្ម ឧបករណ៍​ប្រមាញ់ ឧបករណ៍​សាងសង់ (ប្រាសាទ) ព្រម​ទាំងអាវុធ។

ទីតាំង​យក​ដីឥដ្ឋមក​ផលិត​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា​ក្អម ឆ្នាំង ចាន ខួច​ ជាដើម​។ ដូចជា ឡ​ផលិត​កុលាលភាជន៍ស្ថិតនៅជុំវិញ​តំបន់​អង្គរ ជាពិសេស​នៅតាម​ជើងនិង​លើភ្នំគូលែន និង​ទ័ពជ័យ​ជា​ដើម។ ទីតាំងនេះ​ជាឡផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា ក្បឿង ក្អម ឆ្នាំង ចាន ខួច។

៨.បុរាណដ្ឋានធនធានរ៉ែ

កាដ្ឋាន​យក​ថ្មភក់ ថ្មបាយក្រៀម សម្រាប់​សាង​ប្រាសាទ ស្ពាន ថ្នល់ និង​សំណង់​ផ្សេងៗ។ ការដ្ឋាន​យកលោហៈ​ធាតុ​សម្រាប់ផលិត​ឧបករណ៍​កសិកម្ម ឧបករណ៍​ប្រមាញ់ ឧបករណ៍​សាងសង់ ប្រាសាទ ព្រម​ទាំង​អាវុធ​៕

បន្ត​ចុចអាំន៖ ឯកសារ​បង្ហាញ​ថា​ ជុំវិញ​​ឧទ្យាន​អង្គរ​មាន​ប្រាសាទ​​ជិត ១០០ សម្រាប់​ភ្ញៀវ​ទស្សនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម