Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា កំពុងដឹកជញ្ជូនថ្មបាយក្រៀម និង ថ្មភក់ យកទៅជួសជុលកាំជណ្តើរផ្នែកខាងលិចរបស់​ប្រាសាទនាគព័ន្ធ

បានផុស

នៅ

ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកដឹកជញ្ជូនថ្មបាយក្រៀម និង ថ្មភក់ ដែល ១ ដុំៗ មានទម្ងន់ពី ៥០០ ទៅ ៦០០ គីឡូក្រាម ដើម្បីយកទៅត្រៀមរៀបចំជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី ២ ដែលខូចខាតជាយូរមកហើយ ឱ្យប្រសើរឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិត ស្រេង បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កម្លាំងកម្មករជាង ១២ នាក់ កំពុងតែទទួលខុសត្រូវលើការងារដឹកជញ្ជូនថ្មបាយក្រៀម និង ថ្មភក់ មកកាន់ប្រាសាទនាគព័ន្ធ។ លោកបន្តទៀតថា មធ្យោបាយចម្បងៗ ដែលប្រើប្រាស់ក្នុងការដឹកជញ្ជូនថ្ម មានការដឹកជញ្ជូនតាមផ្លូវទឹក ដោយប្រើទូកចំនួនពីរគ្រឿងចងភ្ជាប់គ្នា ទៅដឹកថ្មពីដីគោកចម្ងាយប្រហែល ៤០០ ម៉ែត្រ សំដៅទៅការដ្ឋាន ដោយមួយជើងៗ ចំណុះទូកអាចផ្ទុកទម្ងន់បានចាប់ពី ១ តោន ហើយអុំបណ្តែតតាមទឹកបារាយណ៍ រួចហើយប្រើឧបករណ៍កៅឡាក់លើកដាក់លើរន្ទា លើកថ្មឡើងមកលើគោក និង រុញថ្មទាំងនោះ ចូលទីតាំងដែលត្រូវការ។ ចំណែកមធ្យោបាយដឹកជញ្ជូនដំណាក់កាលទី ២ គឺលើកថ្មដាក់លើរទេះរុញ ហើយអូសដោយកម្លាំងមនុស្ស។ ការដឹកជញ្ជូនថ្មដំណាក់កាលទី ២ នេះ មានរយៈចម្ងាយប្រមាណ ៣០០ ម៉ែត្រ ពីកំពង់ទឹកទៅដល់ការដ្ឋាន។

លោក អ៊ិត ស្រេង បញ្ជាក់ថា ការជញ្ជូនថ្មនេះ មានការលំបាកច្រើន ដោយត្រូវអត់ធ្មត់ និង រួបរួមគ្នា ទើបអាចធ្វើការងារនេះបាន ហើយអ្នកទាំងអស់ ត្រូវមានបច្ចេកទេស នៃការអូស ឬ យកថ្មឱ្យទៅដល់ទីកន្លែងជួសជុល។ ក្រុមការងារជួសជុលកាំជណ្តើរ ផ្នែកខាងលិចរបស់ប្រាសាទនាគព័ន្ធ បានប្រើប្រាស់កម្លាំងកម្មករចំនួន ១២ នាក់ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនថ្មនេះ។ ក្នុង ១ ថ្ងៃៗ ក្រុមការងារ អាចជញ្ជូនថ្មបានចំនួន ៨ ដុំ។

ការដឹកជញ្ជូនថ្មដ៏លំបាកនេះ បានចាប់ផ្ដើមតាំងពីកណ្ដាលខែឧសភា ឆ្នាំ ២០២៦ រហូតមកដល់ពេលនេះ កម្លាំងការងារ បានដឹកជញ្ជូនថ្មចំនួន ៥០ ដុំ ហើយអាចចំណាយពេលជាង ២ ខែ ទើបអាចនាំថ្មគ្រប់ចំនួនសម្រាប់ប្រើប្រាស់តាមតម្រូវការជួសជុល។ បុគ្គលិកគ្រប់គ្រងការដ្ឋានជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ឱ្យដឹងថា ការជញ្ជូនថ្មដ៏លំបាកនេះ ត្រូវអត់ធ្មត់ រួបរួមគ្នាទើបអាចធ្វើការងារនេះបាន ហើយអ្នកទាំងអស់ ត្រូវមានបច្ចេកទេស នៃការអូស ឬ យកថ្មទៅដល់ទីកន្លែងជួសជុល ព្រោះវាមានទម្ងន់ធ្ងន់ចាប់ពីរយគីឡូក្រាម រហូតដល់រាប់តោន ទាមទារការប្រើប្រាស់បច្ចេកទេសខ្ពស់កុំឱ្យខូចខាត ឬ ប៉ះពាល់ថ្ម៕
អត្ថបទ ៖ អាជ្ញាធរជាតិអប្សរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម