Connect with us

ព័ត៌មានជាតិ

សត្វទោចមកុដក្នុងព្រៃអង្គរ កើតបានកូន ១ ក្បាល បន្ថែមទៀត

បានផុស

នៅ

សត្វទោចមកុដក្នុងព្រៃអង្គរ បានកើតកូន ១ ក្បាលទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដ មានចំនួនសរុប ១៥ ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វទោចមកុដក្នុងព្រៃអង្គរ បានផ្តល់កំណើតកូនតូច ១ ក្បាលទៀត នៅអំឡុងខែឧសភា និង ត្រូវបានក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា និង អង្គការដៃគូ ដាក់ឈ្មោះឱ្យថា «រៃ»។

អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះរបស់អាជ្ញាធរជាតិអប្សរា លោក និក ម៉ាក បានបង្ហាញអារម្មណ៍រីករាយឥតឧបមា ដែលវត្តមានសត្វទោចមកុដ ១ ក្បាលទៀត បានរស់រាននៅក្នុងព្រៃអង្គរ។ លោក រំឭកថា អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាននាំយកសត្វទោចនេះមកលែងនៅក្នុងឧទ្យានអង្គរនាឆ្នាំ ២០១៣។ ជាបន្តបន្ទាប់ គម្រោងនេះបាននាំយកទោចមកុដចំនួន ៤ គូ ឬ ៤ គ្រួសារ មកលែងនៅតាមទីតាំងផ្សេងៗ ឆ្ងាយពីគ្នា ក្នុងព្រៃអង្គរ ហើយបច្ចុប្បន្នទោចទាំងនោះ បង្កើតកូនបានចំនួន ៧ ក្បាល រួចហើយ។ សរុបវត្តមានសត្វទោចទាំងអស់ ដែលកំពុងរស់នៅក្នុងឧទ្យានមានចំនួន ១៥ ក្បាល។

ទាក់ទងនឹងវត្តមានកូនទោចថ្មីឈ្មោះ រៃ នេះ លោក និក ម៉ាក បានបញ្ជាក់ថា ឪពុករបស់វាឈ្មោះ បារាយណ៍ ម្តាយឈ្មោះ សារ៉ានិច ដែលធ្លាប់មានកូនចំនួន ២ ក្បាល រួចមកហើយ គឺ កូនទី១.ឈ្មោះ កន្ទេះឡង់ និង កូនទី២.ឈ្មោះ ក្តាមទូក។

លោក មឿន សារិន្ទ ដែលជាអ្នកថែទាំ និង ដាក់ចំណីឱ្យសត្វទោចមកុដក្នុងព្រៃអង្គរ បានឱ្យដឹងថា ក្នុងមួយថ្ងៃ លោក និង កូនប្រុស ត្រូវដើរដាក់ចំណីចំនួន ២ ដង គឺ នៅពេលព្រឹក និង រសៀល។ ក្រៅពីដាក់ចំណី លោកក៏ត្រូវតាមដានពីសុខទុក្ខរបស់សត្វទាំងនោះផងដែរ ដូចជា កន្លែងរស់នៅ ឥរិយាបថរបស់ពួកវា និង ពិនិត្យក្រែងវាមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ បុគ្គលិកអាជ្ញាធរជាតិអប្សរារូបនេះ បញ្ជាក់ថា អាហារដែលសត្វទោចហូបជាប្រចាំមានផ្លែឈើចម្រុះដូចជា ចេក សាវម៉ាវ ល្ហុង និង ផ្លែឈើតាមរដូវកាល។ ហើយការដាក់ចំណីត្រូវចងដាក់លើក្តារទាញទៅលើឱ្យខ្ពស់បន្តិច បង្ការកុំឱ្យសត្វទោចចុះដី ខ្លាចសត្វឆ្កែខាំវា។

ក្នុងនាមជាអ្នកអភិរក្សសត្វព្រៃមួយរូប លោក និក ម៉ាក អំពាវនាវដល់សាធារណជនទាំងអស់ សូមកុំឱ្យចំណី និង លេងជាមួយសត្វព្រៃ ដោយទុកឱ្យវារស់នៅដោយរបៀបរបស់វា។ លោក និក ម៉ាក ក៏មិនគាំទ្រដែរចំពោះបុគ្គលខ្លះដែលនាំសត្វព្រៃមកចិញ្ចឹមនៅតាមផ្ទះ ដែលលោកយល់ថា កំពុងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និង ផ្លាស់ប្តូរធម្មជាតិរបស់សត្វ៕
អត្ថបទ ៖ អាជ្ញាធរជាតិអប្សរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម