Connect with us

ព័ត៌មានជាតិ

ការប្រឡងឌីប្លូមថ្ងៃទី១នៅមណ្ឌលភ្នំពេញ បេក្ខជនអវត្តមានជាង២០០នាក់ ខណៈដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន

បានផុស

នៅ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅរាជធានីភ្នំពេញចំថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ ដែលជាថ្ងៃទី១នៃការប្រឡង មានបេក្ខជនអវត្តមានជាង ២០០នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងជាង ១៨,០០០នាក់ ខណៈដំណើរការប្រឡងនៅតាមមណ្ឌលទាំងអស់ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងគោរពតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងកាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ថា ឆ្នាំនេះ រាជធានីភ្នំពេញមានបេក្ខជនដាក់ពាក្យប្រឡងសរុប ១៨,៣៨៩នាក់ ក្នុងនោះស្រី ៩,៤១២នាក់ ចែកជា ៦៥មណ្ឌលប្រឡង និង ៧៦៧បន្ទប់ប្រឡង។ ក្នុងថ្ងៃទី១ មានបេក្ខជនចូលរួមប្រឡងចំនួន ១៨,១៧៨នាក់ ក្នុងនោះស្រី ៩,៣៣០នាក់ មានន័យថា បេក្ខជនអវត្តមានសរុប ២១១នាក់ ក្នុងនោះស្រី ៨២នាក់ ស្មើនឹងអត្រាអវត្តមាន ១,១៤ភាគរយ និង ០,៧៦ភាគរយសម្រាប់បេក្ខជនស្រី។

លោក ហែម ស៊ីណារ៉េត

លោកបន្តថា បើប្រៀបធៀបនឹងឆ្នាំសិក្សា ២០២៤-២០២៥ ចំនួនបេក្ខជនដាក់ពាក្យប្រឡងឆ្នាំនេះមានការកើនឡើង។ កាលពីឆ្នាំមុន មានបេក្ខជនដាក់ពាក្យប្រឡងសរុប ១៧,៦៦៥នាក់ ក្នុងនោះស្រី ៨,៩៣៥នាក់ ចែកជា ៦៥មណ្ឌល និង ៧៤៣បន្ទប់ប្រឡង ខណៈបេក្ខជនមកប្រឡងមានចំនួន ១៧,៣៧៩នាក់។

សម្រាប់ថ្ងៃទី១ បេក្ខជនបានប្រឡងលើមុខវិជ្ជាសរុប ១០មុខវិជ្ជា ស្មើនឹង ១១វិញ្ញាសា រួមមាន តែងសេចក្តី គីមីវិទ្យា ផែនដី និងបរិស្ថានវិទ្យា រូបវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា គណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស។

លោក ហែម ស៊ីណារ៉េត បញ្ជាក់ថា ដំណើរការប្រឡងនៅតាមមណ្ឌលទាំង ៦៥ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ប្រកបដោយភាពស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ និងអនុវត្តបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក្រសួងអប់រំបន្តប្រគល់សិទ្ធិ និងការទទួលខុសត្រូវជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗ ក្នុងការរៀបចំវិញ្ញាសា ដំណើរការប្រឡង ការកែវិញ្ញាសា ស្រង់ និងបូកពិន្ទុ ព្រមទាំងការប្រកាសលទ្ធផល។ គ្រឹះស្ថាននីមួយៗត្រូវប្រើប្រាស់បុគ្គលិកអប់រំរបស់ខ្លួនធ្វើជាមេប្រយោគ ខណៈមន្ទីរអប់រំមានភារកិច្ចបញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យតាមមណ្ឌលប្រឡងនៅពេលចាំបាច់ និងចេញវិញ្ញាបនបត្របណ្តោះអាសន្នជូនបេក្ខជនដែលប្រឡងជាប់។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី៦ និងទី៧ ខែកក្កដា ឆ្នាំ២០២៦ ហើយគ្រោងប្រកាសលទ្ធផលនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ កាលប្រឡងឆ្នាំមុន នៅរាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់ចំនួន ១៥,៧៥៧នាក់ ក្នុងនោះស្រី ៨,២៣២នាក់ ស្មើនឹងអត្រាជាប់ ៩០,៦៧ភាគរយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម