Connect with us

ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការវិនិយោគ

បានផុស

នៅ

កម្ពុជា និងជប៉ុនបានបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្តុះបណ្តាលគ្រូ ការអភិវឌ្ឍធនធានមនុស្ស វិស័យឯកជន ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ នេះ បើតាមការផ្សព្វផ្សាយរបស់ទំព័រហ្វសប៊ុកក្រសួងអប់រំ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ ធ្វើឡើងនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាស បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារ និងពិសាអាហារពេលល្ងាចជាមួយលោកស្រី KUNIMITSU Ayano អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក្នុងឱកាសដែលរដ្ឋមន្ត្រីក្រសួងអប់រំ បំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបនោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា និងស្នើបង្កើត «Japan Desk» ដើម្បីបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួល និងគាំទ្រកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំ ព្រមទាំងនិស្សិតជប៉ុន។

បើតាមក្រសួងអប់រំ ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ ភាគីកម្ពុជាបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព បង្កើនទំនុកចិត្តរបស់វិនិយោគិន និងលើកកម្ពស់កិត្តិយស និងភាពជឿជាក់របស់កម្ពុជានៅលើឆាកអន្តរជាតិ»។

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានគាំទ្រកម្ពុជាក្នុងការស្វែងរកសន្តិភាព ការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍធនធានមនុស្សអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបណ្ឌិត បានគូសបញ្ជាក់ថា សន្តិភាពបានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា និងការទាក់ទាញវិនិយោគពីជប៉ុន និងប្រទេសជាដៃគូផ្សេងៗ ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជំនួបបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល ដោយភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងឈានទៅកម្រិតខ្ពស់ថ្មី ដើម្បីផលប្រយោជន៍រួម និងវិបុលភាពរបស់ប្រជាជន ប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម