ព័ត៌មានជាតិ
ការអប់រំ និងជំនាញឌីជីថល ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថាការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍប្រទេសជាតិ និងវឌ្ឍនភាពសង្គមហេតុនេះហើយទើបរាជរដ្ឋាភិបាលបានជំរុញប្រជាពលរដ្ឋឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងគុណភាពធនធានមនុស្សក្នុងការធ្វើទំនើបកម្មឌីជីថលលើគ្រប់វិស័យ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនៃ សាលារៀន ហេរីងតុន អន្តរជាតិ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក បណ្ឌិតសភាចារ្យ បានបន្តថា ក្រៅពីនេះរដ្ឋាភិបាលក៏បានជំរុញឱ្យយុវជនរៀនសូត្រជំនាញថ្មីៗ និងបទពិសោធន៍បន្ថែមទៀត រួមមាន វិទ្យាសាស្ត្រ ទស្សនវិជ្ជា ជំនាញដោះស្រាយបញ្ហា បង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ និងជាពិសេសជំនាញឌីជីថល ដើម្បីឱ្យយុវជនមានភាពរឹងមាំ និងកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត និងមានភាពម្ចាស់ការលើខ្លួនឯងលើគ្រប់វិស័យ។

លោក បណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន បានបន្ថែមថាជាមួយគ្នានេះដែរ ទោះបីកម្ពុជាបានឆ្លងកាត់បទពិសោធន៍ប្រវត្តិសាស្ត្រដ៏ឈឺចាប់ជាច្រើនក៏ដោយ ប៉ុន្តែសន្តិភាពនៅកម្ពុជាបានកើតមានរយៈពេល ២៥ឆ្នាំនេះ ក្រោមការដឹកនាំរបស់ សម្ដេចមហាសេនាធិបតី ហ៊ុន សែន ដែលបានរក្សាបាននូវស្ថិរភាពនេះ និងបង្កើតបរិយាកាសអំណោយផលយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការទាក់ទាញការវិនិយោគ និងការពង្រឹងទំនុកចិត្តរបស់ដៃគូអភិវឌ្ឍន៍អន្តរជាតិ។ តាមរយៈចក្ខុវិស័យនេះ ធ្វើឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ និងធានាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងដំណើរការជាប្រក្រតីភាពនូវសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ ពាណិជ្ជកម្ម និងទំនាក់ទំនងកាន់តែសកម្មថែមទៀត។


លោក បណ្ឌិត សភាចារ្យបានចាត់ទុកការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលារៀនថ្មីនាពេលនេះគឺជាការវិនិយោគដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យកម្ពុជាសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលក្នុងនោះមូលធនមនុស្ស គឺជាកម្លាំងចលករដ៏សំខាន់ឆ្ពោះទៅសម្រេចបានចក្ខុវិស័យនេះ។


លោកបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីការងារប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ដើម្បីផ្ដល់នូវការអប់រំប្រកបដោយគុណភាព ដែលបានចូលរួមចំណែកដ៏សំខាន់ជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែជោគជ័យ ៕ អត្ថបទ៖សំអឿន


-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


